29 C
Phnom Penh

លោក​​​ ខៀវ កាញារីទ្ធ បញ្ជាក់​​​ជា​​​ថ្មី​​​ថា គ្មាន​​​​​​ហ្វ្រេ​​​កង់​​​ស្ថានីយទូរទស្សន៍​​​​​​សម្រាប់​​​លោក​​​ ម៉ម​​​ សូណង់​​​ដូ ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​លាត​​​ត្រដាង​​​ផែន​​​ការ​​​​​​បំបែក​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​ជាតិ​​​កម្ពុជា​​​​​​​​​ជា​​​បី​​​​​​ស្ថានីយ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ប៉ុន្តែ​​​​​​បាន​​​គូស​​​បញ្ជាក់​​​ជា​​​ថ្មី​​​ថា គ្មាន​​​​​​ហ្វ្រេកង់​​​ទំនេរ​​​សម្រាប់​​​​​​លោក​​​ ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ​​​ ដែល​​​ជា​​​ស្ថានីយ​​​វិទ្យុ​​​ឯករាជ្យ​​​ទេ​​​។

លោក​​​ ម៉ម សូណង់ដូ បាន​​​ស្នើ​​​សុំអាជ្ញា​​​ប័ណ្ណ​​​បង្កើត​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ម្ដង​​​ហើយ​​​ម្ដ​​​ង​​​ទៀត​​​ជាច្រើន​​​លើ​​​ក​​​ច្រើន​​​សា​​​ក្នុង​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​​​​ឆ្នាំ​​​មក​​​នេះ​​​ ប៉ុន្តែ​​​លើក​​​ណា​​​​​​ក៏​​​ត្រូវ​​​​​​គេ​​​ច្រាន​​​ចោល​​​ដែរ​​​ ដោយ​​​លើក​​​​​​ហេតុផល​​​​​​ថា ខ្វះ​​​ហ្វ្រេកង់​​​។ លោក​​​​​​បាន​​​ដាក់​​​សំណើ​​​ចុង​​​ក្រោយ​​​​​​កាលពីថ្ងៃ​​​ទី​​​១០​​​ ខែ​​​កុម្ភៈ​​​។

លោក​​​ ខៀវ កាញារីទ្ធ​​​ បាន​​​បញ្ជាក់​​​​​​អះអាង​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សន្និបាត​​​​​​បូក​​​សរុប​​​ការងារ​​​ប្រចាំ​​​​​​ឆ្នាំ​​​របស់​​​ក្រសួង​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ពេល​​​នេះ​​​យើង​​​គ្មាន​​​ស្ថានីយ​​​ទូរ​​​ទស្សន៍​​​ផ្ដល់​​​ឲ្យ​​​ទេ​​​​​​ ពីព្រោះ​​​គ្មាន​​​​​​ហ្វ្រេកង់​​​​​​”។ លោក​​​ថ្លែង​​​បន្ថែម​​ទៀត​​​​​​ថា “រឿង​​​សំខាន់​​​នៅ​​​ពេល​​នេះ​​​គឺ​​​ថា យើង​​​ប្រើ​​​ប្រព័ន្ធ​​​ [ផ្សព្វ​​​ផ្សាយ​​​] ឌីជីថល​​​។​​​ ទូរទស្សន៍​​​ជាតិ​​​​​​នឹង​​​ត្រូវ​​​បំបែក​​​ជា​​​បី​​​ប៉ុស្ដិ៍​​​ ពីព្រោះ​​​​​​វាមាន​​​​​​កម្មវិធី​​​​​​​​​ច្រើន​​​ពេក​​​។​​​ នឹង​​​​​​មានប៉ុស្ដិ៍​​​​​​​​​សម្រាប់​​​កម្មវិធី​​​​​​នយោ​​​បាយ​​​ កម្មវិធី​​​កម្សាន្ត​​​ និង​​​អប់រំ​​​ ឬ​​​ព័ត៌​​​មាន​​​ទូទៅ​​​”។

លោក​​​ ម៉ម សូណង់ដូ បាន​​​មាន​​​ប្រសាសន៍​​​​​​តាម​ទូរស័ព្ទ​​​ថា លោក​​​មិន​​​យល់​​​ពី​​​លោក​​​ ខៀវ កាញារីទ្ធ ដែល​​​បដិសេធ​​​មិន​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​​​​​​ដល់​​​លោក​​​ ស្រប​​​ពេល​​​អនុញ្ញាត​​​​​​ឲ្យ​​​​​​បង្កើត​​​​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ផ្សេង​​ៗទៀត​​​​​​នោះ​​​ទេ​​​។​​​ លោក​​​ ម៉ម សូណង់​​​ដូ បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថា “គាត់​​​និយាយ​​​គ្មាន​​​ហេតុ​​​ផល។ ហេតុអ្វី​​​បាន​​​ជា​​​ខាង​​​គាត់​​​ផ្ដល់​​​ហ្វ្រេកង់​​​ឲ្យ​​​បង្កើត​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​និង​​​​​​វិទ្យុ​​​បាន​​​? ខ្ញុំ​​​បាន​​​ស្នើ​​​សុំ​​​រឿង​​​នេះ​​​​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​ម៉្លេះ​​​។ ខ្ញុំ​​​នឹង​​​​​​រង​​់ចាំ​​​​​​មួយ​​​សប្ដាហ៍​​​ទៀត​​​ ហើយ​​​​​​ប្រសិន​​​បើ​​​ខ្ញុំ​​មិន​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​ក្រសួង​​​ [ពាក់​​​ព័ន្ធ​​​នឹង​​​សំណើ​​​សុំអាជ្ញាប័ណ្ណ​​​ចុង​​​ក្រោយ​​​​​​​​​នេះ​​​] ទេ​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​​​​ខាង​​​មុខ​​​​​​ក្រសួង​​​​​​ព័ត៌មាន​​​”។

ការ​​​តវ៉ា​​​លើក​​​ចុង​​​ក្រោយ​​​​​​របស់​​​​​​លោក​​​ ម៉ម សូណង់ដូ​​​ នៅ​​​ខាង​​​មុខ​​​ក្រសួង​​​នេះ​​​កាលពី​​​ខែ​​​មករា​​​ ត្រូវ​​​បាន​​​​​​បង្ក្រាប​​​ដោយ​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រដាប់​​​ដោយ​​​ដំបង​​​​​​ និង​​​គ្រាប់​​​​​​បែក​​​ផ្សែង​​​។​​​លោក​​​ យ៉ែម​​​ បុញ្ញប្ញទ្ធិ​​​ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​ស្នើ​​​សុំ​​​​​​អាជ្ញា​​​ប័ណ្ណ​​​បង្កើត​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ផ្ទាល់​​​ខ្លួន​​​ដើម្បី​​​ប្រកួតប្រជែង​​​ជាមួយ​​​ស្ថានីយទូរទស្សន៍​​​​​​ជា​​​ច្រើន​​​នាពេល​​​បច្ចុប្បន្ន​​​ ដែល​​​សុទ្ធ​​​តែ​​​គាំទ្រ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ នោះ​​​ ក៏​​​បាន​​​ចោទ​​​សួរ​​​ពី​​​សច្ច​​​ភាព​​​នៃ​​​ការ​​​បញ្ជាក់​​​​​​អះអាង​​​របស់​​​លោក​​​ ខៀវ កាញារីទ្ធ​​​ ដែរពាក់ព័ន្ធ​​​នឹង​​​ហ្វ្រេកង់​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​ថា “យើង​​​ចង់​​​ឲ្យក្រុម​​​​​​បច្ចេកទេស​​​​​​ពិនិត្យ​​​មើល​​​​​​​​​ថា តើ​​​ពិត​​​ជា​​​គ្មាន​​​ហ្វ្រេកង់​​​មែន​​​​​​ឬ​​​យ៉ាង​​​ណា។ យើង​​​មើល​​​ឃើញ​​​ថា មាន​​​ហ្វ្រេកង់​​​ជាច្រើន​​​​​​សម្រាប់​​​​​​អ្នក​​​មួយ​​​ចំនួន​​​​​​ដែល​​​ស្នើសុំ​​​បង្កើត​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​និង​​​វិទ្យុ”។

ឯកសារ​​​របស់​​​រដ្ឋាភិបាល​​​បង្ហាញ​​​ថា ក្រសួង​​​ព័ត៌មាន​​​បាន​​​ផ្ដល់​​​អាជ្ញាប័ណ្ណដល់​​​​​​ស្ថានីយ​​​ទូរ​​​ទស្សន៍​​​ថ្មី​​​យ៉ាង​​​ហោច​​​ណាស់​​​ចំនួន​​​បី​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១១​​​មក​​​។ ស្ថានីយ​​​ទូរទស្សន៍​​​ទាំង​​​នោះ​​​រួម​​​មាន​​​ទាំង​​​​​​​​​បណ្ដាញ​​​​​​ព័ត៌មាន​​​​​​កម្ពុជា CNC របស់​​​លោក​​​ គិត ម៉េង​​​ ប្រធាន​​​​​​ក្រុមហ៊ុន​​​​​​រ៉ូយាល់​​​គ្រុប ដែល​​​មាន​​​ទំនាក់ទំនង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​​​​លោក​​​​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន និង​​​​​​ស្ថានីយ​​​ទូរទស្សន៍ BTV របស់​​​​​​លោក​​​​​​ស្រី ហ៊ុន​​​ ម៉ាណា  ដែល​​​​​​ត្រូវ​​​ជា​​​​​​កូនស្រី​​​បង្កើត​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ផង​​​ដែរ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស