នាយកប្រតិបត្តិសា្ថានីយទូរទស្សន៍ថ្មីប៉ុស្តិ៍ TV3 Asia បានឲ្យដឹងកាលពីម្សិលមិញថា សា្ថានីយទូរទស្សន៍ថ្មីប៉ុស្តិ៍ TV3 Asia កំពុងតែខិតខំយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធនិងកែស្លាកសញ្ញារបស់ខ្លួនឡើងវិញ ព្រមទាំងផ្លាស់ប្តូរកម្មវិធីផ្សាយរបស់ខ្លួនផងដែរ បន្ទាប់ពីជួបការលំបាកចាប់តាំងពីប៉ុស្តិ៍នេះបានបើកដំណើរការផ្សាយអស់រយៈពេលប្រាំមួយខែកន្លងមក ដើម្បីប្រកួតប្រជែងជាមួយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកធំធំ។
លោក កេនតាក់ អាកាក់មិណិ (Kenta Akamine) នាយករងគ្រប់គ្រងប៉ុស្តិ៍ TV3 Asia បានលើកឡើងថា បន្ទាប់ពីចាប់ផ្តើមបើកដំណើរការផ្សាយនៅខែកក្កដា ដោយក្តីសង្ឃឹមយ៉ាងខ្លាំងថា នឹងទាក់ទាញទស្សនិកជនឲ្យចាប់អារម្មណ៍លើកម្មវិធីជប៉ុនរបស់ខ្លួនមក ក្រុមការងាររបស់ប៉ុស្តិ៍ TV3 Asia បានកាត់បន្ថយពីប្រហែល៧០នាក់មកនៅត្រឹម៥៥នាក់ បន្ទាប់ពីមានការដាក់ពាក្យសុំលាឈប់ និងបុគ្គលិកនៅទំនេរគ្មានការងារធ្វើក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក អាកាក់មិណិ បានលើកឡើងទៀតថា ស្ថានីយទូរទស្សន៍នេះកំពុងរៀបចំរចនាសម្ព័ន្ធនៃប្រតិបត្តិការរបស់ខ្លួនឡើងវិញ ដោយកាត់បន្ថយកម្មវិធីព័ត៌មានពី៨០ភាគរយមកនៅត្រឹម៣០ភាគរយ ខណៈប៉ុស្តិ៍នេះចង់ទាក់ទាញទស្សនិកជនតាមរយៈកម្មវិធីកម្សាន្តនានាដូចជា កម្មវិធីលេងហ្គេម និងការចាក់រឿងភាគជាដើមវិញ។
លោកបានមានប្រសាសន៍ថា “យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដើម្បីចង់ដឹងថា អ្វីដែលពលរដ្ឋចាប់អារម្មណ៍ និងចូលចិត្ត ហេតុដូច្នេះខ្ញុំគិតថា យើងកំពុងស្ថិតក្នុងដំណើរការនៃការសាកល្បងនេះនៅឡើយ”។
លោក ម៉ាសារុ តូរិអិ (Masaru Torii) នាយកគ្រប់គ្រងប៉ុស្តិ៍ទូរទស្សន៍ TV3 Asia នេះបានបដិសេធមិនប្រាប់ថា តើក្រុមហ៊ុនចំណេញ ឬខាតប៉ុន្មាននោះឡើយ ប៉ុន្តែ បានលើកឡើងថា មានការលំបាកនៅក្នុងការប្រកួតប្រជែងក្នុងជំនួញប្រព័ន្ធផ្សព្វផ្សាយនេះ ដោយសារប៉ុស្តិ៍ទូរទស្សន៍ដូចជា ស៊ីធីអិន និងហង្សមាស ជាដើមកំពុងទាក់ទាញទស្សនិកជនបានយ៉ាងច្រើន តាមរយៈកម្មវិធីរបស់ពួកគេ ដែលរួមមានដូចជាកម្មវិធីប្រកួតកីឡាប្រដាល់ដ៏ពេញនិយម និងកម្មវិធី The Voice ដែលល្បីសុះសាយជាដើម។
លោក តូរិអិ បានមានប្រសាសន៍ថា “យើងគិតថា កម្មវិធីព័ត៌មានអាចរកប្រាក់ចំណេញបានច្រើន ប៉ុន្តែ វាបែរជាជួបការលំបាកទៅវិញ ព្រោះដូចយើងបានដឹងស្រាប់ហើយថា កម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាសគឺពេញនិយមខ្លាំងណាស់។ ពួកគេរកប្រាក់ចំណេញបានច្រើនជាងយើង។ ក្នុងពេលបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន១៤ក្នុងប្រទេសកម្ពុជា ដូច្នេះយើងមានដៃគូប្រកួតប្រជែងច្រើន”។
ស្ថានីយទូរទស្សន៍ ដែលភាគហ៊ុនចំនួន៨០ភាគរយគ្រប់គ្រងដោយក្រុមហ៊ុន TriAsia Group របស់ជប៉ុន និង២០ភាគរយដោយក្រុមហ៊៊ុន K.C.S Cambodiaដែលគ្រប់គ្រងប៉ុស្តិ៍TV3 ក៏មានផែនការរចនាស្លាកសញ្ញាថ្មីរបស់ខ្លួន ដែលសព្វថ្ងៃស្រដៀងនឹងស្លាកសញ្ញារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣នៅប៉ុន្មានខែខាងមុខនេះផងដែរ៕ស៊ុយឈាង