26 C
Phnom Penh

​​​អាជ្ញាធរ​​​ចាប់ខ្លួន​បុរសម្នាក់​ពីបទព្យាយាម​​នាំ​ពលករ​​​​ខ្មែរ​​​១៥​​​នាក់​​​ទៅធ្វើការ​​ខុសច្បាប់នៅ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា បុរស​អាយុ​៥០​ឆ្នាំម្នាក់ត្រូវ​បា​ន​ចាប់ខ្លួន​ក្នុង​រាជ​ធានី​​ភ្នំពេញ​កាល​ពីថ្ងៃសៅរ៍ បន្ទាប់​ពី​បុរស​រូប​នេះបាន​ព្យាយាមនាំ​មនុស្ស​១៥​នាក់​ឆ្លង​​ដែន​ទៅ​ធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ។

លោក កែវ ធា នាយ​នគរ​បាល​ប្រឆាំ​ង​ការ​​​ជួញ​ដូរ​មនុស្ស​រាជ​ធានី​​មាន​ប្រសា​​សន៍​ថា ហៃ សេង ត្រូវបាន​ចាប់ខ្លួន​នៅ​​ពេល​​​ធ្វើ​​​ដំណើរ​​​​តាមរថយន្ត​​វ៉ែនត្រង់​ចំណុច​​ផ្សារ​ដើម​គរ កន្លែង​​​ដែ​ល​គាត់​ហៀប​​​នឹង​បញ្ជូន​ជន​រង​គ្រោះ​​​​ទាំងនោះ​​​ពី​រាជ​​ធានី​ភ្នំពេញ​ទៅ​ក្រុង​​​​ប៉ោយ​ប៉ែត​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ មុន​ពេល​ពួកគេទៅ​ស្វែង​រក​ការងារ​ធ្វើ​ដោយ​​​ខុស​ច្បាប់​នៅ​ក្នុង​​​ទីក្រុង​បាងកក។

ជន​រងគ្រោះ​ទាំង​អស់​ដែលមកពី​ខេត្ត​កំពង់​ចាមនោះ បាន​ចំណាយ​ប្រាក់​ឲ្យ​បុរស​​ឈ្មោះ សេង​ នេះ​ចំនួន ១៥០ដុល្លារ​ដើម្បី​នាំ​ពួកគេ​ទៅធ្វើការ​នៅ​ក្រុមហ៊ុន​ស្ករ​ស​មួយ​។ លោក​ កែវ ធា បាន​មាន​ប្រសាសន៍ថា ​​​​​​ជន​​​រង​​​គ្រោះ​​​ទាំង​អស់​​​​នេះ​​​ត្រូវ​បាន​គេ​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ពីព្រោះ​ពួកគេ​មិន​ឃើញ​មាន​​​​ឯកសារ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​​ចូល​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​​ឡើយ។

លោក កែវ ធា ​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ទាំង​​នេះ​មិនមាន​សូម្បី​តែ​លិខិត​ឆ្លង​ដែន ឬ​ឯកសារ​ផ្សេង​ៗទៀត​​ឡើយ​”។ លោក​បាន​បន្ថែម​ថា “យើង​នឹង​បញ្ជូន​បុរស​ឈ្មោះ សេង នេះ​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើ​ការ​សាក​សួរ និង​ចោទ​ប្រកាន់​”។កម្មករ​ទាំង​១៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ បន្ទាប់​ពី​ការ​ចាប់​ខ្លួនបុរសឈ្មោះ​ សេង៕ សារុន   

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស