ជនជាតិសៀរា៉ឡេអូន ម្នាក់ និងជនជាតិលីបេរីយ៉ា ម្នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់កាលពីម្សិលមិញពីបទឆបោក និងក្លែងរូបិយប័ណ្ណដុល្លារអាមេរិកចំនួន៣០០.០០០ដុល្លារ។ បុរសទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនបន្ទាប់ពីបុរសជនជាតិជប៉ុនម្នាក់ដែលអះអាងថា ខ្លួនចាញ់បោកបុរសទាំងពីរនេះ បានជួយនគរបាលរៀបចំអន្ទាក់ចាប់ខ្លួនជនទាំងនេះ។
លោក សាន ប៊ុនថន ស្នងការរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឈ្មោះ ហ្គីម៉េត ប៉ាប៊ី (Gmmett Parbey) អាយុ៤០ឆ្នាំ មកពីប្រទេសលីបេរីយ៉ា និងឈ្មោះ ហ្វូដេ កាម៉ារ៉ា (Foday Kamara) អាយុ៣៨ឆ្នាំ មកពីប្រទេសសៀរ៉ាឡេអូន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ នៅម៉ោងប្រហែល៣រសៀល នៅសណ្ឋាគារមួយក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ក្រោយពីមានពាក្យបណ្ដឹងពីឈ្មោះ តាណាកា សេនយ៉ា (Tanaka Shenya)។
លោក សាន ប៊ុនថន បានមានប្រសាសន៍ថា ជនសង្ស័យទាំងពីរបានបង្ហាញក្រដាសប្រាក់១០០ដុល្លារដែលប្រឡាក់ទឹកខ្មៅពេញឲ្យលោក តាណាកា សេនយ៉ា មើល ហើយបានប្រាប់ថា ពួកគេត្រូវការទិញទឹកខ្មៅពិសេសដែលអាចលាងជម្រះវាឲ្យស្អាត។
លោកបានបន្តថា “យោងតាមពាក្យបណ្ដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ជនសង្ស័យទាំងពីរបាបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទិញទឹកខ្មៅដើម្បីលាងសម្អាតដុល្លារខ្មៅឲ្យក្លាយជាប្រាក់ធម្មតា [ស្អាត]។ កាលពីថ្ងៃទី២៦ ខែធ្នូ ជនសង្ស័យទាំងនេះបានយកទឹកខ្មៅមួយដបតូចមកលាងជម្រះលុយនោះ ហើយបន្ទាប់មកបានបង្ហាញជនរងគ្រោះថា លុយនោះបានប្រែក្លាយជាលុយធម្មតា។ នៅថ្ងៃដដែល ជនរងគ្រោះបានយល់ព្រមឲ្យពួកគេ១.០០០ដុល្លារបន្ថែមទៀតដើម្បីទិញទឹកខ្មៅបន្ថែមពីបរទេស”។
លោកបានពន្យល់ថា ឈ្មោះ ប៉ាប៊ី និងឈ្មោះ កាម៉ារា៉ បានបញ្ចុះបញ្ចូលលោក សេនយ៉ា ឲ្យប្រគល់ប្រាក់ទៅពួកគេសរុបចំនួន៣.០០០ដុល្លារ ដើម្បីទិញទឹកខ្មៅពិសេសពីសហរដ្ឋអាមេរិក ដោយសន្យាសងគាត់វិញចំនួន៦.០០០ដុល្លារ នៅពេលលាងក្រដាសប្រាក់ទាំងនេះស្អាត។
លោក ចេវ ម៉េង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លោក សេនយ៉ា មានការសង្ស័យកាន់តែខ្លាំងចំពោះបុរសទាំងពីរនាក់នេះ បន្ទាប់ពីពួកគេបានពន្យារពេលលាងសម្អាតប្រាក់ ដោយអះអាងថា មានក្រដាសប្រាក់មិនគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា “ជនរងគ្រោះបានសុំឲ្យជនសង្ស័យទាំងពីរទៅកាន់សណ្ឋាគារដែលគាត់ស្នាក់នៅ ប៉ុន្តែពេលពួកគេទៅដល់ នគរបាលក៏បានឡោមព័ទ្ធ [សណ្ឋាគារ] ហើយចាប់ខ្លួនពួកគេតែម្ដង”។
នគរបាលបានដឹងពីប្រតិបត្តិការក្លែងក្រដាសប្រាក់របស់បុរសទាំងនេះ និងបានរកឃើញក្រដាសប្រាក់ក្លែងក្លាយប្រហែល៣០០.០០០ដុល្លារ។
លោក ចេវ ម៉េង បានមានប្រសាសន៍ថា “ជនសង្ស័យទាំងនេះបានបដិសេធថា ពួកគេមិនបានប្រព្រឹត្តបទល្មើសទេ ហើយអះអាងថា ពួកគេមិនដែលស្គាល់បុរសជនជាតិជប៉ុននេះទេ ប៉ុន្តែនៅពេលបង្ហាញរូបថតឲ្យពួកគេមើល ពួកគេអះអាងថា ពួកគេស្គាល់គាត់តាមទូរស័ព្ទ”៕ សុខុម