ដោយសា្តាប់សេចក្តីថ្លែងការណ៍ចាស់ៗរយៈពេលជាច្រើនម៉ោងពីក្រុមប្រឆាំង កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់សវនាការជំនុំជម្រះរយៈពេលបីថ្ងៃលើលោក សួន សេរីរដ្ឋា ជនជាតិខ្មែរនិរទេសខ្លួនឯង និងមនុស្សបីនាក់ទៀត ដែលជាប់ចោទពីបទឃុបឃិត ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទមានផែនការវាយប្រហាររដ្ឋាភិបាល និងរារាំងការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសកំបាំងមុខ។
ចុងចោទបីនាក់ទៀតដែលកំពុងជាប់ឃុំប្រឈមនឹងការចោទប្រកាន់ដូចគ្នានឹងលោក សួន សេរីរដ្ឋា ដែរពីបទព្យាយាមចែកអាវយឺតចលនាអំណាចពលរដ្ឋខ្មែរកាលពីឆ្នាំមុនដោយមានសារជំរុញឲ្យប្រជាជនកុំទៅបោះឆ្នោតនៅពេលបោះឆ្នោតជាតិ។
បន្ទាប់ពីបោះឆ្នោតរួច លោក សួន សេរីរដ្ឋា ក៏បានព្យាយាមរៀបចំចែកផ្កាកុលាបពណ៌លឿងដល់កម្លាំងសន្តិសុខក្នុងរាជធានីភ្នំពេញជាមួយស្ទីកគ័រជំរុញឲ្យពួកគេ “បែរកាណុងកាំភ្លើងដាក់ជនផ្ដាច់ការ”។
នៅសវនាការកាលពីម្សិលមិញ ក្រឡាបញ្ជីម្នាក់បានអានសេចក្តីថ្លែងការណ៍ថា លោក សួន សេរីរដ្ឋា តាមចោទថា បាននិយាយទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងប្រទេសបារាំងកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣។
ដោយប្រើពាក្យបែបប្រមាថដល់ជនជាតិវៀតណាម មុនពេលអំពាវនាវឲ្យផ្តួលរំលំលោកនាយករដ្ឋមន្ត្រីនោះ សេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា “រដ្ឋាភិបាលហ៊ុន សែន គឺជារដ្ឋាភិបាលកុម្មុយនីស្ត ដែលលើកបន្តុបដោយរដ្ឋាភិបាលយួនក្នុងទីក្រុងហាណូយ ហើយជារដ្ឋាភិបាលអាយ៉ងយួន” ។
ក្នុងចំណោមបុរសបីនាក់ដែលជាប់ឃុំ បុរសពីរនាក់បានសារភាពថា ពួកគេមានអាវយឺតរបស់ចលនាអំណាចពលរដ្ឋខ្មែរមែន ប៉ុន្តែ បានបដិសេធថា មិនបានចូលរួមក្នុងសកម្មភាពណាមួយរបស់ចលនាអំណាចពលរដ្ឋខ្មែរឡើយ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានជំរុញឲ្យតុលាការផ្តន្ទាទោសអ្នកទាំងអស់នេះ។ លោកបានមានប្រសាសន៍ថា “លោក សួន សេរីរដ្ឋា គឺជាមេខ្លោង ហើយសមាជិករបស់គាត់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលដើម្បីផ្តួលរំលំរដ្ឋាភិបាល”។
លោក សុក សំអឿន មេធាវីការពារចុងចោទបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់លោក សួន សេរីរដ្ឋា មិនចាត់ទុកថា ជាការរំលោភច្បាប់ទេ ហើយថា ក្នុងករណីនេះ កូនក្តីរបស់លោកបីនាក់ទៀតមិនត្រូវចាត់ទុកថា ជាប់ពាក់ព័ន្ធក្នុងករណីដូចគ្នានេះឡើយ។
លោកបានមានប្រសាសន៍ថា “សូមកុំប្រើសេចក្តីថ្លែងការណ៍របស់លោក សួន សេរីរដ្ឋា ចោទប្រកាន់មកលើកចុងចោទផ្សេងទៀត។ សូមតុលាការសម្រេចឲ្យបុរសទាំងបួននាក់នេះរួចផុតពីការចោទប្រកាន់”។
ប្រសិនបើត្រូវបានផ្តន្ទាទោស អ្នកទាំងបួនអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ លោក តុប ឈុនហេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៤ ខែមករា៕សារុន