30 C
Phnom Penh

អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​នឹង​​​ជួប​​​ជា​​​មួយ​​​ភាគី​​​ថៃ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ភាព​​​​​​​​​តាន​​​តឹង​​​​​នៅ​​​ព្រំ​​​ដែន​​​បាន​​​ធូរ​​​ស្រាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​គ្រោង​​​ជួប​​​ជា​​​មួយ​​​​​អភិបាល​​​ខេត្ត​​​អូ៊ប៊ុន​​​ រ៉ាត​​​ថានី របស់​​​ប្រទេស​​​ថៃ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​បើក​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ឡើង​​​វិញ​​​ ដែល​​​ត្រូវ​​​បាន​​​បិទ​​​នៅ​​​ពេល​​​កង​​​ទ័ព​​​ថៃ​​​ប្រមាណ​​​២០០នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ចូល​​​មក​​​​​តំបន់​​​​ព្រំ​​​ដែននេះ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​។

លោក សុខ ហៃ អ្នក​​​នាំ​​​ពាក្យ​​​​​​សាលា​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  លោក​​​ អ៊ុំ​​​ ម៉ារ៉ា​​​ អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​នឹង​​​ជួប​​​ជា​​​មួយ​​​​​​លោក សឺម ឆៃណារ៉ុង​​​ (Serm Chainarong) អភិបាល​​​ខេត្ត​​​អ៊ូប៊ុន រ៉ាត​​ថានី ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​ខេត្ត​​​ព្រ​​ះ​​​វិហារ​​​ ក៏​​​ដូច​​​ជា​​​តំណាង​​​កង​​​ទ័ព និង​​​​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ​​​​​​​​​ផង​​​ដែរ​​​នៅ​​​ម៉ោង​​​៩​​​ព្រឹក​​​ថ្ងៃ​​​នេះ​​​។

លោក​​​ សុខ​​​ ហៃ បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ជួប​​​ប្រជុំ​​​គ្នា​​​នឹង​​​ផ្តោត​​​លើ​​​ការ​​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ និង​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​ព្រំ​​​ដែន​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក ជា​​​ គឹមសេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ ខេត្ត​​​ព្រះ​​​វិហារ​​​ដែល​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ស្ថិត​​​ក្នុង​​​ស្រុក​​​នេះ ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​មុន​​​ថា ថៃ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​ខាង​​​ផ្នែក​​​របស់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ទា​​​ហាន​​​ថៃ​​​ចូល​​​មក​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ ហើយ​​​បញ្ជា​​​ឲ្យ​​​កម្មករ​​​សំណង់ខ្មែរ​​​បញ្ឈប់​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ ដែល​​​ពួក​​​គេ​​​បាន​​​អះ​​​អាង​​​ថា ស្ថិត​​​ក្នុ​​​ង​​​ដែន​​​ដី​​​មាន​​​ជម្លោះ​​​។ បន្ទាប់​​​មក​​​ប្រទេស​​​ថៃ​​​​​​បាន​​​បញ្ជូន​​​កាំ​​​ភ្លើង​​​ធន់​​​ធ្ងន់​​​ និង​​​ទាហាន​​​ប្រហែល​​​២០០នាក់​​​ ចូល​​​មក​​​តំបន់​​​ព្រំដែន​​​នេះ​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨​​​ ខែ​​ធ្នូ​​​។

លោក ជា គឹម​​​សេង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ទាហាន​​​ការ​​​ពារ​​​ព្រំ​​​ដែន​​​ថៃ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​នៅ​​​ច្រក​​​ព្រំដែន​​​អាន​​​សេះ​​​នៅ​​​ឡើយ​​​ ហើយ​​​ច្រក​​​ព្រំដែន​​​ក៏​​​នៅ​​​​បិទ​​​នៅ​​​ឡើយ​​​ដែរ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ទាហាន​​​កម្ពុជា​​​បាន​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​ទាហាន​​​ថៃ​​​បន្ថែម​​​ទៀត​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗ​​​នេះ​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស