27.5 C
Phnom Penh

ក្រសួង​បរិស្ថាន​សម្រេច​ផ្លាស់​ប្តូរ​ទី​តាំង​ថ្មី​របស់​ខ្លួន​ម្តង​ទៀត​ទៅ​ក្បែរ​កាស៊ីណូនិង​សណ្ឋាគារ ណាហ្គាវើល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​​នឹង​ផ្លាស់ប្ដូរ​​​ការិយាល័យ​របស់​ខ្លួន​ទៅ​កាន់​ដី​មួយ​កន្លែង​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ណាហ្គា​វើល​ក្នុង​ខណ្ឌ​ចំការមន  រា​ជ​​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​ថ្មី​បាន​លើក​ឡើង​ថា​ ​ទី​ស្នាក់​ការ​ថ្មី​របស់​ខ្លួន​ដែល​​គ្រោង​នឹង​សាង​សង់​នៅ​ខណ្ឌ​មាន​ជ័យ​​ ស្ថិត​នៅ​​ឆ្ងាយ​ពី​កណ្តាល​រាជ​ធានី​ពេក​។

ក្រសួង​បរិស្ថាន​សព្វ​ថ្ងៃ​មាន​ទី​តាំង​នៅ​តាម​​​បណ្តោយ​មហា​វិថី​ព្រះ​​​សីហនុ​នៅ​ក្នុង​សង្កាត់​ទន្លេបា​សាក់​ ខណ្ឌ​ចំការ​ម​ន រាជ​ធានី​ភ្នំពេញ​​ ប៉ុន្តែ​ត្រូវ​បាន​គេ​គ្រោង​ផ្លាស់​​ទៅ​​ដី​មួយ​កន្លែង​ទំហំ​៩.០០០​ ម៉ែត្រ​ការ៉េ​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ក្នុង​ខណ្ឌ​មាន​ជ័​យ ​បន្ទាប់​ពី​ក្រសួង​នេះ​បាន​ដោះ​ដូរ​ដី​ជា​មួយ​ក្រុម​ហ៊ុន​មួយ​ដែល​​​​គេ​មិន​ស្គាល់​ឈ្មោះ​។

ឥឡូវ​ ក្រសួង​នេះ​បាន​សម្រេច​ផ្លាស់​ប្តូរ​មក​កាន់​ដី​មួយ​កន្លែង​ទំហំ​៥.០០០​ម៉ែត្រ​ក្រឡា​​​ចម្ងាយ​ទី​តាំង​ចាស់​ប្រហែល​១,​៥​គីឡូ​ម៉ែត្រ​ នេះ​បើយោង​តាមលោក​ សៅ​ សុភាព​ នាយក​ខុទ្ទកាល័យ​របស់​លោក​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ទើប​តែង​តាំ​ងថ្មី​។

លោក​ សុភាព​ បាន​មាន​ប្រសាសន៍​ថា “ក្រសួង​​​​​បរិស្ថាន​នឹង​ចាប់​ផ្តើម​សាង​សង់ទី​តាំង​​របស់​ខ្លួន​នៅ​ខែ​ក្រោយ​តាម​បណ្តោយ​ទន្លេ​បាសាក់​ក្បែរ​កោះពេជ្រ”។ លោក សុភាព ​បាន​លើក​ឡើង​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​​​គឺ​ពី​ព្រោះ​លោក​ សំអាល់​ គិត​ថា ការិយា​ល័យ​​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ វា​ឆ្ងាយ​ពេក​សម្រាប់​មន្ត្រី​​របស់​ក្រសួង​​បរិស្ថាន​​។

លោក​ សុភាព​ បាន​មាន​ប្រសាសន៍បន្ត​ថា “វា​មិន​មែន​ជា​មូល​ហេតុ​ធំនោះ​ទេ​។​ រដ្ឋ​មន្ត្រី​​​គិត​ថា ទី​តាំង​ដំ​បូងរបស់​ក្រសួង​ស្ថិត​នៅ​ឆ្ងាយពេក​​ ហើយ​វា​មាន​ការ​លំបាក​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​​ ខណៈ​មាន​ការ​កក​ស្ទះ​ចរាចរ​ណ៍​នោះ​។​ទី​តាំង​ថ្មី​នៅ​ក្បែរ​កោះ​ពេជ្រ​ គឺ​វា​ផ្តល់ភាព​ងាយ​​​ស្រួល​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ដៃ​គូ​របស់​យើង ហើយ​វា​ងាយ​ស្រួល​​សម្រាប់​មន្ត្រី​ក្រសួង​របស់យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​” ។​

លោ​ សុភាព​ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ប្រគល់​​អគារដែល​មិន​ទាន់​សាង​សង់ចប់​រួច​រាល់​នៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​១​ឲ្យ​​​ទៅ​ក្រុម​ហ៊ុន​ Ratana Cooperation and Constuction ជា​ក្រុមហ៊ុ​ន​​មួយ​ដែលបាន​ចុះ​កិច្ច​សន្យា​ទទួល​សាង​សង់​អគារ​របស់​ក្រសួង​បរិស្ថាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ប្រគល់​អគារ​ដំបូង​ [ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​១​] ទៅ​ឲ្យ​ក្រុម​ហ៊ុន Ratana Cooperation and Constuction ”។

លោក​ សុភាព​ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​លម្អិត​ទាក់​ទិន​នឹង​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ចុង​ក្រោយ​របស់​ក្រសួង​បរិស្ថាន​ឡើយ​។

លោក​បាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​ប្រាប់​ពី​ការ​ចំណាយ​ចំពោះ​ការ​សាងសង់​អគារ​ថ្មី​នេះ​​​ថា “វា​មិន​មែន ​[ក្រុមហ៊ុន Ratana Cooperation and Construction ​] ទេ​ដែលនឹង​សាង​សង់​អាគារ​ថ្មី​នេះ​។ ឥឡូវ​នេះ​យើង​កំពុង​ចរ​ចា​ជាមួយ​ក្រុម​ហ៊ុ​ន​សំណង់​ថ្មី​ ហេតុ​ដូច្នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​សំណង់ថ្មី​នេះ​បានទេ”។

លោក​ ខាត់​ ណារិទ្ធិ​ ចៅ​សង្កាត់​ទន្លេ​បា​សាក់​ ​បាន​បញ្ជាក់​ពី​​ទី​តាំង​ថ្មី​របស់​ក្រសួង​បរិ​ស្ថាន​​ថ្មី​នេះ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​រៀប​រាប់​ពី​ការ​ផ្លាស់​ប្តូ​រ​នេះ​ឡើយ​។ លោក ខាត់​ ណារិទ្ធិ ​បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ក្រ​សួង​​​បរិស្ថាន​និង​ក្រុម​ហ៊ុន​សំណង់ ​បាន​ចុះ​ទៅ​សិក្សា​នៅ​ដី​នោះ​ហើយ​កាល​ពី​ខែ​មករា​”។

ទី​តាំងនោះ​គឺ​ឆ្លង​មួយ​ផ្លូវ​ពី​កាស៊ីណូ​និង​សណ្ឋាគារ​ណាហ្គាវើល​ ហើយសព្វ​ថ្ងៃ​គឺ​ជា​ចំណត​រថយន្ត​របស់​ណាហ្គាវើល។

និយាយ​ទាក់​ទិន​នឹង​អគារ​ និង​ដី​នៅ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​វិញ លោក​ ឃ្លាំង​ សុ​ឃឿន​ អតីត​អ្នក​គ្រប់​​គ្រងក្រុមហ៊ុន​​​ ​Ratana Cooperation and Constuction បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​សាង​សង់​ត្រូវ​បញ្ឈប់​កាល​ពី​ខែ​កញ្ញា​ ដោយ​សារ​បញ្ហា​ប្រាក់​​និង​ទី​តាំង​។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ទទួល​បាន​ដំណឹង​ថា គ្មាន​ប្រាក់​សម្រាប់​សាង​សង់​អគារ​​នេះ​ទេ​​​។ ស្រប​ពេល​នឹង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​​​​បរិ​ស្ថាន​ថ្មី​ ត្រូវ​បាន​តែង​តាំង​ ហើយ​ខ្ញុំ​ក៏​ទទួល​​បាន​ដំណឹ​ង​ថា រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី​មិន​ចង់​បាន​ទី​តាំង​នេះ​”។

បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​ខណ្ឌ​មាន​ជ័យ​ត្រូវ​បាន​ប្រកាស​ មន្ត្រី​នៅ​ក្រសួង​បរិស្ថាន​​​បាន​រអ៊ូរទាំ​ថា​  ទី​តាំង​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​កណ្តាល​រាជ​ធានី​ពេក​ ហើយ​បាន​នាំ​គ្នា​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ត្រូវ​បាន​បន្ថែម​​​ប្រាក់​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ ព្រោះ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​ពី​ការ​ផ្លាស់ប្តូរ​ទីតាំងនេះ​។

ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​ កាល​ពី​ឆ្នាំ​២០១២​ ទី​តាំង​ចាស់​របស់​ក្រសួង​បរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​​​សីហនុ​ គឺ​មាន​តម្លៃ​ចន្លោះ​ពី​៩,​៦​លាន​ដុល្លារ​ដល់​១២​លាន​ដុល្លារ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​កាល​ពី​ម្សិល​មិញ​ ថា​តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ទី​តាំង​ចាស់​នេះ​​ នៅ​ពេល​ក្រសួង​ត្រូ​វ​ផ្លាស់​ប្តូរ​ទៅ​ក្បែរ​ណាហ្គាវើល​៕ ស៊ុយ​ឈាង​ 

(រា​យ​ការណ៍​បន្ថែម​ដោយ​ Joshua Wilwohl)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស