28.4 C
Phnom Penh

អ្នកភូមិ​មួ​យ​ក្រុម​​​ព្រួត​​គ្នា​​​វា​យ​មន្ត្រី​បីនាក់​​​ដោយ​សារ​​ជម្លោះ​ដី​ធ្លី​​នៅក្នុង​ស្រុ​កថ្ម​​​ពួ​ក ខេត្ត​បន្ទាយ​មា​ន​​ជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​៥០នាក់​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ក្នុង​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​យក​ដំបង​វាយ​មន្ត្រី​បី​នាក់​ និង​ហែក​អាវ​របស់​ពួក​គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពី​ព្រោះ​មន្ត្រី​ទាំង​នេះ​បាន​ធ្វើការ​រៀប​ចំ​សាង​សង់​ការិយាល័យ​មួយ​នៅ​លើ​ដី​មាន​ជម្លោះ​នេះ។

លោក ផ្លេក វ៉ារី អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រុក​ទាំង​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្រុក​១០០គ្រួសារ​ដែល​បាន​និង​កំពុង​តែ​មា​នជម្លោះ​ជាមួយ​និង​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន លាង ប៊ូ ដែល​ត្រូវ​បាន​ផ្តល់​ដី​សម្បទាន​១.៨០០ហិកតា​ក្នុង​ឆ្នាំ​២០០៦​ដើម្បី​ធ្វើ​ចម្ការ​ដំឡូង​មី​មួយ​កន្លែង​។ លោក​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​​ថ្មី​ៗនេះ​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ និង​បាន​ចុះ​ទៅ​ដល់​តំបន់​នេះ​ ដើម្បី​សាង​សង់​ការិយាល័យ​មួយ​សម្រាប់​ខ្លួន​។

លោក វ៉ារី បាន​មា​នប្រសាសន៍​ថា “ នៅ​ពេល​យើង​ទៅ​រៀប​ចំ​ការិយាល័យ​មួយ​សម្រាប់​ក្រុម​ការងារ​ដើម្បី​ធ្វើការ​ជាមួយ​គ្រួសារ​អ្នក​ភូមិ​ដែល​រង​ប៉ះ​ពាល់​ អ្នក​ភូមិ​ព្រួយ​បារម្ភ​ ពីព្រោះ​គេគិត​ថា យើង​សាង​សង់​ការិយាល័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​”។ លោកឲ្យ​ដឹង​ថា ការ​ភាន់​ច្រឡំនេះ​ទី​បំផុត​​កើត​ឡើង​ ពី​ព្រោះ​មន្ត្រី​ទាំង​នេះ​ត្រូវ​បាន​ហែហម​ដោយ​បុគ្គលិក​ក្រុម​ហ៊ុន​។

លោក​បាន​ថ្លែង​ថា អ្នក​ភូមិ​៥០នាក់​បាន​ចាប់​ផ្តើម​ឈ្លោះ​ប្រកែក​ជាមួយ​មន្ត្រី​បី​រូប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​មក​បាន​ចាប់​ផ្តើម​យក​ដំបង​វាយ​លើ​ពួកគេ​ និង​ហែក​អាវ​របស់​ពួកគេ​។

លោក​បាន​បន្ថែម​ថា “យើង​គ្រោង​នឹង​បង្កើត​ជំនួប​មួយ​នៅ​ថ្ងៃ​ស្អែក​រវាង​ប្រជាជន​ទាំង​នោះ និង​អភិបាល​ខេត្ត​ដើម្បី​ពន្យល់​ប្រាប់​ពួកគេ​កំុ​ឲ្យ​វាយ​អាជ្ញាធរ​ទៀត​”។

លោក កូ ស៊ុំ សារឿត អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​ខេត្ត​ពី​ររូប​រង​របួស​ស្រាល​ បន្ទាប់​ពី​ត្រូវ​បាន​វាយ​នឹង​ដំបង​ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​ភូមិ​ទាំង​នោះ​​ទៅ​នគរបាល​រួច​រាល់​ហើយ​។ លោក​បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​ស្នើ​នគរ​បាល​ខេត្ត​កុំ​អាលបញ្ជូនពាក្យ​បណ្តឹង​ទៅ​តុលាការ​អី ពីព្រោះ​យើង​នឹង​ត្រូវ​ចរចា​ជា​មួយ​អ្នក​ភូមិ​នៅ​ថ្ងៃ​ស្អែក​”។

លោក ស៊ុំ​ សារឿត បាន​បន្ថែម​ថា ក្រុម​ហ៊ុន ​លាង​ប៊ូ ថ្មី​ៗនេះ​បាន​លក់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទៀត ​ឈ្មោះ សិរី​សោ​ភ័ណ មានជ័យ​។

អ្នកស្រី​ ទិញ សុភា អាយុ​៤៤ឆ្នាំ​ ជា​អ្នក​ភូមិ​​​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោ​ះ​នេះ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​កាន់​កាប់​ដី​ទទឹង​២០មែ៉ត្រ និង​បណ្តោយ​២៤០​ម៉ែត្រ​របស់​អ្នក​ស្រី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១មក​ ហើយ​ក្រោយ​មក​បាន​ចំណាយ​ប្រាក់​៣២៥ដុល្លារ​ដើម្បី​ឲ្យ​គេ​បោស​សម្អាត​គ្រាប់​មីន​។

អ្នក​ស្រី សុភា បាន​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មា​ន​មន្ទិល​​ចំពោះ​ការ​អះ​អាង​​ថា ការសាង​សង់​ការិយាល័យ​នេះ​មាន​បំណង​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​មន្ត្រី​រដ្ឋាភិបាល​។ អ្នកស្រី​  ទិញ សុភា  បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “ នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​​តែប្រើ​អាជ្ញាធរ​ដើម្បី​ផ្តល់​សន្តិ​សុខ​ ដោយ​ឲ្យ​ពួកគេ​​​សាង​សង់​ការិ​យា​ល័យ​នៅ​លើ​ដី​មាន​ជម្លោះ​នេះ​ ក៏​ប៉ុន្តែ​ ​អ្នក​ស្រុក​​ផ្សេង​ទៀត​និងខ្ញុំ​បាន​ជំទាស់​នឹងការ​សាង​​សង់​នេះ​៕
 ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស