ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចាប់ខ្លួនក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលជាប់សង្ស័យថា បានចាប់ក្មេងស្រីជិតខាងអាយុ៤ឆ្នាំម្នាក់ជ្រមុជទឹកសម្លាប់កាលពីថ្ងៃសៅរ៍។
លោក សំ សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា ជនសង្ស័យរូបនេះបានសារភាពប្រាប់នគរបាលថា នាងបានសម្លាប់ក្មេងស្រីជិតខាងឈ្មោះ ហៀក គឹមឆេង កាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីដោះយកក្រវិលមាសរបស់ក្មេងស្រីរូបនេះ ដែលនាងបានយកទៅលក់ដើម្បីទិញទូរស័ព្ទដៃ។
លោក សំ សាក់ បានមានប្រសាសន៍ថា “មូលហេតុដែលជនសង្ស័យសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំនេះគឺដោយសារនាងត្រូវការលុយដើម្បីទិញទូរស័ព្ទ”។ លោកបានបន្ថែមថា “ជនសង្ស័យបានដោះក្រវិលពីជនរងគ្រោះ ហើយបន្ទាប់មកបានចាប់ក្មេងស្រីរងគ្រោះជ្រមុជទឹក រហូតដល់នាងលែងកម្រើកតែម្តង”។
លោក ឃុត សុផល អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ក្មេងស្រី ឈ្មោះ ហៀក គឹមឆេង ត្រូវបានសម្លាប់នៅក្នុងឃុំ រលាំងគ្រើល ចម្ងាយប្រហែល៥០០ម៉ែត្រពីផ្ទះរបស់នាង បន្ទាប់ពីដើរទៅជាមួយជនសង្ស័យរូបនេះទៅកាន់ទំនប់តូចមួយ។
លោក សុផល បានមានប្រសាសន៍ថា ក្មេងស្រីរងគ្រោះបានចេញពីផ្ទះជីដូនរបស់ខ្លួននៅម៉ោងប្រហែល១រសៀលថ្ងៃសៅរ៍ដើម្បីទៅទិញអំពៅ។ លោកបានមានប្រសាសន៍ថា នៅពេលមិនឃើញនាងត្រឡប់មកវិញ ជីដូនបានទៅរកនាង ហើយបានប្រទះឃើញនាងដេកផ្កាប់មុខក្នុងទឹកក្បែរទំនប់នៅម៉ោងប្រហែល៦ល្ងាច។ លោកបានមានប្រសាសន៍ថា “ក្មេងស្រីរូបនេះត្រូវបានប្រទះឃើញស្លាប់នៅក្នុងទឹក…ដោយមានថ្មបីដុំសង្កត់ពីលើនាង”។
លោក សុផល បានមានប្រសាសន៍ថា បន្ទាប់ពីរកឃើញសាកសព នគរបាលបានសាកសួរអ្នកភូមិដែលបានឃើញក្មេងស្រីអាយុ១២ឆ្នាំដើរទៅទំនប់ជាមួយ ហៀក គឹមឆេង “ដោយមានជំនួយពីពួកគាត់ យើងបានកំណត់អត្តសញ្ញាណជនសង្ស័យដែលពួកគេបានសាកសួរនៅយប់នោះ”។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីយើងបានប្រទះឃើញក្មេងស្រីរូបនេះ និងទទួលបានព័ត៌មានពីសាក្សីមក យើងបានហៅក្មេងស្រីអាយុ១២ឆ្នាំរូបនេះមកសាកសួរ ហើយនាងបានសារភាពថា នាងពិតជាបានសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំនេះមែន”។ លោកបានបន្ថែមថា “វាជាករណីលើកដំបូងពាក់ព័ន្ធក្មេងស្រីម្នាក់សម្លាប់ក្មេងស្រីម្នាក់ទៀតនៅក្នុងស្រុករបស់ខ្ញុំ ហើយខ្ញុំមានចិត្តអាណិតទាំងជនរងគ្រោះ និងជនសង្ស័យ ពីព្រោះពួកគេនៅក្មេងណាស់”។
លោក សំ សាក់ បានមានប្រសាសន៍ថា ក្មេងស្រីរូបនេះបានប្រាប់នគរបាលថា នាងយកក្រវិលនេះទៅលក់នៅផ្សារបានលុយប្រហែល២០ដុល្លារ ហើយបានយកលុុយនេះទៅទិញទូរស័ព្ទមួយគ្រឿងតម្លៃ១៩ដុល្លារ។ លោកបានមានប្រសាសន៍ពីជនសង្ស័យរូបនេះថា “ក្មេងស្រីរូបនេះជាក្មេងមិនល្អតាំងពីនាងនៅកុមារម៉្លេះ ហើយតែងតែលួចរបស់របរអ្នកដទៃ”។
លោក សំ សាក់ បានមានប្រសាសន៍ថា ក្មេងស្រីអាយុ១២ឆ្នាំរូបនេះដែលស្ថិតនៅក្នុងការឃុំឃាំងនៅស្នងការដ្ឋាននគរបាលខេត្តនៅឡើយនោះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ៕សារុន