យោងតាមមេដឹកនាំសហជីព បានឲ្យដឹងថា នៅថ្ងៃនេះ សម្ព័ន្ធសហជីព និងសមាគមសរុបចំនួន១៨ គ្រោងនឹងចាប់ផ្តើមដំណាក់កាលដំបូងនៃកូដកម្មទូទាំងប្រទេស នៅក្នុងវិស័យកាត់ដេរ ដោយបានអំពាវនាវឲ្យកម្មករនៅរោងចក្រប្រហែល១០០ឲ្យធ្វើពហិការមិនធ្វើការងារបន្ថែមម៉ោង។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់កូដកម្មក៏ដោយ មេដឹកនាំសហជីពនានាដែលអះអាងថា ខ្លួនតំណាងឲ្យកម្មករជាង៣០០.០០០នាក់នៅក្នុងវិស័យកាត់ដេរ បានលើកឡើងថា ខ្លួននឹងបន្តចែកចាយខិតប័ណ្ណដើម្បីជូនដំណឹងដល់កម្មករថា កូដកម្មដែលរងការគំរាមកំហែងនេះនឹងត្រូវបានធ្វើឡើងនៅពាក់កណ្តាលខែមីនាឆ្នាំនេះ។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា “យើងរំពឹងថា នឹងមានរោងចក្រប្រហែល១០០ នឹងចូលរួមធ្វើកូដកម្មនៅថ្ងៃស្អែក ដោយមិនធ្វើការងារបន្ថែមម៉ោង ខណៈដែលយើងកំពុងចែកចាយខិតប័ណ្ណ”។
លោក អាត់ ធន បានលើកឡើងបន្តទៀតថា ទោះបីជាអាជ្ញាធរមូលដ្ឋាន បានប៉ុនប៉ងទប់ស្កាត់សកម្ម ភាពចែកចាយខិតប័ណ្ណនៅក្រៅរោងចក្រមួយចំនួនក៏ដោយ ក៏សារនេះនៅតែត្រូវបានដឹងឮយ៉ាងច្រើនដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទោះបីជាយើងប្រឈមនឹងបញ្ហាមួយចំនួន និងការរំខានពីអាជ្ញាធរក្នុងពេលកំពុងចែកចាយខិតប័ណ្ណក៏ដោយ ខិតប័ណ្ណទាំងនោះត្រូវបានចែកដល់ដៃកម្មករដោយជោគជ័យ”។ លោកបានបន្តថា “កម្មករមួយចំនួនបានទទួលសាររបស់យើងតាមរយៈហ្វេសប៊ុក វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត”។
កូដកម្មធ្វើឡើងដោយកម្មកររោងចក្រកាត់ដេរនៅលើកចុងក្រោយ ដែលបានចាប់ផ្តើមកាលពីខែធ្នូ និងបានចូលរួមជាមួយសកម្មភាពដើរហែក្បួនតវ៉ា និងបាតុកម្មនៅខាងក្រៅរោងចក្រនានានោះ ត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់កងកម្លាំងសន្តិសុខជាតិ កាលពីខែមករាឆ្នាំនេះ។ កម្លាំងកងរាជអាវុធហត្ថបានបាញ់អ្នកតវ៉ាប្រាំនាក់ឲ្យបាត់បង់ជីវិតកាលពីថ្ងៃទី៣ ខែមករា ហើយអ្នកតវ៉ា២១នាក់ផ្សេងទៀតនៅតែជាប់ឃុំនៅក្នុងពន្ធនាគារដែលមានការរឹតបន្តឹងសន្តិសុខ នៅខេត្តកំពង់ចាម។
មេដឹកនាំសហជីពបានឲ្យដឹងបន្ថែមទៀតថា ខ្លួនចង់បញ្ចប់សកម្មភាពចែកខិតប័ណ្ណយ៉ាងតិច២០០.០០០ សន្លឹកដល់កម្មករនៅទូទាំងប្រទេសនៅថ្ងៃស្អែក។ កាលពីសប្តាហ៍មុន សហជីពត្រូវបានពន្យារពេល បន្ទាប់ពីពួកគេជួបការលំបាកក្នុងការស្វែងរករោងពុម្ពដែលចង់បោះខិតប័ណ្ណទាំងនេះ។
ចំណុចទាមទារដែលត្រូវបានបញ្ជាក់នៅក្នុងញត្តិរបស់សហជីព រួមមានការដោះលែងទណ្ឌិត២១នាក់ ប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ ការចាប់ខ្លួនកម្លាំងសន្តិសុខរបស់រដ្ឋដែលបានបាញ់សម្លាប់កូដករទាំងប្រាំនាក់ និងការលែងឲ្យមានបម្រាបរដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្ម។
លោក វណ្ណ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសុក្រថា កូដកម្មដែលត្រូវបានគ្រោងនឹងធ្វើនៅខែក្រោយអាចបណ្តាលឲ្យរោងចក្រ៨០ភាគរយនៅក្នុងប្រទេសកម្ពុជាបិទទ្វារ ឬក៏ផ្លាស់ទីតាំងទៅក្រៅប្រទេស។
លោក វណ្ណ ស៊ូអៀង ត្រូវបានដកស្រង់សម្តីផ្ទាល់ដោយគេហទំព័រសារព័ត៌មាន ខេមបូឌា ហើរ៉ាល់ (Cambodia Herald) ដែលបានលើកឡើងថា “ប្រសិនបើក្រុមសហជីពនៅតែដឹកនាំសកម្មភាពតវ៉ា ដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន១៦០ដុល្លារក្នុងមួយខែ សម្រាប់កម្មករ… រោងចក្រ៨០ភាគរយ នឹងបិទទ្វារ ហើយរោងចក្រមួយចំនួនទៀតនឹងផ្លាស់ទីតាំងទៅប្រទេសផ្សេងៗទៀត”។
លោក កែន លូ អគ្គលេខាធិការសមាគម GMAC បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការព្យាកររបស់លោក វណ្ណ ស៊ូអៀង ក៏ប៉ុន្តែ លោកបានលើកឡើងថា កូដកម្មនៅខែមីនា នឹងជាការពិសោធន៍មួយទៅលើស្មារតីប្តេជ្ញារបស់ពួកគេ ក្នុងការចូលរួមក្នុងសកម្មភាពសមូ ហភាពដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា។ គួរបញ្ជាក់ថា ក្នុងកូដកម្ម កម្មករត្រូវបានគេប្រាប់ឲ្យនៅផ្ទះ។
លោក កែន លូ បានមានប្រសាសន៍ដូច្នេះថា “សហជីពអះអាងថា កម្មករទាំងអស់មិនសប្បាយចិត្ត និងគាំទ្រសហជីពឲ្យទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។ យើងអះអាងថា ភាគច្រើននៃកម្មករពេញចិត្តនឹងអ្វីដែលពួកគេមាននាពេលបច្ចុប្បន្ន”។
លោកបន្ថែមទៀតថា “ដូច្នេះ ការនៅផ្ទះនឹងជាការពិសោធន៍ពិតប្រាកដមួយ។ វានឹងពិតជាធ្វើឲ្យអ្នករាល់គ្នាឃើញច្បាស់នៅអ្វីដែលកម្មករភាគច្រើនចង់បាន។ ហើយយើងក៏ព្រួយបារម្ភដែរ ប៉ុន្តែ នេះក៏ជាការពិសោធន៍ដ៏ល្អមួយដែលនឹងបញ្ជាក់ឲ្យឃើញថា ការពិត នរណាជាអ្នកទាមទាររឿងទាំងនេះ”។
អ្នកស្រី អ៊ុក សុខម៉ាលី អាយុ៤៣ឆ្នាំជាកម្មកររោងចក្រកាត់ដេរមកពីខេត្តស្វាយរៀង បានលើកឡើងអំឡុងពេលសម្រាកទទួលទានអាហារថ្ងៃត្រង់នៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា កម្មករពិតជាត្រូវការប្រាក់ខែខ្ពស់ជាងមុន ដើម្បីឆ្លើយតបទៅនឹងបញ្ហាអតិផរណាដែលចេះតែកើនឡើង។
អ្នកស្រីបាននិយាយថា “យើងអាចធ្វើកូដកម្មរយៈពេលបីខែដោយមិនចាំបាច់ទៅធ្វើការ ពីព្រោះយើងមិនអាចរស់ក្នុងស្ថានភាពដែលតម្លៃទំនិញ និងថ្លៃជួលផ្ទះកើនឡើងយ៉ាងលឿនបែបនេះបានទេ”។ អ្នកស្រី សុខម៉ាលី បាននិយាយបន្តទៀតថា “ទោះជាអាជ្ញាធរគំរាមធ្វើបាបយើងក៏ដោយក៏ពួកគេមិនអាចមកបាញ់យើងនៅផ្ទះរបស់យើងបានឡើយ”៕ សុធា
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី និង Colin Meyn)