26 C
Phnom Penh

សា​​ជី​​វ​កម្ម​​​ហិ​រញ្ញ​វត្តុ​​​អ​ន្តរ​​ជាតិ​​​​ទទួល​​​ពាក្យ​​បណ្តឹង​រឿង​គម្រោង​​​វិ​និ​​យោគ​​​​​​ចម្ការ​​កៅ​ស៊ូ​​នៅរតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​របស់​​​សា​​​ជី​វ​​​កម្ម​​​ហិរញ្ញ​វត្ថុ​​អ​ន្តរ​​​ជា​តិ​​(Internation- al Finance Corporation) ហៅកាត់ថា IFC បាន​យល់ព្រមទទួល​ពាក្យ​បណ្តឹ​ង​មួយ​ជា​ផ្លូវការ​ពី​គ្រួសារ​ប្រជាជនជន​ជាតិ​ដើម​ភាគ​តិចក្នុង​ខេត្ត​រតនគិរី​ ដែលប្តឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ រឿងបោះទុន​វិនិយោគក្នុង​ចម្ការ​កៅ​ស៊ូ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​លួច​យក​ដី​ និង​ទន្ទ្រាន​​ព្រៃ​ឈើ​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែលត្រូវ​បានផ្ញើ​ជូន​ក្រុម​គ្រួសារ​ប្រជាជនទាំង​នេះ​កាលពី​ថ្ងៃ​ច័ន្ទ មន្ត្រី​ទទួលបន្ទុកអង្កេតបណ្តឹងប្រជាជន​យល់ឃើញថា ពាក្យ​បណ្តឹង​របស់​ពួកគាត់​ថា មាន​ភាពសម​ស្រប​សម្រាប់​អង្គភាព​​អង្កេត​ឯក​រាជ្យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដាក់ចេញនូវ​ប្រតិបត្តិការ​បន្តទៀត​ និង​អាច​ជួយឲ្យ​ពួកគាត់​អាច​ស្នើ​ឲ្យ​មន្ត្រី​ទទួល​ បន្ទុក​អង្កេត​បណ្តឹង​ប្រជាជនត្រួតពិនិត្យ​គម្រោង​វិនិយោគ​នេះ ឬក៏ជួយ​សម្រប​​សម្រួល​ក្នុង​ការ​រកដំណោះស្រាយ។

ប្រជាជន​ជាច្រើន​គ្រួសារ​មក​ពី​សហគមន៍​ផ្សេង​គ្នា​ចំនួន​១៧បានដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ ដោយ​ចោទ​ប្រកាន់​​សាជី​វ​​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ជាសេនាធិ​ការ​​​វិនិយោគ​ឯកជន​របស់​ធនាគារ​ពិភព​លោក (World Bank) ​ហៅកាត់ WB ថា បាន​រំលោភ​គោលការណ៍ការ​ពា​រ​សុវត្ថិភាព​របស់​ខ្លួន​ ដោយ​បានបោះទុន​វិនិយោគ​​នៅ​ក្នុង​ក្រុម​ហ៊ុន​វៀតណាម​មួយ ឈ្មោះ ហ័ង អាញ់ ហ្គៀ ឡៃ (​Hoang Anh Gia Lai) ហៅកាត់ថា HAGL ដែលធ្វើ​ប្រតិបត្តិការលើ​ចម្ការ​កៅស៊ូ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគិរី​ ក្រោមការ​​រិះ​គន់​ថា​បាន​រំលោភបំពានច្បាប់​ក្នុង​ស្រុក​ជាច្រើន។ ​គ្រួសារ​ប្រជាជនទាំង​នេះ​បាន​លើក​ឡើង​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ថា ពួកគាត់ចង់​ឲ្យ​ក្រុម​ហ៊ុន​ប្រគល់​ដី​ដែល​ក្រុម​ហ៊ុន​យក​ពី​ពួកគាត់​ឲ្យ​ពួកគាត់វិញ។

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា​ដែល​ជួយ​គ្រួសារប្រជាជន​ទាំង​នេះ​បាន​ឲ្យ​ដឹង​ផងដែរថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​បោះ​ទុនវិនិយោគ​ទឹក​ប្រាក់ចំនួន​២៧​លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​ភាគហ៊ុន​មួយ​ឈ្មោះ​ ដ្រាក់ហ្គុន ខេបភិថល (​Dragon Capital)​ ដែល​កាន់កាប់ភាគ​ហ៊ុន​៥,៥ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ HAGL ។ នៅពេល​នេះ​ បន្ទាប់ពីសាជីវ​កម្ម​នេះ​ព្រម​ទទួល​ពាក្យ​បណ្តឹងរបស់​ប្រជាជន​ ការិយា​ល័យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​ខ្លួន ​នឹង​ធ្វើ​របាយការណ៍​មួយ​ដែល​នឹង​បញ្ជាក់​អំពី​វិវាទ​នេះ​ ក្នុង​​រយៈពេល​១២០​ថ្ងៃ​ខាង​មុខ ដើម្បី​ឲ្យ​ភាគី​ទាំង​អស់​ដឹង​អំពី​បញ្ហា​នេះ​ ហើយ​បន្ទាប់​នោះ​នឹងជួយ​គ្រួសារ​ប្រជា​ជន​ជន​ជាតិ​ដើម​ភាគ​តិច​ ឲ្យសម្រេច​នូវ​អ្វី​ដែល​​ ពួកគេ​ចង់​ឲ្យ​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​​ ​ធ្វើ​នៅ​ពេល​បន្ទាប់​។

លោក ដេរីត ប្រេត (David Pred) ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយដែលមាន​ឈ្មោះថា​ អង្គការអភិវឌ្ឍន៍​ដើម្បី​ទាំង​អស់​គ្នា​អន្តរជាតិ​​ (Inclusive Develo​pment ​International) ដែល​បាន​ជួយ​​គ្រួសារប្រជាជន​ទាំង​នេះ​រៀប​ ធ្វើ​ពាក្យ​បណ្តឹង​ បាន​លើក​ឡើង​ថា ប្រជាជន ទាំង​នោះ​បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹងប្រជាជន​ អនុវត្ត​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​​លើ​ដំណើរអនុវត្ត​គោល​ការណ៍​ការ​ពារ​​សុវត្ថិ​ភាព​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ឬ​ស្វែង​រក​ដំណោះស្រាយ​មួយ​ជាមួយ​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ មូលនិធិ ដ្រាក់​ហ្គុន ខេបភីថល និង​ក្រុម​ហ៊ុន​ HAGL។ លោក​ ដេវីត ប្រេត បាន​មាន​ប្រសាសន៍​ថា “សេចក្តី​សម្រេច​នេះ​នឹង​អាស្រ័យ​ទៅ​លើ​​ឆន្ទៈ​របស់​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ មូលនិធិដ្រាក់ហ្គុន ខេបភីថល និង​ក្រុមហ៊ុន​ HAGL ក្នុងការ​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ដំណើរការ​សម្រប​សម្រួល​មួយ​​ ក្នុង​ស្មារតី​ជឿជាក់ពិត​ប្រាកដ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះ​ពាល់​ដែល​ត្រូវ​បានបង្កឡើង​ដោយ​សារ​គម្រោង​​វិនិយោគ​របស់​ពួកគេ​”។

​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​លើក​ឡើង​ក្នុង​ន័យ​​ការពារ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅក្នុង​មូលនិធិ​ដ្រាក់ហ្គុន ខេបភីថល ថា វា​ជា​វិធី​ដ៏ប្រសើរបំផុត​របស់​ខ្លួន​ ក្នុង​ការ​រក​ប្រាក់​ឲ្យ​បាន​ច្រើន​បំផុត​​ ក៏​ប៉ុន្តែ បាន​បដិសេធ​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ទាក់ទង​ទៅ​នឹង​​ពាក្យ​បណ្តឹង​របស់​ខ្លួន​ឡើយ​។
ក្រុម​ហ៊ុន HAGL បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចម្ការ​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​តាម​ច្បាប់​ក្នុង​ស្រុក​ទាំង​អស់​។

លោក ប្រេត បាន​លើក​ឡើង​បន្ថែម​ទៀត ថា គ្រួសារ​ប្រជាជន​ទាំង​នេះ​នឹងអាចស្នើ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ​អនុវត្ត​ប្រតិ​បត្តិ​ការ​ត្រួតពិនិត្យមួយ​នៅ​ពេល​ណា​ក៏​បាន​ ប្រសិន​​ បើ​ដំណើរការ​សម្រប​សម្រួល​ទទួល​​បរាជ័យ​ ក៏​ប៉ុន្តែ​ លោក ប្រេត បាន​លើក​ឡើង​បន្ត​ទៀត​​ថា បរាជ័យ​នេះ​អាច​ជា​ចំណុច​អវិជ្ជមាន​មួយ​ផ្សេង​ទៀត​ ដែល​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​មុខ​មាត់​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​និង​ទំនងជា​បណ្តាល​ឲ្យ​សមាជិក​ភាគ​ហ៊ុន​ធំៗ​ដកភាគហ៊ុន​របស់ខ្លួនចេញ​ពី​មូល​និធិ​ ដ្រាក់​ហ្គុន និងក្រុមហ៊ុន HAGL”។

លោក​ សុល នឿយ ដែល​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ដែល​រង​ប៉ះពាល់​ដោយ​សារ​គម្រោង​នេះ​ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មាន​ការ​ចរចាគ្នា​​។ លោក​ សុល នឿយ បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឲ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ មក​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យប្រជាជន ​ដែល​រង​ផល​ប៉ះពាល់​។ ខ្ញុំ​សង្ឃឹម​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ប្រហែលជា​អាច​ជួយ​ពួក​យើង​បាន ក៏ប៉ុន្តែ ប្រសិន​បើ​ជាពួកគេ​មិន​ចង់​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជាជនដែល​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ​ទេ​ យើង​គ្មាន​កន្លែង​ទៅ​ទេ​ ព្រោះ​យើង​គ្មាន​ដី​ផ្សេង​ទៀត​៕សុធា

(រាយការណ៍​បន្ថែម​ដោយ អូន ភាព)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស