42.2 C
Phnom Penh

អភិ​បាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួល​ជុល​កា​រ​ថ្នាំ​ង​ថ្នាក់​របស់​ប្រជា​ជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​សាលា​រាជ​ធានី​បញ្ឈប់​អំពើ​ពុក​រលួយ​​ ហើយ​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ក្នុង​គោល​បំណង​​​ស្តារ​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជា​ពល​​​រដ្ឋ​ដែល​មាន​ការ​ថ្នាំង​ថ្នាក់​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​កាន់​អំណាច​ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ​​​គណបក្ស​សង្គ្រោះជាតិ​​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ឆ្នាំ​មុ​ន​។

ថ្លែង​ទៅ​កាន់​មន្ត្រី​ជាង​៤០០​នាក់​រួម​មាន​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ចូល​រួម​នៅក្នុង​សន្និសីទ​​ប្រចាំ​ឆ្នាំ​នៅ​ឯ​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ប៉ា​ សុជាតិ​វង្ស​​​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ស្តី​បន្ទោស​​អាជ្ញាធរ​មូល​ដ្ឋាន​ថា​ បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ជំនឿ​ចិត្ត​លើ​គណ​បក្ស​កាន់​អំណាច ​​ជា​ពិសេសលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាត់​បង់​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​បំផុតចាប់​តាំង​​​ពី​ឆ្នាំ​១៩៩៨​មក​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​​ធ្វើ​ឡើង​អំឡុង​ខែ​កក្កដា​។

លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​មាន​ប្រសា​សន៍​​ដោយ​ជំរុញ​ឲ្យ​មន្ត្រី​របស់​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំងជាង​មុន​​​ និង​​ធ្វើ​ឲ្យ​កិច្ចការ​របស់​រដ្ឋាភិបាល​កាន់​តែ​មាន​​តម្លាភាព​​ថា “ ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​មេ​ដឹក​នាំ​ ជា​ពិសេស​សម្តេច​ តេជោ [​ហ៊ុន​ សែន​]។ លោក​បាន​ខិតខំ​ធ្វើ​ការ​ដោយ​ហ៊ាន​ពលី​ជីវិត​របស់​លោក​ លោក​មិនដែល​ណែ​នាំ​ឲ្យ​យើង​ធ្វើ​អាក្រក់​ឬ​ប្រព្រឹត្ត​ខុស​ឡើយ​”។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​គូស​បញ្ជាក់​ថា លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឲ្យ​​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់​នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ជន​រស់​នៅ​ក្នុង​រាជ​ធានី​ ដើម្បី​ស្តារ​ការ​គាំ​ទ្រ​និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ពល​រដ្ឋ​ដែលលោក​បាន​មាន​ប្រសាសន៍​ថា ​មិន​ពេញ​ចិត្ត​នឹ​ង​រដ្ឋា​ភិបាល​​សព្វ​ថ្ងៃ​។ លោក​ ប៉ា សុជាតិ​វង្ស​ បាន​រំឭក​ឡើង​វិញ​នូវការ​ណែ​នាំ​​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្រើ​ឃ្លា​មួយ​ថា​“ ជួស​ជុល​​​​​ការ​ថ្នាំង​ថ្នាក់​របស់​ប្រជា​ជន​”។​ ដោយ​ប្រៀប​ធៀប​ការ​ធ្វើ​ខុស​របស់​មន្ត្រី​ទៅ​​​នឹង​រថយន្ត​​​ខុស​មួយ​គ្រឿង​ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​កំណែ​ទម្រង់​​​មួយ​របស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា “ [លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​] បានណែនាំ​ខ្ញុំ​ឲ្យ​ប្រាប់​មន្ត្រី​ឲ្យ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្តូរ​អត្តចរិត​របស់​ខ្លួន​។ នៅពេល​យើង​ដឹង​ថា រថយន្ត​ខូច​ យើង​ត្រូវ​តែ​យក​វា​ចូល​យាន​ដ្ឋាន​ដើម្បី​ជួសជុល។យើងមាន​បេសកកម្ម​ពិសេស​​​ថ្មី​ដើម្បី​លុប​បំបាត់​ការ​ថ្នាំង​ថ្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​របស់​យើង”​។​ លោក​បាន​លើក​ឡើង​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ​​​​ដាច់​ខាត​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ​ ត្រូវ​ទប់​ស្កាត់​សំណង់​ខុស​ច្បាប់​ ត្រូវ​កាត់​​បន្ថយ​ការ​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​ហើយ​ត្រូវ​ចាត់​វិធានការ​ចំពោះ​បទ​ល្មើស​និង​បទ​ឧក្រិដ្ឋ​ដែល​កើត​ឡើងញឹក​ញាប់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូច​ជា​អំពើ​ប្លន់​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​លេង​ល្បែង​ស៊ី​សង​ជាដើម​៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស