26 C
Phnom Penh

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដែល​កំពុង​គេច​ខ្លួន​ តតាំង​នឹង​ការ​ចោទ​ប្រកាន់​ទាក់​ទិននឹង​ជម្លោះ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលាឧទ្ធរណ៍​ បាន​បើក​​​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​ស្ត្រី​អ្នក​ជំនួញ​​​ក្នុង​ស្រុក​ម្នាក់​ដែល​កំពុង​គេច​ខ្លួន​ បន្ទាប់​ពីត្រូវ​​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ កាល​ពី​ឆ្នាំ​២០១២​ ពី​បទ​ចាប់​យក​ដី​សាធារណៈ​ និង​ចាក់បំពេញ​ផ្នែក​ខ្លះ​នៃ​បឹង​មួយ​ដោយ​ខុស​ច្បាស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

អ្នក​ស្រី​ ឈិន សុគន្ធារី  ជា​អ្នក​ជំនួញ​ដែល​​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា យាយ​ក្រពើ​ ព្រោះ​​គាត់​គឺ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នោះ បាន​សង្ស័យ​ថា គាត់​ត្រូវ​​បាន​​ចោទ​​ប្រកាន់​នេះ​គឺ​ដោយ​​សារ​តែ​មាន​ជាប់ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​​ដី​ធ្លី​មួយ​ជាមួយ​​​លោក​ កែប​ ជុតិមា អំឡុង​ពេល​ដែល​​លោក​​ធ្វើ​ជា​អភិបាល​​រាជ​ធានី​ភ្នំពេញ។

អ្នក​ស្រី​បាន​អះ​អាង​ជាយូរ​មក​ហើយ​ថា លោក​ កែប​ ជុតិមា​ បាន​លួច​ដី​របស់​​គាត់​ដោយ​​មាន​បំណង​យក​ទៅ​លក់​ឲ្យ​លោក​ លី​​ យ៉ុង​ផាត់​ មហា​សេដ្ឋី​ស្ករស​ ហើយ​កាល​ពីចុង​ឆ្នាំ​២០១២​​​​ អ្នក​ស្រី​ បាន​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​សំណុំ​រឿង​របស់​អ្នក​ស្រី​​និង​ដើម្បី​រិះ​គន់​អតីត​អភិបាល​រាជ​ធានី​រូប​នេះ​។ អ្នក​ស្រី​ក៏​បាន​ប្តឹង​លោក ​ជុតិមា ​ផង​ដែរ​ កាល​ពី​ឆ្នាំ​មុន​។

ទោះ​បី​ជា​អ្នក​ស្រី​ខិត​ខំ​ផ្សព្វ​ផ្សាយ​ឲ្យ​សាធារណ​ជន​បាន​ដឹង​ឮយ៉ាង​ណា​ក៏​ដោយ​ ក៏​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​ចោទ​ប្រកាន់​អ្នក​ស្រី​ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​បួន​ឆ្នាំ​។ ប៉ុន្តែ​បច្ចុប្បន្ន​ គេ​មិន​ដឹង​ថា អ្នក​ស្រី​នៅ​កន្លែង​ណា​នោះ​ទេ​។​

នៅ​ក្នុង​លិខិត​មួយ​ ដែល​អ្នក​ស្រី​បាន​ផ្ញើ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​​​ អ្នក​ស្រី​បាន​ជំទាស់​ថា លោក​ ជុតិមា និង​មនុស្ស​​​ជំនិត​របស់​គាត់​​ទទួល​បាន​[ប្រាក់​ចំណេញ​​​​រាប់​រយ​លាន​ដុល្លារ​] ពី​ការ​លួច​ដី​របស់​អ្នក​ស្រី​​ ហើយ​លោក​ កែប​ ជុតិមា​ ទេ​ដែល​គួរ​តែ​ត្រូវ​​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​មិន​មែន​អ្នក​ស្រី​នោះ​ទេ​។ អ្នក​ស្រី​បាន​លើក​ឡើង​ថា​ អ្នក​ស្រី​គឺជា​ “ម្ចាស់​ដី​ពិត​ប្រាកដ​ ហើយ​គឺ​ជា​ភាគី​ដែល​រង​គ្រោះ​” នៅ​ក្នុង​សំណុំ​រឿង​នេះ​”។

អំឡុង​ពេល​សាលាឧទ្ធរណ៍​បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​របស់​អ្នក​កាល​ពី​ម្សិល​មិញ​​ ព្រះ​រាជ​អាជ្ញា​បាន​លើក​ឡើង​ថា អ្នក​ស្រី​ សុគន្ធារី​ បាន​កាន់​កាប់​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ក៏​ដូច​​ជា​បាន​ចាក់​ដី​លុប​បឹង​ពោង​ពាយ​ នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ដោយ​ខុស​ច្បាប់​ផង​ដែរ។

ព្រះ​រាជ​អាជ្ញា​ ហ៊ាន​ រិទ្ធ បាន​មាន​ប្រសា​ស​ន៍​ថា “ បឹង​ពោង​ពាយ​គឺ​ជាបឹង​ធម្មជាតិ​ដែល​ជា​សម្បតិ្ត​រដ្ឋ​។ ដោយ​ផ្អែក​លើ​ការ​ពិត​ អ្នក​ស្រី​ ឈិន​ សុគន្ធារី​ កំពុង​កាន់​កាប់​ដី​រដ្ឋ​ ព្រោះ​អ្នក​ស្រី​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទេ​ ហើយ​​​ខ្ញុំគិត​ថា សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​គឺ​ត្រឹម​ត្រូវ​”។

លោក​ យឹម​​ សារី មេធាវី​តំណាង​សាលា​រាជធានី​ បាន​លើក​ឡើង​ម្តង​ទៀត​ថា អ្នក​ស្រី​សុគន្ធារី​ បានឃុប​ឃិត​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​ក្លែង​បន្លំ​ឯកសារ​កាន់​កាប់​ដី​ទំហំ​ ៣៣ ហិកតា។​ ប៉ុន្តែ​លោក លី​ រ៉ាធី​ មេធាវី​ម្នាក់​ក្នុង​ចំណោម​​​​​មេធាវី​ផ្សេង​ទៀត​របស់​អ្នក​ស្រី​ សុគន្ធារី​ បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​​បាន​ទិញ​ដី​នេះ​ដោយ​ស្រប​ច្បាប់​កាល​ពី​ឆ្នាំ​១៩៩៤​ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​។

លោក​ សុខ​ សំអឿន​ មេធាវី​ម្នាក់​ទៀត​របស់​​អ្នក​ស្រី​​លើក​ឡើង​ថា តុលាការ​គួរ​តែ​​​លើក​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី​ សុគន្ធារី​។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ក្នុង​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។ ទាំង​លោក​ ជុតិមា និង​លោក​ យ៉ុងផាត់​ មិន​អាច​​​ទាក់​ទង​បាន​ឡើយ៕ស៊ុយឈាង

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស