កសិករជនជាតិដើមភាគតិចព្នងដែលជាប់ពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ ដែលកាន់កាប់ដោយវៀតណាមនៅក្នុងខេត្តមណ្ឌលគិរីបានបោះបង់ការគ្រប់គ្រងត្រាក់ទ័ររបស់ក្រុមហ៊ុន ដែលពួកគាត់បានចាប់កាលពីសប្ដាហ៍មុន បន្ទាប់ពីនគរបាល និងកងរាជអាវុធហត្ថជាច្រើនបានបង្ហាញមុខកាលពីថ្ងៃសៅរ៍ ដើម្បីមកយកត្រាក់ទ័រនោះវិញ។
អ្នកភូមិជនជាតិដើមភាគតិចព្នងប្រហែល២០០គ្រួសារ នៅក្នុងស្រុកកែវសីមា បានចោទប្រកាន់ក្រុមហ៊ុន Binh Phuoc 1 ថា បានរំលោភយកដីរបស់ពួកគាត់ ដែលពួកគាត់លើកឡើងថា ពួកគាត់បានធ្វើស្រែចម្ការច្រើនជំនាន់មកហើយ។
អាជ្ញាធរមូលដ្ឋានអះអាងថា គ្រួសារទាំងនេះគឺជាអ្នកមកតាំងទីលំនៅខុសច្បាប់ ដែលទើបតែផ្លាស់មករស់នៅក្នុងតំបន់នេះថ្មីៗតែប៉ុណ្ណោះ ហើយផ្ទះសំបែងរបស់ពួកគាត់ជាច្រើនខ្នងត្រូវបានបំផ្លាញកាលពីខែមុន។
លោក យ៉ាន ម៉ៅ ជាកសិករម្នាក់បាននិយាយថា ពួកគាត់បានចាប់ត្រាក់ទ័រមួយគ្រឿង របស់ក្រុមហ៊ុននេះទុកកាលពីថ្ងៃទី២៩ ខែធ្នូ នៅពេលត្រាក់ទ័រនេះកំពុងរានដី ប៉ុន្តែបានប្រគល់ឲ្យវិញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីនគរបាល និងកងរាជអាវុធហត្ថប្រហែល៦០នាក់បានមកដល់កន្លែងកើតហេតុ ហើយធ្វើការគំរាមកំហែង។
លោកបាននិយាយថា “យើងភ័យខ្លាច ពីព្រោះនគរបាល និងកងរាជអាវុធហត្ថបានឡោមព័ទ្ធពួកយើង ហើយបានយកកាំភ្លើងមកភ្ជង់គំរាមសម្លាប់ ឬគំរាមចាប់ខ្លួន ប្រសិនបើពួកយើងណាម្នាក់ព្យាយាមរារាំងអាជ្ញាធរមិនឲ្យយកត្រាក់ទ័រនេះត្រឡប់ទៅវិញ។
លោក យ៉ាន ម៉ៅ បាននិយាយថា កសិករក៏បានសាងសង់ជម្រកចំនួន១២នៅកន្លែងដែលត្រូវបានបំផ្លាញកាលពីសប្ដាហ៍មុន ប៉ុន្តែត្រូវបានគំរាមមិនឲ្យធ្វើបន្ថែមទៀតដោយលោក ស៊ិន វ៉នវុធ អភិបាលស្រុកដែលបានមកជាមួយនគរបាលកាលពីថ្ងៃសៅរ៍។ លោកបាននិយាយថា “អភិបាលស្រុកបានគំរាមដុតជម្រករបស់យើង ហើយចាប់ពួកយើងដាក់ខ្នោះ ប្រសិនបើយើងបន្តសាងសង់ជម្រកទៀត”។ លោក វ៉នវុធ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកបានបញ្ជាក់ថា លោកបានដាក់ពង្រាយមន្ត្រីទាំងនេះដើម្បីយកត្រាក់ទ័រពីកសិករមកវិញ ប៉ុន្តែបានអះអាងថា លោកមិនដឹងអំពីវិវាទដីធ្លីនេះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងរឿងនេះទេ ពីព្រោះខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកអភិបាលតែប៉ុណ្ណោះ”។
លោក ចេង សុវិចិត្រ អ្នកគ្រប់គ្រងនៅចម្ការកៅស៊ូនេះបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកទទួលបានដីសម្បទានក្នុងតំបន់ដែលមានវិវាទនេះពីរដ្ឋាភិបាល ហើយបានសុំឲ្យមន្ត្រីថ្នាក់ស្រុកជួយអន្តរាគមន៍ជំនួស។
លោកបានមានប្រសាសន៍ថា “យើងគិតថា ការចាប់យកត្រាក់ទ័រគឺជាការខុសច្បាប់ ពីព្រោះអ្នកភូមិទាំងនេះបានរារាំងក្រុមហ៊ុនមិនឲ្យធ្វើការងារ។ យើងចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែអ្នកភូមិទាំងនោះបានបដិសេធ ដូច្នេះហើយយើងបានសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍”។ លោក យ៉ាន ម៉ៅ បាននិយាយថា ក្រុមអ្នកភូមិមានគម្រោងធ្វើដំណើរមករដ្ឋសភាក្នុងរាជធានីភ្នំពេញនៅថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងក្រុមហ៊ុននេះ និងមន្ត្រីមូលដ្ឋានរបស់ខ្លួន៕ សារុន