34 C
Phnom Penh

សំណុំរឿង​ប្រឆាំង​អ្នកភូមិ​ក្នុង​ខណ្ឌឫស្សីកែវ​​ត្រូវ​បាន​ពន្យាពេល​ ដោយ​សារ​ដើម​ចោទ​អវត្តមាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ផ្អាក​​​ការ​​​បើក​​​សវនាការ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​របស់​​​អ្នក​​​​​​ភូមិ​​​ចំនួន​​​បួន​​​នាក់​​​មក​​​ពី​​​ខណ្ឌ​​ឫស្សី​​​កែវ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​អំពើហិង្សា​​​​​​លើ​​​ម្ចាស់​​​ដី​​​ម្នាក់​​​ បន្ទាប់​​​ពីដើម​​​ចោទ​​​ដែល​​​ស្ថិត​​​ក្នុង​​​ភាព​​​អាថ៌កំបាំង​​​មិនបាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​។

លោក ចាន់ សុជាតិ មេធាវី​​​ តំណាង​​​ចុង​​​ចោទ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ​​​ពាក្យ​​​បណ្ដឹង​​​​​​​នេះ​​​ត្រូវ​​​បាន​​​ប្ដឹង​​​កាល​​​ពី​​​​​​ខែ​​​​ឧសភា​​​ឆ្នាំ​​​២០១២​​​ដោយ​​​មនុស្ស​​​ម្នាក់​​​​​​ជួស​​​មុខ​​​ឲ្យ​​​លោក ឡៅ តុង​​​ងី​​​ ដែល​​​ចោទ​​​ប្រកាន់​​​អ្នក​​​ភូមិ​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​រូប​​​គាត់​​​​​​បន្ទាប់ពី​​​គាត់​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​ដែល​​​ជា​​​កម្ម​​​សិទ្ធ​​​របស់​​​គាត់។លោក​​​បាន​​បន្ថែម​​​ថា​​​ ពាក្យ​​​បណ្ដឹង​​​នេះ​​​មិន​​​បាន​​​បញ្ជាក់ ថា តើ​​​សកម្ម​​​ភាព​​​អ្វី​​​ដែល​​​អ្នក​​​ភូមិ​​​​​​ទាំងនេះ​​​បាន​​​ប្រព្រឹត្ត​​​នោះ​​​ឡើយ។​​​

លោក តុងងី​​​ មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​ចុង​​​ចោទ​​​ទាំង​​​បួន​​​នាក់​​​បាន​​​លើក​​​ឡើង​​​ថា​​​ ពួកគាត់​​​មិន​​​ដែល​​​បាន​​​ជួប​​​បុរស​​​រូប​​​នេះ​​​ឡើយ​​​។

ចុង​​​ចោទ​​​ម្នាក់​​​ឈ្មោះ ប៊ូ ម៉េង​​​ អាយុ​៤០​ឆ្នាំ បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​ស្គាល់​​ដើម​ចោទ​ទេ ខ្ញុំ​មិន​ដែល​បាន​ឃើញ​មុខ​ ឬ​បាន​ឮសំឡេង​របស់​គាត់​ឡើយ​”។

លោក ប៊ូ ម៉េង បាន​​បន្ថែម​ថា ការ​បើក​សវនាការ​នេះ​​គឺ​ជា​ការ​បើក​សវនាការ​លើក​ទី៣​ហើយ​​​សម្រាប់​លោក និង​ចុង​ចោទ​បី​នាក់​ផ្សេង​ទៀត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​។

ដោយ​សារ​តែ​អវត្តមាន​របស់​​ដើមចោទ ចៅក្រម​​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្នះ តុប​ ឈុនហេង ​បាន​សម្រេច​​ផ្អាក​ការ​បើក​​សវនាការ​​នេះ​ ប៉ុន្តែ​​​មិន​បាន​លើក​ឡើង​ថា ​តើ​ពេល​ណា​វា​នឹង​ត្រូវ​បន្ត​ទៀត​ឡើយ។

​ចុង​ចោទ​ទាំង​បួន​នាក់​​​នេះ​រស់​នៅ​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦។ ​អ្នកភូមិ​ចំនួន​ប្រហែល​៥០​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​ ដើម្បី​ទាមទារ​​ឲ្យ​មាន​ការ​​លើក​លែង​ការ​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ។

​ដោយ​សារ​មានជម្លោះ​ជា​មួយ​លោក តុងងី អ្នកភូមិ​​កំពុង​ប្រឈម​​នឹង​ការ​គំរាម​កំហែង​នៃ​ការ​បណ្ដេញ​ចេញ​​ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​មក នៅ​ពេល​សាលា​រាជ​ធានី​​​បាន​ចេញ​សេចក្ដី​​ប្រកាស​មួយ​​​ចុះ​ហត្ថ​លេខា​ដោយ​​​លោក ធុយ សុខន អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយ​​​ប្រាប់​អ្នក​ភូមិ​ទាំង​នេះ​ឲ្យ​ចាក​ចេញ​​ពី​ដី​នេះ​ បើ​ពុំដូច្នោះ​ទេ​នឹង​មាន​ការ​ប្រើ​កម្លាំង​។ សេចក្ដី​ប្រកាស​នេះ​បាន​លើក​ឡើង​ថា សាលា​រាជ​ធានី​ត្រូវ​ការ​ដី​នេះ​សម្រាប់​គម្រោង​ពង្រីក​ផ្លូវ។

​គេ​មិន​អាច​ទាក់​ទង​​លោក សុខន ​ដើម្បី​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ឡើយ។

អ្នកស្រី​ ខៀវ ចិន្តា ចុង​ចោទ​ម្នាក់​ទៀត​​​​បាន​និយាយ​​ទាក់​ទិន​នឹង​សំណុំ​រឿង​របស់​តុលាការ និង​សេចក្ដី​ប្រកាស​ស្ដីពី​ការ​បណ្ដេញ​ចេញ​ថា “ខ្ញុំ​គិត​ថា វា​មាន​ទំនាក់​ទំនង​គ្នា”។

អ្នកស្រី​ ចិន្តា អាយុ​៤០​ឆ្នាំ​បាន​ពន្យល់​ថា កាលពី​ឆ្នាំ​២០០៩ អាជ្ញាធរ​មូលដ្ឋាន​បាន​​ចុះ​រុះ​រើ​ផ្ទះ​ចំនួន​​ប្រាំមួយ​ខ្នង​នៅ​ក្នុង​ភូមិ​នេះ ដោយ​អះអាង​ថា ផ្ទះ​ទាំង​នេះ​ត្រូវ​បាន​សាងសង់​លើ​​ដី​​ដែល​ជា​កម្មសិទ្ធិ​របស់​សាលា​រាជ​ធានី។ បន្ទាប់​មក​អ្នកភូមិ​បាន​សាងសង់​ផ្ទះ​នៅ​លើ​ដីដដែល​នេះឡើង​វិញ ហើយ​ក្រោយ​មក​ពួកគាត់​​ទទួល​បាន​សេចក្ដី​ប្រកាស​ម្ដង​ទៀត​ពី​អាជ្ញាធរ​កាលពី​ឆ្នាំ​២០១០ ដែល​លើក​ឡើង​ថា ដី​នេះ​តាម​ពិត​ទៅ​គឺ​ជា​កម្មសិទ្ធិរបស់​លោក តុងងី។

ចុង​ចោទ​ទាំង​បួន​នាក់​នេះ​បានលើក​ឡើង​ថា ពួកគាត់​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ម្លេ៉ះ។

ទោះបី​ជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិន​ទាន់​អនុវត្ត​សេចក្ដី​ប្រកាស​ស្ដីពី​ការ​បណ្ដេញ​ចេញ​របស់​ពួកគេ​ក៏ដោយ តែ​ផ្ទះ​ចំនួន​២៦​ខ្នង​នៅ​ក្នុង​ភូមិ​នេះ​ត្រូវ​បាន​​ដុត​កម្ទេច​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ហើយ​អតីត​ម្ចាស់​ផ្ទះ​ទាំង​នេះ​សង្ស័យ​ថា​ជាការ​លួច​ដុត។

អ្នកភូមិ​ម្នាក់​ឈ្មោះ ឈឹម សុភ័ណ បាន​និយាយ​នៅ​ពេល​នោះ​ថា “អ្នកភូមិ​ភាគ​ច្រើន​សង្ស័យ​ថា មាន​គេ​រៀបផែន​ការ​ដុត​ផ្ទះ​ទាំង​នេះ​ ដោយ​សារ​យើង​មិន​ព្រម​ចាក​ចេញ ប៉ុន្តែ​យើង​គ្មាន​ភ័ស្តុតាង​ឡើយ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស