32.9 C
Phnom Penh

ក្រសួង​ការងារ​បដិសេធ​ថា ខ្លួន​មិន​ឈប់​ទទួល​ស្គាល់​សហ​ជីព​នេះ​ទេ​ ទោះមានការអះអាង​ផ្ទុយ​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រសួង​ការងារ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​មួយ​ ដើម្បី​បញ្ជាក់​ថា សហ​ជីព​នៅ​តែ​មាន​សិទ្ធិ​សេរី​ភាព​ចុះ​បញ្ជី​ជា​អង្គ​ភាព​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​ មួយ​ថ្ងៃ​​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​មួយ​រូប​នៅ​ក្រសួង​នេះ​បាន​លើក​ឡើង​ថា ដំណើរការ​ចុះ​បញ្ជី​សហ​ជីព​ត្រូវ​បាន​ផ្អាក​​ជា​ផ្លូវ​ការ​ ដោយ​មិន​មាន​ពេល​វេលា​កំណត់​ច្បាស់​លាស់​ទេ​។

លោក ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ បាន​អះ​អាង​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​ការងារ​បាន​បដិសេធ​សំណើ​របស់​លោក​សុំ​ចុះ​បញ្ជី​សាខា​ថ្មី​ចំនួន​១០​កន្លែង​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ក្នុង​ប្រទេ​សកម្ពុជា​។

លោកបានថ្លែង​​ថា មន្ត្រី​មួយ​រូប​នៅ​នា​យក​ដ្ឋាន​ចុះ​បញ្ជី​នៃ​ក្រសួង​ការងារ​បាន​ប្រាប់​លោក​​កាលពី​សប្តាហ៍​មុន​ថា លោក អិុត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​ផ្អាក​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​សហជីព​។ លោក​ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នា​យក​​រដ្ឋ​មន្ត្រី ​ ដើម្បី​តវ៉ា​ដែរ​។

លោក ហេង សួរ  អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​ក៏​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ផង​ដែរថា សហ​ជីព​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យបើក​សាខា​ថ្មី​​លុះ​ត្រា​តែ​រដ្ឋាភិបាល​ព្រាង​ និង​បន្ទាប់​មក​អនុម័ត​ច្បាប់​គ្រប់​គ្រងសហ​ជីព​នៅ​ពេល​ណា​មួយ​ក្នុង​អនាគត​កាល។

ក្នុង​ពេល​មាន​ការ​រិះ​គន់​ថា រដ្ឋាភិបាល​បាន​ព្យួរ​សិទ្ធិ​បើ​កសហជីព​​ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​សេរី​ភាព​បង្កើត​សមាគម​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ក្រសួង​ការងារ​ក៏​បាន​ចេញ​សេចក្តី​បដិសេធ​ជាលាយលក្ខណ៍​​អក្សរ​។

​​សេចក្តីថ្លែងការណ៍​នោះមាន​ខ្លឹម​សារ​ថា “ ក្រសួង​កំពុង​ពង្រឹង​យន្តការ​ចុះ​បញ្ជី​អង្គការ​ទាំង​អស់​ឲ្យ​មាន​ប្រសិទ្ធភាព​ និងឲ្យ​​ទាន់​ពេល​វេលា​ប្រកប​ដោយ​តម្លាភាព​ស្រប​តាម​ច្បាប់​។ ដូច្នេះ សូម​អង្គការ​ទាំង​អស់​រៀប​ចំ​ឯកសារ​ចុះ​បញ្ជី​ស្រប​ច្បាប់​ទៅ​តាម​ច្បាប់កំណត់​”។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​ងារ និង​ជា​អ្នក​ដែល​បាន​បញ្ជាក់​កាលពី​ដំបូង​អំពី​ការ​ព្យួរ​កិច្ច​ការ​ចុះ​បញ្ជី​សហជីព​កាលពី​ថ្ងៃ​ពុធនោះ បានបក​ស្រាយ​តប​វិញ​ ដោយបាន​អះ​​អាង​ថា ក្រសួង​ការងារ​មិន​បាន​ឈប់​ចុះ​បញ្ជីសហជីព​ទេ​។​​ លោក​បាន​​ថ្លែង​ថា “ ក្រសួង​បាន​ចេញ​សេច​​ក្តី​ថ្លែងការណ៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អង្គការ​មួយ​ចំនួន​ ដូចជា លោក ជា មុនី ជា​ដើម​ ដែល​បាន​ចោទ​ក្រសួង​ថា មិន​ចុះ​បញ្ជី​អង្គការ​របស់​ពួកគេ​។ វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ​ ពីព្រោះ​ក្រសួង​មិន​ដែលមិន​ព្រម​​ចុះ​បញ្ជី​អង្គ​ការ​ណាមួយ​ទេ​ឲ្យ​តែ​អង្គការ​នោះ​គោរព​តាម​​ច្បាប់​”។

នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​អះ​អាង​ផ្ទុយ​គ្នា​ ទាក់​ទង​ទៅ​នឹង​ការ​ផ្អាក​ដំណើរការ​ចុះ​បញ្ជី​សហជីព​ លោក ហេង សួរ បាន​លើក​ឡើង​ថា ប្រធាន​របស់​លោក​ខឹង​លោក បន្ទាប់​ពី​បាន​អាន​សម្តី​របស់​លោក​នៅ​ក្នុង​កាសែត​។ លោក ហេង សួរ ក៏​​បាន​មិនព្រម​​និយាយ​ថា តើ​អ្វី​ដែល​លោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​លោក​បញ្ជាក់​ពីការ​ផ្អាក​ដំណើរ​ការចុះ​បញ្ជី​សហជីព​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ឬមិន​ត្រឹម​ត្រូវ​ទេ​។ លោក​​ថ្លែង ​ថា “ឯកឧត្តម​រដ្ឋមន្ត្រីបន្ទោស​ខ្ញុំ​។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក​ថា បើ​ខ្ញុំ​ផ្តល់​ចម្លើយ​ត្រឹម​ត្រូវ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ខ្ញុំ​នឹងមិន​​ត្រូវ​មាត​់អ៊ីចឹង​​ទេ ​ប៉ុន្តែ ពេល​ខ្ញុំ​ផ្តល់​ចម្លើយ​ខុស​ ការងារ​​ខ្ញុំ​នឹង​មាន​បញ្ហា​ធំ​”។​

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​បាន​លើក​ឡើង​ថា លោក​មិន​ជឿ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិលមិញរបស់​ក្រសួង​ការងារ​ទេ។ លោក​បាន​បន្ថែមទៀត​​ថា លោក​ជឿ​ថា បម្រាម​មិន​ឲ្យចុះ​បញ្ជី​សហជីព​នៅ​តែ​កំពុង​ត្រូវ​បាន​អនុវត្ត​។

សាខា​ថ្មី​ទាំង​១០​របស់​សហជីព​សេរី​កម្មករ​ដែល​បន្ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​ការងារ​នោះ​នឹង​ចាប់​ផ្តើម​ធ្វើប្រតិបត្តិការ​ ទោះ​បី​ជា​មាន​ ឬ​គ្មាន​សេចក្តី​យល់​ព្រម​ពី​ក្រសួង​ការងារ​ក៏​ដោយ​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ជា មុនី ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ត្រូវការ​ដាក់​ពាក្យ​សុំ​ម្តង​ទៀត​ទេ​ ពីព្រោះ​ពាក្យ​សុ​ំ​របស់​យើង​ស្រប​ច្បាប់​រួច​ទៅ​ហើយ​។ យោង​តាម​ច្បាប់​ ប្រសិន​បើ​យើង​ដាក់​ឯកសារ​ស្នើ​សុំ​រួច​ហើយ​ ហើយក្នុង​​រយៈពេល​ពីរខែ​ក្រសួង​មិន​ចុះ​បញ្ជី​ឲ្យ​យើង​ទេ​នោះ យើង​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោ​យ​ស្របច្បាប់​”។

សហជីព​មិនគាំទ្រ​រដ្ឋាភិបាល​ជាច្រើន​ និង​សមាជិក​របស់​ពួកគេ​ រួម​ទាំង​សហជីព​សេរី​កម្មករ​ផងដែរ​នោះ បាន​ចាប់​ផ្តើម​ធ្វើ​ពហិការ​មិន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​តាម​រោង​ចក្រ​នា​នា ហើយ​កំពុង​រៀប​ចំ​ផែនការ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ដើម្បី​ទាម​ទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ឲ្យ​កើន​ឡើង​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស