29 C
Phnom Penh

ផ្ទុះ​​​គ្រាប់កាំភ្លើង​​​ត្បាល់មួយ​​​គ្រាប់នៅក្នុងស្រុក​​​បវេល​​​ខេត្ត​​​បាត់ដំបងបណ្តាលឲ្យកុមារ​ពីរ​នាក់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​​បាល​បាន​និយាយ​កាលពីម្សិលមិញ​ថា កុមារពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក​បវេល ​ខេត្ត​បាត់​ដំបង កាលពីថ្ងៃ​សុក្រ នៅ​​​ពេល​គ្រាប់​​កាំភ្លើង​ត្បាល់​មួយគ្រាប់​​ដែល​ពួក​​​គេ​​​​កំពុង​​​​លេង​នោះបាន​ផ្ទុះ​។

លោក ម៉ី គឹម​សាន នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​បវេល បាន​មាន​ប្រសាសន៍​ថា ក្មេង​​​ប្រុស​ឈ្មោះ រឿន រិទ្ធ និង​ក្មេង​ស្រីឈ្មោះ​ ហ៊ុន ណារិន ដែល​មាន​អាយុ​៧​ឆ្នាំ​ដូច​គ្នា បាន​ឃើញ​​​​​​​គ្រាប់​កាំភ្លើង​ត្បាល់កប់​ក្នុង​ដី​នៅ​​ក្នុង​ឃុំ​ខ្នាច​​​​​​​រមាស​ ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅពេល​គ្រាប់​នេះផ្ទុះ​ឡើង​។

លោក​បាន​បន្ថែម​ថា “សាក​សព​របស់​ជន​រង​គ្រោះត្រូវ​បាន​ឆេះរោល​ពេញខ្លួន​”។ លោក​បាន​មាន​ប្រសាសន៍​ថា ជារឿយៗក្មេង​ៗ​តែង​តែ​រត់​លេង​នៅ​ក្នុង​តំបន់​នោះ ដែល​​​​គេ​មាន​គម្រោង​អភិវឌ្ឍជាច្រើន​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​បន្ទាប់​មក​តំបន់​នោះ​ត្រូវ​ទុក​ឲ្យ​នៅទំនេរ​។

លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​ព្យាយាម​ស្វែង​រក​ថា តើ​គ្រាប់កំា​ភ្លើង​ត្បាល់​នេះមានប្រភព​មក​ពីណា​”។ យោង​តាម​មេឃុំ​អូរ​អណ្ដូង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណីដាច់​ដោយ​ឡែក​មួយទៀត​​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កសិករ​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះមីន​ប្រឆាំង​រថក្រោះ​នៅ​ក្នុង​ស្រុក​សាលា​ក្រៅ​កាលពីថ្ងៃ​សុក្រ។

លោកមេឃុំ​ ហ៊ឹង ក្លឿ បានមាន​ប្រសាសន៍​​​​ថា “ ជុំ សុខលី អាយុ​២៩​ឆ្នាំ​កំពុង​​​​ភ្ជួរ​ស្រែ​របស់​គាត់​នៅម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​សុក្រ ស្រាប់​តែ​គាត់បាន​ប៉ះ​មីន​ប្រឆាំង​រថក្រោះ”។ លោក ហុឹង ក្លឿ បាន មាន​ប្រសា​​​​​​សន៍​ថា “អំបែង​គ្រាប់​បាន​ត្រូវ​គាត់​ចំ​កញ្ចឹង​ក​និង​​​ដៃផ្នែកខាងក្រោយ​”។ លោក​បាន​បន្ថែម​ថា កសិករ​រូប​នេះ​ត្រូវ​​​បាន​​​បញ្ជូនទៅ​ព្យាបាល​នៅ​​​​មន្ទីរ​​​​ពេទ្យ​បង្អែក​​ខេត្ត​។

លោក កែវ ពូ អ្នកសម្រប​សម្រួល​មជ្ឈ​មណ្ឌល​​សកម្មភាព​កំចាត់មីនកម្ពុជា​​ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា បន្ទាប់ពី​លោក​​ឮហេតុការ​​​ណ៍​នេះ​លោក​បាន​បញ្ជូន​​​​​​បុគ្គលិក​មួយក្រុម​ឲ្យទៅពិនិត្យ​មើលតំបន់​ដែល​មាន​ឧបទ្ទវហេតុកើត​ឡើងនោះ​។​

លោក​បានមាន​ប្រសាសន៍​ថា “​មន្ត្រី​របស់​​យើង​បាន​រក​ឃើញ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​ប្រាំ​គ្រាប់ទៀត​​”។ លោ ក​បាន​បន្ថែម​ថា រហូត​មក​ទល់ពេល​​នេះនៅ​ឆ្នាំ​នេះ​ មនុស្ស​ប្រាំបី​នាក់​ហើយ​​​បាន​រង​​​​របួស​ដោយសារ​យុទ្ធ​​​ភណ្ឌ​​​មិនទាន់ផ្ទុះនៅ​ក្នុង​ខេត្ត​នេះ​។

យោង​តាម​តួលេខ​របស់មជ្ឈមណ្ឌល​​សកម្មភាព​កំចាត់មីនកម្ពុជា​បង្ហាញ​​​ថា មនុស្ស​​២២​នាក់​បាន​ស្លាប់និង​១១១​នាក់​រង​របួស​ដោយសារគ្រាប់​​​​មីន​ និង​យុទ្​ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កាលពីឆ្នាំមុន​ ។ ចាប់​តាំង​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩មក​ គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​សម្លាប់ប្រជា​ជន​ខ្មែរ​ជាង​១៩.០០០​នាក់​ និង​របួស​ប្រហែល​៤៥.០០០​​​​​​នាក់​”៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស