34 C
Phnom Penh

លោក សម រង្ស៊ី ចុះទៅជួបសំណេះ​សំណាល​ជាមួយ​អាជីវ​ករ​និង​អ្នក​គាំទ្រ​​​បក្ស​នៅ​ផ្សារ​ទួល​ទំពូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ ជាតិ​ បាន​ចុះ​ទៅ​ជួប​សំណេះ​សំណាល​​ ជា​មួយ​ អាជីវករ​នៅ​ផ្សារ​ទួល​ទំពូង​ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាលពីម្សិលមិញ ដោយ​លោក​បាន​ទិញ​ត្រី​ និង​បាន​ផ្ដល់​ប្រាក់​ចំនួន​​២៥​ដុល្លារ​ដល់​ស្ត្រី​ចំណាស់​លក់​សណ្ដែក​ដីម្នាក់​ ដើម្បី​ជួយ​ដល់​មុខ​របរ​​តូច​តាច​​របស់​គាត់​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ទាប់​ពីការ​ចុះ​ទៅ​ជួបសំណេះសំណាល​​​នោះ​​​​ថា “ ខ្ញុំចង់​ចុះ​ទៅ​ជួប​សំណេះ​សំណាល​​​​ ជា​មួយ​​អាជីវករ​ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ និង​ជីវភាព​រស់​នៅ​របស់​ពួកគាត់​​ ពីព្រោះ​ពួកគាត់​គឺ​ជា​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ខ្ញុំ​មិន​បាន​ប្រាប់​អាជ្ញាធ​រ​មូល​ដ្ឋាន​ថា​ ខ្ញុំ​មា​ន​គម្រោង​​ទៅ​ទេ​ ពីព្រោះ​ខ្ញុំ​បារម្ភ​ថា ពួកគេ​នឹង​ព្យាយាម​រារាំង​ខ្ញុំ​មិន​ឲ្យ​ជួប​ជាមួយ​អ្នក​គាំទ្រ​។ ជារឿយៗ​ពួកគេ​បាន​រំខានពួក​យើង​​នៅ​ពេល​ពួកយើង​​ព្យាយាម​ជួប​​ប្រជា​ពល​រដ្ឋ​”។

ទោះជា​យ៉ាង​ណា ​ថ្វីបើ​មាន​កង​​កម្លាំង​សន្តិសុខ​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ច្រក​ចូល​ផ្សារ​ក៏ដោយ​​ ក៏លោក​ សម រង្ស៊ី បាន​ជួប​សំណេះ​​សំណាល​ជា​មួយ​អាជីវករ​ដោយ​គ្មាន​​បញ្ហា​អ្វីឡើយ​។

រូប​ភាព​វីដេអូ​ស្ដីពីការ​ចុះ​ទៅ​សំណេះ​សំណាល​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេស​​ប៊ុក​របស់​លោក សម រង្ស៊ី បង្ហាញ​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​េនះ​ត្រូវ​អម ការ​ពារ​ដោយ​​អង្គ​រក្ស​មួយ​ចំនួន​ ឈរ​ថត​រូប​ជាមួយ អាជីវករ​​ដែល​មាន​ទឹក​មុខ​ញញឹម ​និយាយជាមួយ​ទារក ស្វាគមន៍​ភ្ញៀវ​ទេស​ចរ​ដែលមាន​ការ​​ភ្ញាក់​ផ្អើល​ ហើយ​បាន​សាក​សួរ​អំពី​តម្លៃ​​លក់​ត្រី​ទៀត​ផង​។

អ្នក​ស្រី តុល ភិន អាយុ៧៥​ឆ្នាំ ដែល​លក់​សណ្ដែក​ដីមួយ​កញ្ច្រែង​នៅ​ផ្សារ​ទួល​ទំពូង​បាន​និយាយ​ថា លោក​ សម រង្ស៊ី បាន​ឲ្យ​​ប្រាក់​ខ្ញុំ​២៥​ដុល្លារ​ដើម្បី​ពង្រីក​មុខ​របរ​របស់​ខ្ញុំ​។

អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​បាន​ស្វាគមន៍​រូបលោកនៅ​​ពេល​លោក​ចុះ​មក​ទីនេះ ហើយ​ខ្ញុំ​បាន​ជូន​ពរ​ឲ្យ​លោក​មាន​អាយុ​វែង​ និង​សូម​ឲ្យ​លោក​ជួយ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ និង​សង្គ្រោះ​ប្រទេស​ជាតិ​”។

កាលពីសប្ដាហ៍មុន​ លោក បា៉ សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ​បាន​បញ្ជា​ឲ្យ​​មន្ត្រី​សាលា​រាជ​ធានី​ពិនិត្យ​មើល​ក្រុម​ហ៊ុ​ន​ដែល​គ្រប់​គ្រង​ផ្សារ​ក្នុង​រាជ​ធានី ដែលជារឿយៗ​ពួកគេ​បាន​យក​ភាស៊ី​ប្រចាំ​ថ្ងៃ​លើស​ចំនួន​​ពី​អាជី​វ​ករ​ ហើយ​ក៏​បាន​យក​​តម្លៃ​លើស​ចំពោះ​ការ​ផ្ញើ​យាន​យន្ត​ផង​ដែរ​។

ចំណាត់​ការ​របស់​លោក ប៉ា សុជាតិ​វង្ស ធ្វើ​ឡើង​តាម​ការ​ណែនាំ​ផ្ទាល់​ពី​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្មីៗ​នេះ​បាន​ធ្វើ​កំណែ​ ទម្រង់អំពើ​ពុក​រលួយ​នៅ​តាម​ទី​ផ្សារ​ដែល​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់​ៗ​។

លោក ហ៊ុន សែន បាន​មាន​ប្រសា​សន៍​កាលពីសប្ដាហ៍មុន​ថា អាជីវករ​លក់​ដូរ​នៅ​តាម​ទីផ្សារ​បាន​បន្ទោស​រូប​លោក​ចំពោះ​ការ​ដែល​បុគ្គលិក​ក្រុម​ហ៊ុ​នមានភាពមិន​ស្មោះ​ត្រង់​​បាន​យក​តម្លៃ​លើស​ពីពួក​គាត់​ ធ្វើ​បាប​ពួក​គាត់ និង​បាន​ទារ​ភាស៊ី​ពីពួកគាត់​ទាំង​ព្រឹក​ព្រលឹម​នៅពេល​ដែល​ពួកគាត់​មិន​ទាន់​ទាំង​លក់​ដាច់​ផង​នោះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស