27 C
Phnom Penh

នគរ​បាល​​សម្លាប់​មេ​ចោរប្លន់​​​ដ៏ល្បី​អំឡុង​​​ប្រតិបត្តិការ​ដេញ​តាម​ចាប់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នគរ​បាល​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​អំឡុង​ពេល​ជិះម៉ូតូ​ដេញ​តាម​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​បាន​ចាប់​ខ្លួន​​បក្ខពួក​ពីរ​នាក់​របស់​ជននេះ​ ដោយ​ជនទាំង​បីនាក់​នេះជាប់​សង្ស័យ​ពីបទ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី។

ជនសង្ស័យ​ឈ្មោះ ខេង ពិសិដ្ឋ អាយុ​២៦​ឆ្នាំ បាន​ស្លាប់​​នៅ​កណ្ដាល​វាលស្រែ​ខាង​ក្រោយពន្ធនាគារ​ព្រៃស ក្នុង​ខណ្ឌ​ដង្កោ បន្ទាប់ពី​បាន​បាញ់​កាំភ្លើង​​កា៥៧​​សំដៅ​ទៅ​លើ​សមត្ថកិច្ច​ដែល​បាន​ដេញ​តាម​​ខ្លួន​អស់​រយៈ​ពេល​ប្រហែល​១ម៉ោង នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក អេង​ សោភា នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ។

លោក អេង សោភា បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ការ​ពារ​ខ្លួន​”។ លោក​បាន​លើក​ឡើង​ទៀត​ថា នឹង​មិន​មាន​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​ណាមួយ​​ជុំវិញ​ការ​ស្លាប់​របស់​បុរស​រូប​នេះឡើយ ដោយ​សារ​តែ​ជននេះ​បាន​ផ្ទុះ​អាវុធ​មុន​។ លោក​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​​ឡើង​បន្ទាប់ពី​ចាប់​បាន​បុរស​ម្នាក់​ ដែល​កំពុង​បើក​បរ​លើ​ផ្លូវ​វេងស្រេង នៅ​ម៉ោង​ប្រហែល​៣រសៀល។ ជនសង្ស័យ​ដែល​​អត្តសញ្ញាណ​​មិន​​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​​ដោយ​សារ​កំពុង​បន្ត​ស៊ើបអង្កេត​ម្នាក់​នោះ​បាន​ប្រាប់​នគរ​បាល​​ពី​ទីតាំង​ផ្ទះ​ជួល​របស់ ខេង ពិសិដ្ឋ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ហើយ​នគរ​បាល​ក៏​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​​ផ្ទះ​នោះ​ភ្លាមៗ។

យោង​តាម​លោក អេង សោភា បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​មិន​ត្រូវ​បាន​​បញ្ចេញ​អត្ត​សញ្ញាណ​ទី២​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​នោះ ចំណែង​ឯ​ ខេង ពិសិដ្ឋ​ បាន​លោត​​ផ្លោះ​តាម​បង្អួច​ជាន់​ទី១ដើម្បី​​គេច​ខ្លួន​។ ខេង ពិសិដ្ឋ បាន​ប្លន់​ម៉ូតូ​មួយគ្រឿង​បើក​​​គេច​ខ្លួន​ដោយ​មាន​នគរ​បាល​ដេញ​តាមពីក្រោយ​។ ប្រហែល​១០នាទី​ក្រោយ​មក ខេង ពិសិដ្ឋ បាន​​​ប្លុង​ម៉ូតូ​នោះ​ចោល ហើយ​បាន​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ទៀតដើម្បី​បើក​​គេច​ខ្លួន​ ហើយ​មិន​បាន​ប៉ុន្មាន​ក៏​ប្លុង​ម៉ូតូ​នោះ​ចោល​ទៀត ហើយ​រត់​ចូល​ទៅ​ក្នុង​​​រោងចក្រ​​​កាត់​ដេរ​សាន់​ស្កាយ (Sun Sky)។

លោក អេង សោភា បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ទៅ​ដល់​រោងចក្រ​​​ ខេង ពិសិដ្ឋ​ បាន​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ទៀតជិះ​គេច​ខ្លួន ហើយ​នគរ​បាល​ក៏​បើក​ដេញ​តាម​រហូត​ដល់​ខាង​ក្រោយ​ពន្ធនាគារ​ព្រៃស​។ ពេល​​ទៅ​ដល់ទីនោះ​ជនសង្ស័យ​​បាន​ចាប់​ផ្ដើម​បាញ់​ប្រហារ​មក​លើ​នគរ​បាល ហើយ​នគរ​បាល​ក៏​បាញ់​តប​វិញ​បណ្ដាល​ឲ្យ​ជននេះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នៅ​ម៉ោង​ប្រហែល​៥ល្ងាច​ វា​បាន​បើក​បរ​ទៅ​ខាង​ក្រោយ​ពន្ធនាគារ​ព្រៃស ហើយ​នគរ​បាល​​ក៏​បាន​បាញ់​វា​នៅ​ទីនោះ។ មាន​នគរ​បាល​ជិត​១០០​នាក់ រួម​ទាំង​នគរ​បាល​មក​ពី​ខណ្ឌ​ទួលគោក ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ដង្កោផង​ដែល​បាន​ព្យាយាម​ចាប់ខ្លួន​វា”។

លោក​បាន​លើក​ឡើង​បន្ត​ថា គ្មាន​នរណា​ម្នាក់​ផ្សេង​ទៀត​រង​របួស​ទេ អំឡុង​​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​​​នេះ។ លោក​បាន​បញ្ជាក់​ថា បុរស​មិន​បញ្ចេញ​អត្តសញ្ញាណ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​៕ សុខុម​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស