29 C
Phnom Penh

សាលា​រាជធានី​ភ្នំ​ពេញ​​បញ្ចេញ​ប្លង់ថ្មី​សម្រាប់​អភិវឌ្ឍ​​តាម​បណ្តោយ​មាត់​​ច្រាំងទន្លេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលារាជធានី​ភ្នំពេញ​បាន​បញ្ចេញ​ប្លង់​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បណ្តោយ​មាត់​ច្រាំង​ទន្លេ​​ប្រវែង​២គីឡូម៉ែត្រ ​នៅ​ភាគ​ខាង​ជើង​នៃ​​ស្ពាន​ជ្រោយ​​ចង្វារ​ ប៉ុន្តែ​មិន​​បញ្ជាក់​​ថា តើ​សាលា​រាជ​ធានី​មាន​ផែន​ការ​ដោះ​ស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ដោយ​របៀប​ណា​​ឡើយ។

ប្លង់​មេ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់សាលា​រាជធានី​នៅ​សប្ដាហ៍​នេះ​ បង្ហាញ​ពី​រូប​សួន​ច្បារ​សាធារណៈ​ធំៗ ដោយ​មាន​កន្លែង​ចត​រថយន្ត​​ និង​កន្លែង​​ទូក​ទេសចរណ៍​ចូល​ចត​។ យោង​តាម​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​នេះ​នឹង​រួម​មាន​កន្លែង​ប្រគំ​តន្ត្រី កន្លែង​ហាត់​កីឡា និង​កន្លែង​ទទួល​ទាន​អាហារ​ផង​ដែរ​។

​ខ្លឹម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​​បញ្ជាក់​ថា “គោល​បំណង​នៃ​ការ​អភិវឌ្ឍ​នេះ​​ គឺ​ដើម្បី​ “លើក​កម្ពស់​សោភ័ណភាព​​តាម​បណ្ដោយ​ច្រាំង​ទន្លេ”។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​​ភ្នំពេញ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សាលា​រាជ​ធានី​​នឹង​ចាប់​ផ្ដើម​ស្វែង​រក​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ​ខែ​នេះ ដើម្បី​ចាប់​ដៃគូ​ជាមួយ​ខ្លួន​លើ​គម្រោង​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​អភិវឌ្ឍ​កន្លែង​ទំនេរ​មុន ហើយ​កន្លែង​ដែល​មាន​ផលប៉ះពាល់​នឹង​ត្រូវ​អភិវឌ្ឍ​សន្សឹម​ៗ​។ យើង​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​រួច​ហើយ”។ ទោះជា​យ៉ាងណា ​លោកមិន​​បញ្ជាក់​​បន្ថែម​ថា តើ​អាច​នឹង​មាន​ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ ឬយ៉ាង​ណា​ឡើយ។

លោក​បាន​លើកឡើង​​បន្ត​ថា មុន​ពេល​បង្វែរ​ការ​យកចិត្ត​ទុក​ដាក់​​របស់​ខ្លួន​ទៅ​ភាគ​ខាង​ជើង​នៃ​ច្រាំង​ទន្លេ សាលារាជធានី​​នឹង​ស្ថាបនា​ផ្លូវ​ដើរ​ថ្មី​មួយខ្សែ​​តាម​បណ្ដោយ​ច្រាំង​ទន្លេ​ពី​ចំណុច​​សាល​មហោស្រព​ចតុមុខ​ ឆ្ពោះ​ទៅ​កោះពេជ្រ និង​​ពី​កោះពេជ្រ​ឆ្ពោះ​ទៅ​ស្ពាន​ព្រះមុនីវង្ស​ជា​មុន​សិន។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា ផែន​ការ​មេ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​រចនា​ឡើង​​ដោយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ការ​អភិវឌ្ឍ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បឋម​នៅ​ឡើយ​។លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នេះ​គឺជា​ប្លង់ ប៉ុន្តែ​យើង​នឹង​បន្ត​ចុះ​ទៅ​ធ្វើ​ការ​ស្ទាប​ស្ទង់​អំពី​ការ​ផល​ប៉ះពាល់​​លើ​ប្រជា​ពលរដ្ឋ​”៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស