បុរសម្នាក់ដែលត្រូវបានរកឃើញពិរុទ្ធភាពពីបទចាប់រំលោភកូនចុងអាយុ១៣ឆ្នាំរបស់ខ្លួននោះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល។
លោក ម៉េង តូនី ចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសបុរសឈ្មោះ ធុច សុខា អាយុ៣៣ឆ្នាំកាលពីម្សិលមិញ។ ដំបូងបុរសឈ្មោះ សុខា សារភាពថា គាត់បានប៉ះពាល់ក្មេងស្រីនេះតែប៉ុណ្ណោះ ប៉ុន្តែបានបដិសេធថា គាត់មិនបានចាប់រំលោភនាងទេ។
ជីដូនរបស់ក្មេងស្រីរូបនេះបានដាក់ពាក្យបណ្តឹងទៅតុលាការ។ជីដូនរូបនេះចង់បានក្មេងស្រីនេះមកចិញ្ចឹមបីបាច់បន្ទាប់ពីកូនប្រុសរបស់គាត់ដែលត្រូវជាឪពុករបស់ក្មេងស្រីនេះបានស្លាប់អស់រយៈពេលច្រើនឆ្នាំមកហើយនោះ។
ស្ត្រីជាម្តាយរបស់ក្មេងស្រីដែលនឹងទទួលប្រាក់សំណងដោយសារក្មេងស្រីនេះជាអនីតិជននោះ បានផ្តល់សក្ខីកម្មប្រឆាំងប្តីរបស់គាត់នៅតុលាការ។
លោក នាង ហៃ មេធាវីការពារជនរងគ្រោះបានមានប្រសាសន៍ថា ការផ្តន្ទាទោសបែបនេះគឺមិនទាន់ធ្ងន់ធ្ងរគ្រប់គ្រាន់នោះទេ ហើយបុរសជាឪពុកចុងរូបនេះសមនឹងទទួលទោសធ្ងន់បំផុត។
លោក នាង ហៃ បានមានប្រសាសន៍ថា “ចំពោះករណីនេះ គាត់គួរត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ ទៅ១៥ឆ្នាំ”។ លោក ម៉ន វិមានចំប៉ា មេធាវីការពារចុងចោទក៏បានមានប្រសាសន៍ផងដែរថា លោកគិតថា សាលក្រមនេះមិនយុត្តិធម៌ទេ ហើយលោកនឹងប្តឹងឧទ្ធរណ៍៕សារុន