32.9 C
Phnom Penh

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ធ្វើ​ការ​តវ៉ា​នៅ​ទី​ស្នាក់​ការ​គណបក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​តវ៉ា​ពី​សំណាក់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​គណបក្ស​ប្រឆាំង​នេះ​ធ្វើឲ្យ​មានការ​ចាប់​អារម្មណ៍​កាល​ពី​ម្សិល​មិញ​នៅ​ពេល​គាត់​មាន​ជម្លោះ​ជាមួយ​អតីត​សហសេវិក​ ជា​មនុស្ស​ម្នាក់​​ដែល​បាន​យក​ទូរស័ព្ទ​របស់​លោកស្រី​​​ជំនួស​ឲ្យ​ការ​ជំពាក់​ប្រាក់​២០ដុល្លារ​។

គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បណ្តេញ​លោកស្រី ឡាក់ សុភាព ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ បន្ទាប់ពី​អ្នកស្រី​​បាន​ធ្វើការ​អះ​អាង​ជា​សាធារណៈ​ថា លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​យក​ប្រាក់​ប្រហែល​២០លាន​ដុល្លារ​ដោយ​ខុសច្បាប់។

នៅ​ក្បែរ​ខ្លោងទ្វារ​​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ លោកស្រី ឡាក់ សុភាព ​បាន​ដឹកនាំ​ការ​តវ៉ា​តូច​មួយ​កាលពី​ម្សិលមិញ​ដោយ​មាន​អ្នក​គាំទ្រ​ប្រហែល​២០នាក់​​ ដែល​ពួកគេ​បាន​រិះគន់​គណបក្ស​ប្រឆាំង​នេះ​ពី​បទ​បណ្តេញ​លោកស្រី​ សុភាព​ ចេញ។

លោកស្រី សុភាព​ បាន​មាន​ប្រសាសន៍​នៅ​កន្លែង​តវ៉ា​ដោយ​និយាយ​អាក្រក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា “ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​វិញ​ទេ​ទោះ​ក្នុង​កាលៈ​​​ទេសៈ​ណា​ក៏ដោយ”។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “មាន​បក្ខពួក​និយម​នៅ​ក្នុង​គណបក្ស ដូចជា​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​មាន​លោក កឹម សុខា កូនស្រី​របស់​លោក លោក សម រង្ស៊ី ប្រពន្ធ​របស់​លោក លោក គួយ ប៊ុនរឿន និង​លោក អេង ឆៃអ៊ាង ដែល​ជា​បងប្អូន​ថ្លៃ​នឹង​គ្នា​ និង​លោកស្រី កែ សុវណ្ណរតន៍ និង​ប្តី​របស់​គាត់​គឺ​លោក យឹម សុវណ្ណ ជាដើម”។

ក្នុង​ចំណោម​អ្នកគាំទ្រ​ទាំង​២០នាក់ដែលលោកស្រី សុភាព​បាន​ឲ្យ​មក​ជួប​ជុំគ្នា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រឆាំង​នេះ​ ភាគច្រើន​លើក​ឡើង​ថា លោកស្រី​មិន​បាន​ប្រាប់​ពួកគាត់​ពី​មូល​ហេតុ​ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​នោះ​ឡើយ។

សេង សុខេង​ អាយុ​៦០ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​មកពី​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា “លោកស្រី​បាន​ប្រាប់​ពួក​យើង​ឲ្យ​មក​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ខ្ញុំ​មិន​ដឹង​ថា យើង​មក​តវ៉ា​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ហើយ​ខ្ញុំ​មក​តាម​គាត់​ប្រាប់​តែ​ប៉ុណ្ណោះ។ ប្រសិនបើ​ខ្ញុំ​ដឹង​ថា យើង​មក​តវ៉ា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​នឹង​មិន​មក​ទី​នេះ​ឡើយ”។

អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា ពួកគេ​បាន​គាំទ្រ​លោកស្រី សុភាព ដោយ​អះ​អាង​ថា លោកស្រី​គឺជា​សមាជិក​ជាប់ឆ្នោត​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​​ ហេតុ​ដូច​នេះ​ហើយ​មិន​អាច​ត្រូវ​បណ្តេញ​ចេញ​ភ្លាម​ៗឡើយ។

មឿន ណុន អាយុ​៧០ឆ្នាំ​មកពី​ខេត្ត​កំពង់​ស្ពឺ​បាន​និយាយថា “ខ្ញុំ​មក​តវ៉ា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ចាប់តាំង​ពី​យើង​បាន​បោះ​ឆ្នោត​ឲ្យ​លោកស្រី។ ហេតុ​អ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​សួរ​ប្រជា​ជន​ពី​រឿង​នេះ​សិន?”។

ការ​តវ៉ា​របស់​លោកស្រី សុភាព​ត្រូវ​បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ការ​តវ៉ា​តប​វិញ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​៣០នាក់​ដែល​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ព្យាយាម​បង្ខំឲ្យ​ក្រុម​នេះ​ចាក​ចេញពី​បរិវេណ​គណបក្ស​សង្គ្រោះ​ជាតិ។

ជម្លោះ​បាន​ផ្ទុះឡើង​បន្ទាប់​ពី​អ្នក​លក់​កាហ្វេ​ម្នាក់​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​អះ​អាង​ថា លោកស្រី សុភាព បាន​ទិញ​ភេសជ្ជៈ​របស់​គាត់​មិន​ឲ្យ​លុយ។

អ្នកលក់​កាហ្វេ​រូប​នេះ​បាន​និយាយ​ថា “គាត់​ជំពាក់ថ្លៃកាហ្វេខ្ញុំ១.០០០រៀល​ ហើយ​គាត់​មិន​ទាន់​បាន​ឲ្យ​លុយ​ខ្ញុំ​នៅ​ឡើយ​ទេ ដូច្នេះ​សូមឲ្យ​លុយ​ខ្ញុំ​ឥឡូវ​នេះ​មក” ជា​អ្វី​ដែល​លោកស្រី សុភាព​ បាន​បដិសេធ។

អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​បាន​ចេញ​មក​ពី​ក្រុម​នេះ ​អះ​អាង​ថា លោកស្រី សុភាព​ បាន​ជំពាក់​គាត់​​២០ដុល្លារ​ ហើយ​លើកឡើង​ថា គាត់​បាន​ឲ្យ​លុយ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ខ្ចី​ច្រើន​ខែ​មក​ហើយ។

លោកស្រី សុភាព​ បាន​សួរ​អ្នក​ទារ​លុយ​នោះ​ថា “តើ​អ្នក​ហា៊ន​ស្បថ​ដាក់​ជីវិត​ទេ​ថា ខ្ញុំ​ជំពាក់​លុយ​អ្នក​?”។ ខ្ញុំ​នឹង​ប្តឹង​អ្នក​ពី​បទ​បរិហារ​កេរ្តិ៍​ខ្ញុំ”។

ដោយ​មិន​សប្បាយចិត្ត​ អ្នក​ទារ​ប្រាក់​រូប​នេះ​បាន​យក​ទូរស័ព្ទ​​តម្លៃ​ថោក​មួយ​គ្រឿង​របស់​លោកស្រី​ សុភាព​ ជំនួស​ឲ្យ​លុយ​២០ដុល្លារ​ ហើយ​បាន​ចាក​ចេញទៅ។

បន្តិច​ក្រោយមក លោកស្រី សុភាព​ និង​ក្រុម​របស់​គាត់​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចាកចេញ​ពី​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស