ប្រាសាទបុរាណមុនសម័យអង្គរចំនួនប្រាំពីរត្រូវបានរកឃើញនៅលើដីសម្បទានពីរកន្លែងក្នុងខេត្តព្រះវិហារ ប៉ុន្តែខណៈពេលដែលមន្ត្រីក្រសួងបរិស្ថានមួយរូបលើកឡើងកាលពីម្សិលមិញថា ក្រសួងមិនបានដឹងពីប្រាសាទទាំងនេះនៅពេលពួកគេផ្ដល់ដីសម្បទានទាំងនេះនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិយាយថា គេដឹងថា មានប្រាសាទទាំងនេះជាយូរមកហើយ។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Cambodia Blue Heaven Ltd. និងក្រុមហ៊ុន Cambodia Down Plantation Ltd. ដែលក្នុងម្នាក់ៗមានដីសម្បទានប្រហែល១០.០០០ហិកតាបានធ្វើឲ្យខូចខាតប្រាសាទទាំងនេះ ក្រសួងទាំងពីរបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីតាំងប្រាសាទទាំងនោះដែលស្ថិតនៅក្នុងស្រុកគូលែន និងស្រុកជាំក្សាន្ត កាលពីសប្ដាហ៍មុន ដើម្បីពិនិត្យមើល។
លោក ផាន់ ណាឌី អនុប្រធាននាយកដ្ឋានបេតិកភណ្ឌវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានឮថា ក្រុមហ៊ុនទាំងនេះទន្ទ្រានចូលដីជុំវិញប្រាសាទ ហើយយើងក៏បានចុះទៅបញ្ជាក់ថា តើរឿងនេះជាការពិតឬយ៉ាងណា”។ លោកបានមានប្រសាសន៍បន្តទៀតថា តាមពិតប្រាសាទទាំងនេះមិនបានរងការខូចខាតទេ។
លោក សៅ សុភាព ប្រធានខុទ្ទកាល័យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងរបស់លោកមិនបានដឹងថា មានប្រាសាទទាំងនេះទេ នៅពេលក្រសួងរបស់លោកផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនទាំងពីរនេះ។លោកបានមានប្រសាសន៍ថា “យើងមិនបានដឹងថា ប្រាសាទស្ថិតនៅក្នុងតំបន់ដីសម្បទានទេ” មុនពេលលោកបដិសេធមិនបញ្ជាក់ថា ដីសម្បទានទាំងនេះផ្ដល់ឲ្យនៅពេលណាឬថា តើវាមានទំហំប៉ុណ្ណានោះ។
តែទោះជាយ៉ាងណា លោក ផាន់ ណាឌី បានមានប្រសាសន៍ថា ទីតាំងប្រាសាទទាំងនេះគេដឹងយ៉ាងហោចណាស់ក៏១០ឆ្នាំដែរ។លោកបានមានប្រសាសន៍ថា “ក្រុមរបស់ខ្ញុំបានទៅទីនោះកាលពីប្រហែល១០ឆ្នាំមុន”។ លោកបានបន្តទៀតថា មានប្រាសាទបុរាណជាច្រើនស្ថិតនៅក្នុងតំបន់ដីសម្បទាន។លោកបានលើកឡើងទៀតថា “មិនមែនមានតែក្រុមហ៊ុនទាំងនេះទេ ដីសម្បទានរបស់ក្រុមហ៊ុនភាគច្រើនក៏មានប្រាសាទ ឬទីតាំងបុរាណវិទ្យាដែរ។ មានទីតាំងជាង៤០០កន្លែងនៅទូទាំងប្រទេស ដូច្នេះគ្រប់កន្លែងទាំងអស់សុទ្ធតែមានប្រាសាទ”។
កាលពីខែវិច្ឆិកា គេបានរកឃើញប្រាសាទមួយរបស់ជនជាតិភាគតិចចារ៉ាយនៅក្នុងខេត្តរតនគិរី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សម្បទានដែរ។ ទោះជាយ៉ាងណា តាមច្បាប់ស្ដីពីការការពារបេតិកភណ្ឌកម្ពុជា ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦ រដ្ឋាភិបាលត្រូវ “ការពារបេតិកភណ្ឌវប្បធម៌ និងសម្បត្តិវប្បធម៌ជាតិទូទៅប្រឆាំងនឹងការបំផ្លេចបំផ្លាញដោយខុសច្បាប់ ការកែប្រែទ្រង់ទ្រាយដើម ការធ្វើកំណាយ ការផ្ទេរកម្មសិទ្ធិ ការដឹកជញ្ជូន ឬការនាំចូល”។
លោក ផាន់ ណាឌី បានមានប្រសាសន៍ថា ដូច្នេះក្រុមហ៊ុនដែលមានដីសម្បទានទាំងនេះត្រូវការពារប្រាសាទដែលស្ថិតនៅលើដីរបស់ខ្លួន។លោកថ្លែងថា “យើង [បានប្រាប់] ពួកគេថា ប្រហែលមួយឬពីរឆ្នាំ យើងនឹងទៅកាន់ទីនោះ ដើម្បីពិនិត្យមើល [លើទីតាំងទាំងនោះ] ប៉ុន្តែខ្ញុំគិតថា ក្រុមហ៊ុនក៏ខ្លាចមិនហ៊ានប្រព្រឹត្តខុសដែរ។ ពួកគេត្រូវសន្យាថា ប្រាសាទនឹងទទួលបានការការពារ ហើយខ្ញុំគិតថា ពួកគេដឹងនិងយល់ពីរឿងនេះ”៕ សុខុម