អ្នកភូមិពីរនាក់ដែលត្រូវបានចាប់ខ្លួនក្នុងខេត្តសៀមរាប កាលពីថ្ងៃច័ន្ទ អំឡុងការតវ៉ាពាក់ព័ន្ធវិវាទដីធ្លី ត្រូវបានសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទញុះញង់កាលពីម្សិលមិញ នេះបើតាមការលើកឡើងរបស់មេធាវីតំណាងពួកគាត់។
យោងតាមលោក ម៉ុន កែវសីុវីន មេធាវីតំណាងពួកគាត់បានឲ្យដឹងថា អ្នកភូមិឈ្មោះ តាំង ឡា អាយុ៥២ឆ្នាំ និង ឈុន ណាត អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទញុះញុងអ្នកភូមិនៅក្នុងសហគមន៍របស់ខ្លួន ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រីឲ្យរានដីព្រៃរបស់រដ្ឋ។
លោកបានមានប្រសាសន៍ថា “ព្រះរាជអាជ្ញារូបនេះបានចោទប្រកាន់ពួកគាត់ពីបទញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ”។
អ្នកភូមិទាំងពីរនាក់នេះមកពីសហគមន៍មួយដែលមានអ្នកភូមិ៥០០គ្រួសារ ដែលចាប់តាំងពីឆ្នាំ២០០៦មកបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយរដ្ឋបាលព្រៃឈើដែលលើកឡើងថា គ្រួសារទាំងនេះបានចាប់យក និងរានដីព្រៃរបស់រដ្ឋទំហំ៣៥០ហិកតាដោយខុសច្បាប់។
ក្រុមអ្នកភូមិលើកឡើងថា ពួកគាត់រស់នៅក្នុងតំបន់នេះដោយស្របច្បាប់ ប៉ុន្តែ ពួកគាត់ទទួលស្គាល់ថា ពួកគាត់បានមកតាំងទីលំនៅនៅទីនោះក្នុងឆ្នាំ២០០២ប៉ុណ្ណោះ។
អ្នកស្រី តាំង ឡា និងលោក ឈុន ណាត ត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាដ៏ធំមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអាជ្ញាធរបានដុតខ្ទមនៅលើដី ដែលមានវិវាទនោះ។ ក្រុមអ្នកតវ៉ាប្រដាប់ដោយកាំបិត និងពូថៅ បានបិទផ្លូវដ៏សំខាន់ទៅកាន់ភ្នំគូលែនក្បែរនោះ។
លោកមេធាវី កែវសីុវីន បានមានប្រសាសន៍ថា អំឡុងការសាកសួររបស់សាលាដំបូងខេត្តសៀមរាបកាលពីម្សិលមិញ អ្នកស្រី តាំង ឡា បានលើកឡើងថា អ្នកស្រីគ្មានកំហុសទេពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញុងនោះ ហើយអ្នកស្រីបានធ្វើស្រែចម្ការដោយស្របច្បាប់នៅក្នុងតំបន់មានវិវាទនេះរយៈពេលច្រើនឆ្នាំមកហើយ។
លោកបានមានប្រសាសន៍ថា លោក ឈុន ណាត មិនមែនជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនោះឡើយ ប៉ុន្តែត្រូវបានគេឃើញនៅក្នុងការតវ៉ាពេលលោកដើរទៅដកដំឡូង។
លោក កែវស៊ីវីន បានមានប្រសាសន៍ថា “តុលាការបានចាក់វីដេអូឃ្លីប ដែលបង្ហាញថា គាត់ស្ថិតនៅក្នុងក្រុមតវ៉ា ប៉ុន្តែ តុលាការមិនបានបង្ហាញថា គាត់បានដឹកនាំក្រុមអ្នកភូមិតវ៉ាឡើយ”។ លោកបានបន្ថែមថា កូនក្តីរបស់លោកទាំងពីរនាក់ ត្រូវបានឃុំខ្លួនមួយយប់នៅពន្ធនាគារខេត្ត។ ក្រុមមន្ត្រីតុលាការមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក គុណ អេង តំណាងក្រុមអ្នកភូមិដែលបានជួយរៀបចំការតវ៉ាកាលពីថ្ងៃច័ន្ទ បានលើកឡើងថា លោកនិងអ្នកភូមិប្រាំពីរនាក់ទៀតបានលាក់ខ្លួនដោយភ័យខ្លាចថា ពួកគាត់នឹងត្រូវចាប់ខ្លួនផងដែរ។ លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងអ្នកភូមិប្រាំពីរនាក់ទៀតកំពុងលាក់ខ្លួនពីនគរបាល ពីព្រោះយើងឮថាពួកគេកំពុងស្វែងរកមេខ្លោងក្នុងចំណោមអ្នកភូមិ”។
លោក សត ណាឌី ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីរបស់លោកនឹងមិនចាប់ខ្លួនមនុស្សបន្ថែមទៀតឡើយក្នុងពេលឥឡូវនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងមិនស្វែងរកមនុស្សផ្សេងទៀតទេ រហូតដល់យើងទទួលបានដីកាពីតុលាការឲ្យចាប់ខ្លួនបន្ថែមទៀត”៕សារុន