31 C
Phnom Penh

រដ្ឋា​ភិបាល​ទទួល​យក​ការ​ដាក់​ពាក្យសុំ​បង្កើត​គណ​បក្ស​​ពីក្រុម​អ្នក​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​ ដែល​ដាក់​ជូន​ដោយ​មេដឹកនាំ​និរទេស​ខ្លួននៃក្រុម​ប្រឆាំងមួយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ទាល់​បាន​ចាត់​ទុក​ថា ជា​អង្គការ​ភេរវកម្ម​។

ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវបាន​​ដឹកនាំពី​សហរដ្ឋអាមេរិក​ដោយមាន​លោក សួន សេរីរដ្ឋា​ ជាប្រធាននោះ កាលពី​ម្សិលមិញ​បាន​បង្ហោះ​ច្បាប់​ចម្លង​នៃ​ការ​ដាក់​សុំ​បង្កើត​គណ​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ តាមប្រព័ន្ធ​អុីនធើណិត​​ដោយ​មាន​បោះ​ត្រា​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូពី​ក្រសួង​មហា​ផ្ទៃ និង​នាយក​ដ្ឋានកិច្ច​ការ​​នយោបាយ​របស់​ក្រសួង​នេះ​។

លិខិត​នោះ​មាន​ខ្លឹម​សារ​ថា “ខ្ញុំ​និង​ជនជាតិ​ខ្មែរ​៨០​នាក់​យល់​ព្រម​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​​អំណាច​ពលរដ្ឋខ្មែរ”។

លោក​ ឆាន់ ចាន់សុភ័ក្ត្រ​ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​នយោបាយ​បាន​បញ្ជាក់​ពីការ​ទទួល​បាន​ពាក្យ​សុំនេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ឱកាស​​នៃការ​ទទួលបាន​ការ​​យល់​ព្រម​ ឬយា៉ង​ណា​នោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ពិនិត្យ​មើល ហើយ​បញ្ជូន​ទៅ​មេ​របស់​ខ្ញុំ​ដើម្បី​ធ្វើការ​សម្រេច​”។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិល​មិញ។ ទោះជាយ៉ាងណា កាលពី​ខែ​កក្កដា នៅ​ពេល​លោក សួន សេរីរដ្ឋា បាន​ប្រកាស​​ពី​ផែន​ការ​របស់​លោក​បង្កើត​គណបក្ស​នយោបាយ​នោះ ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រុម​ប្រឆាំង​នេះ​ទំនង​ជា​មិន​អាច​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា “វា​មិន​ស័ក្ដិ​សម​សម្រាប់​គាត់​ក្នុង​ការ​ដឹកនាំ​គណបក្ស​ឡើយ ពីព្រោះ​គាត់​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ ដូច្នេះ តើ​គាត់​អាច​ដឹកនាំ​គណបក្ស​ដូច​ម្ដេច​កើត​?”។

បច្ចុប្បន្ន​នេះ លោក សួន សេរីរដ្ឋា កំពុង​ប្រឈម​ការ​ផ្តន្ទា​ទោស​កំបាំង​មុខ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​តាម​ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់ និង​មាន​ផែន​ការ​​​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ ដែល​ការ​ចោទ​ប្រកាន់​ទំាង​ពីរ​នេះ​លោក​បាន​បដិសេធ​។ ជនជាតិ​ខ្មែរ​បី​នាក់​ទៀត​​ដែល​កំពុង​​ប្រឈម​ការ​ផ្តន្ទាទោសក្នុង​ករណី​ដូច​គ្នានេះ​ពីបទ​ចែកចាយ​អាវ​យឺតរបស់់​ចលនា​អំណាច​ពលរដ្ឋខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ​មុន ដោយ​មាន​បោះ​ពុម្ព​សារ​ជំរុញ​ឲ្យ​ប្រជា​ជន​កុំទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​​ខែ​កក្កដា ឆ្នាំ​២០១៣។

លោក សួន សេរីរដ្ឋា ​គាំទ្រ​ចលនា​បះបោរ​​អារ៉ាប់ស្ព្រីងដោយ​បើក​ចំហ ដែល​នឹង​បង្ខំ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​គាំទ្រ​​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ឬ​បាន​រំលោភ​ច្បាប់​ណាមួយឡើយ​។

លោក សួន សេរីរដ្ឋា ​អះ​អាង​ថា លោក​បាន​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៧​ ហើយ​បាន​ត្រឡប់​មក​វិញ​ដោយ​លួច​លាក់​ពីរបី​លើក​មក​ហើយ។ លោក​បាន​ចំណាយ​ពេល​​ភាគច្រើន​រស់​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​បាន​លើកឡើងពីស្រុក​បវេល​ ខេត្ត​បាត់​ដំបង​ថា ជា​អាសយ​ដ្ឋាន​បច្ចុប្បន្ន​​​របស់​លោក​ នៅ​ពេល​ដាក​់​ពាក្យ​សុំ​​បង្កើត​គណបក្ស​អំណាច​ពលរដ្ឋខ្មែរ និង​​អាសយដ្ឋាន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ជា​ទីស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​។

លោក សុក សំអឿន មេធាវី​របស់​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​បច្ចុប្បន្ន​របស់​កូនក្ដី​លោក​ទេ ហើយ​លោក​មិន​បាន​ចូលរួម​ក្នុង​ការ​ដាក់ពាក្យ​សុំ​​បង្កើត​គណបក្ស​ឡើយ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស