25 C
Phnom Penh

​​​អង្គ​​​ការILOជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​អន្តរជាតិ​​ធំៗ​ជួយ​ចំណាយ​សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ពលកម្ម​អន្តរជាតិ ILO កំពុង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ធំ​ៗ​ក្នុង​ពិភព​លោក​ជួយ​ទូទាត់​បង្គ្រប់​​ការ​ចំណាយ​របស់​រោងចក្រ​កាត់​ដេរ​នានា​នៅ​​​​កម្ពុជា ដោយ​សារ​ការ​ដំឡើង​២៨​ដុល្លារ​លើ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ ដែលចូល​​​​ជា​ធរមាន​នៅ​ខែ​នេះ​។

ការ​ដំឡើង​​​ប្រាក់​ខែ​​​គោល​​ពី​១០០​ដុល្លារ​ដល់​១២៨ដុល្លារ​នេះ ត្រូវ​បាន​​ក្រសួង​ការ​ងារ​ប្រកាស​កាលពី​ខែ​វិច្ឆិកា និង​​ធ្វើ​ឲ្យ​ប្រាក់​ខែ​គោល​ឡើង​លើស​ទ្វេ​ដង​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដែល​នៅ​ពេល​នោះ​មាន​ចំនួន​​​ត្រឹម​​​តែ​៦១​ដុល្លារ​។

ទោះបី​ជា​ប្រាក់​ខែ​គោល​ថ្មី​នេះ​មិន​គ្រប់​​​​ចំនួន​​​តាម​ការ​ទាមទារ​​របស់​សហជីព​មួយ​ចំនួន​ក្ដី ក៏​​​​បណ្តា​​​និយោជក​និយាយ​ថា រោងចក្រ​រាប់​សិប​​ក្នុង​ចំណោម​រោងចក្រ​កាត់​ដេរ​ជាង​៥០០​នៅ​ទូទាំង​ប្រទេស ​ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ ជា​ចំណាត់​ការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​​បាត់​បង់​ការ​ងារ​។ ជា​ការ​ឆ្លើយតប ​ក្រុម​ហ៊ុន​​ធំៗ​មួយ​ចំនួន​​ដែល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា បាន​សន្យា​ដំឡើង​ថ្លៃ​​​​ទំនិញ​​​ដែល​​​ខ្លួន​​​បញ្ជា​ទិញដើម្បី​ជួយ​​ឲ្យ​រោងចក្រ​ទាំង​នេះ​​មាន​​​លទ្ធភាព​​​អាច​​​ដំឡើង​​​ប្រាក់​​​ខែ​​​ជូន​​​កម្ម​​​ករ​​​បាន​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ធំៗ​បំផុត​មួយ​ចំនួន​​មិន​ទាន់​បាន​​សន្យា​​​​បែប​​​នេះ​​​នៅ​ឡើយ​ទេ។

នៅ​ក្នុងសេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ អង្គការ​ ILO បាន​ជំរុញ​ឲ្យ​​ក្រុម​ហ៊ុន​ទាំង​​អស់​ចូល​រួម​​​​ចំណែក​​​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បញ្ជាក់​ថា ​ការ​ដំឡើង​ប្រាក់​ខែ​ចុង​ក្រោយ​នេះ​ នឹង​​​​ជំរុញ​ប្រាក់​ខែ​​​​គោល​​​ជា​មធ្យម​នៅ​ក្នុង​វិស័យ​កាត់​ដេរ រួម​​ទាំង​​ប្រាក់​​បន្ថែម​ម៉ោង និង​ប្រាក់​រង្វាន់​​​ផង​​​ពី​​​១៨៣​ដុល្លារដល់​​​​២១៧​ដុល្លារ​​ ហើយ​បង្កើន​ការ​ចំណាយ​របស់​រោងចក្រ​ជិត​២០ភាគរយ​។

លោក​ ម៉ាលត៍ លូបឃើ (Malte Luebker) អ្នក​ឯកទេស​ជាន់​ខ្ពស់​​ផ្នែក​ប្រាក់​ឈ្នួល​ប្រចាំ​តំបន់​របស់​អង្គការ​ ILO ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា ” ​​​រវាង​​​កត្តា​​​​ទាំង​ពីរ​នេះ រោងចក្រ​នានា​បាន​ធ្លាក់​ចុះ​​​​​ប្រាក់​​​ចំណូល​ប្រតិបត្តិការ​​​ច្រើន​​​​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា រោងចក្រ​​អាច​​​រ៉ាប់​រង​ការ​ចំណាយ​​​​​ខ្លះនៃប្រាក់​​​ខែ​​​គោល​​​​​ថ្មី​​​​​​នេះ​​​បាន​​​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​​ថា ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​នឹង​​​មក​​​សន្សឹមៗ ហើយ​ទូទាត់​តែ​មួយ​ភាគ​​នៃ​ការ​ចំណាយ​ថ្មី​របស់​ពួកគេ​ប៉ុណ្ណោះ។

លោក ម៉ូរីហ្ស៊ីអូ ប៊ូសស៊ី (Maurizio Bussi) នាយក​អង្គការ​​ ILO ប្រចាំ​ប្រទេស​កម្ពុជា​​ ឡាវ និងថៃ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា ” វា​ជា​​​រឿង​​​សំខាន់​ដែល​ភាគី​ទាំងអស់​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​ធានា​ថា ឧស្សាហកម្ម​កាត់​ដេរ​​​​នៅ​​​កម្ពុជា ​នៅ​តែ​​​បាន​​​​ចំណេញ​។ យើង​សូម​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​​​​លំដាប់ពិភព​លោក​​​ទាំង​​​នេះ​​​​ចូល​រួម​”។

ដោយសន្មត​​​ថា រោងចក្រ​នានា​​នឹង​​​បង្កើន​​​​ផលិត​ភាព​របស់​ខ្លួន៤ភាគរយ​​​​នៅ​​​​ឆ្នាំ​នេះ អង្គការ​ ILO បា៉ន់​ប្រមាណ​ថា ក្រុម​​​ហ៊ុន​​​​ទាំង​នេះ​​​នឹង​​​​ត្រូវ​ដំឡើង​ថ្លៃ​​​លើ​ការ​បញ្ជាទិញ​របស់​ពួកគេ​រហូត​ដល់​ទៅ៣​ភាគរយ ដើម្បី​រ៉ាប់​រង​លើ​ប្រាក់​ខែ​គោល​ថ្មី​នេះ​ ឬ​ប្រហែល​២សេន​​​​​បន្ថែម​​​ពី​​​លើ​​ថ្លៃ​​​ផលិត​អាវ​យឺត​មួយដែលបច្ចុប្បន្ន​​​ចំណាយ​​​អស់៨០​សេន​​។ អង្គការ​ ILO បាន​លើក​ឡើង​ថា ” ការ​ដំឡើង​តិច​តួច​នេះ​​អាច​​​​បង្កើត​​​ប្រាក់​ចំណូល​បន្ថែម​​​​បាន​​​ចំនួន​១៦០​លាន​ដុល្លារ​​​សម្រាប់​​​ទ្រទ្រង់​កម្រិត​ប្រាក់​ខែ​គោល​ថ្មី​នេះ”។

លោក កែន លូ អគ្គលេខាធិការ​​សមាគម​រោងចក្រ​កាត់​ដេរ​​​នៅ​​​កម្ពុជា ដែល​តំណាង​ឲ្យ​រោងចក្រ​នាំចេញ​​​​​នានារបស់​​​​កម្ពុជា បាន​ស្វាគមន៍​សេចក្ដី​ថ្លែង​ការណ៍​នេះ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា លោករំពឹង​ថា វា​​​នឹង​​​​​​​មិន​​​ខុសគ្នា​​​ប៉ុន្មាន​​​ឡើយ ​​​ប្រសិន​បើ​​​អ្នក​ទិញ​មិន​ចាប់​ផ្ដើម​​ប្រឈម​ការ​ដំឡើង​ថ្លៃ​ដូចគ្នា​​​នៅ​ក្នុង​​​​​​បណ្តា​​​ប្រទេស​​​ដែល​​​កម្ពុជា​ កំពុង​​ប្រកួត​ប្រជែង​ជា​​​មួ​យ​​​ដូច​ជា​ ប្រទេស​បង់ក្លាដែស និង​វៀតណាម​ ជាដើម​​​ទេ​​​នោះ​​​។

លោក​បានមាន​ប្រសាសន៍​ថា ” វា​ជាកាយ​វិការ​ល្អ ប៉ុន្តែ​អង្គការ​ ILO គ្មាន​អានុភាព​លើ​អ្នក​ទិញ​ទេ”។ លោក​បាន​បន្ត​ថា វា​​​ចៀស​​​​មិន​ផុតទេដែល​រោងចក្រ​មួយ​ចំនួន​នឹង​ត្រូវ​បិទទ្វារ​​ដោយ​សារ​តែ​ការ​ដំឡើង​ប្រាក់​ខែ​នេះ ប្រសិន​បើ​គ្មាន​​​​​​អ្វី​​​​​​​កែប្រែ​។

លោក​​​មាន​​​​​​ប្រ​​​សាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រាកដ​ណាស់​ គឺ​ជាង​១០ភាគរយ​​។ ដូច​យើង​បាន​និយាយ​តាំង​ពី​ដើម​មក​ហើយ​ថា កំណត់​ប្រាក់​ខែ​គោល​កាន់​តែ​ខ្ពស់​ រោងចក្រ​កាន់​តែ​ច្រើន​នឹង​ត្រូវ​បិទ​ទ្វារ​។ ហើយ​អំឡុង​ពេល​ចរចា​ យើង​បាន​និយាយ​​​ហើយ​​​​ថា យើង​មាន​លទ្ធភាព​ត្រឹម​​​១១០​ដុល្លារទេ​​​ ដូច្នេះ​រោងចក្រ​មួយ​ចំនួន​នឹង​ត្រូវ​បិទ​ទ្វារ”។

ខណៈ​រោងចក្រ​ទាំង​នេះ​​ប្រកាន់​ខ្ជាប់​យក​តួលេខ​១១០​ដុល្លារ​អំឡុង​ពេល​ចរចា លោក កែន លូ បាន​មាន​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​ការ​​​ចរចា​​​​​​ថា ពួកគេ​​​មាន​លទ្ធភាព​​​អាច​​​​​​ដំឡើង​​​ហូត​​​​ដល់​ទៅ​១៣០​ដុល្លារ​ មុន​ពេល​ធ្វើ​ឲ្យ​​ប្រាក់​ខែ​គោល​របស់​កម្ពុជា​​ ស្មើនឹង​​ប្រាក់​ខែ​គោល​នៅក្នុង​ប្រទេស​វៀតណាម​ ដែល​ជាគូ​​​ប្រកួត​​​​ប្រជែង​​ដ៏ធំ​របស់​កម្ពុជា​។

សហជីព​​​​​​​​បាន​ចោទ​ប្រកាន់​រោងចក្រ​ទាំង​នេះ​ថា និយាយ​បំផ្លើស​ជុំវិញ​ការ​គំរាម​កំហែង​បិទ​ទ្វារ​​​រោង​​​ចក្រ​​​ជា​​​ច្រើន​នេះ​ ហើយ​គូស​បញ្ជាក់​ថា ការ​ព្រមាន​​ស្រដៀង​គ្នា​នេះ​កាលពី​ពេល​កន្លង​មក​​ មិន​ដែល​​លេច​ចេញ​ជា​រូប​រាង​​​នោះ​​​ទេ​​​៕ សុខុម​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស