កាលពីថ្ងៃអង្គារ រដ្ឋលេខាធិការក្រសួងការបរទេសបានការពាររដ្ឋាភិបាលក្នុងការដាក់ពន្ធនាគារសកម្មជន១១នាក់និងមន្ត្រីក្រុមប្រឆាំងម្នាក់ ដែលទង្វើនេះត្រូវបានគេរិះគន់ជាទូទៅ អំឡុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកការទូតអាមេរិកដែលកំពុងធ្វើទស្សនកិច្ច។
លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីកហ្វិក បានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ និងបានជួបជាមួយលោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនៅក្រសួងនេះក្នុងក្រុងភ្នំពេញ លោក បូរិទ្ធិ បានមានប្រសាសន៍ថា លោកបានប្រាប់លោក រ៉ូស្សែល ថា បណ្តាញព័ត៌មានបានផ្សព្វផ្សាយលម្អៀងអំពីការចាប់ខ្លួនសកម្មជន១១នាក់កាលពីខែវិច្ឆិកា។
លោក បូរិទ្ធិ បានមានប្រសាសន៍ថា “គាត់ដឹងរឿងនេះតែតាមរយៈបណ្តាញព័ត៌មានប៉ុណ្ណោះ។ បណ្តាញព័ត៌មានបានរាយការណ៍ថា ពួកគេត្រូវចាប់ខ្លួនបន្ទាប់ពីធ្វើការតវ៉ាទាក់ទិននឹងបញ្ហាដីធ្លី និងចំពោះការបញ្ចេញមតិខ្លួនឯងដោយសេរី…។ នេះមិនមែនជារូបភាពល្អទេសម្រាប់ប្រទេសកម្ពុជា”។
សកម្មជនប្រាំពីរនាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានដាក់គ្រែមួយនៅផ្លូវមុខសាលាក្រុងភ្នំពេញ ដើម្បីតវ៉ាអំពីការជន់លិចកន្លែងរស់នៅនៅបឹងកក់របស់ពួកគេ។ សកម្មជនបួននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ ក្នុងពេលកំពុងតវ៉ានៅខាងក្រៅតុលាការក្រុងភ្នំពេញ ប្រឆាំងនឹងការឃុំខ្លួនសកម្មជនប្រាំពីរនាក់ដំបូង។
សកម្មជនទាំង១១នាក់ត្រូវបានកាត់ឲ្យជាប់ទោសក្នុងពន្ធនាគាររយៈពេលមួយឆ្នាំ។ កាលពីថ្ងៃច័ន្ទ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសរបស់ពួកគេ ប៉ុន្តែបានបន្ថយទោសសកម្មជនប្រាំបួននាក់។
លោក បូរិទ្ធិ បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសមានហេតុផលត្រឹមត្រូវក្នុងការចាប់ខ្លួនសកម្មជនទាំងនោះ ពីព្រោះពួកគេបានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាកំពុងពង្រឹងការអនុវត្តច្បាប់ ពីព្រោះអ្នកទាំងនោះបានបង្កបញ្ហាចរាចរណ៍ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈសង្គម”។
លោក បូរិទ្ធិ ក៏បានការពារការដាក់ពន្ធនាគារមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក មាជ សុវណ្ណារ៉ា ដែលត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកាដែរ ទាក់ទិននឹងការពាក់ព័ន្ធរបស់គាត់ក្នុងការប៉ះទង្គិចគ្នាហិង្សា ដែលបានផ្ទុះឡើងអំឡុងការតវ៉ាកាលពីថ្ងៃទី១៥ខែកក្កដា ធ្វើឲ្យសន្តិសុខខណ្ឌមួយចំនួនរងរបួស។
លោក បូរិទ្ធិ បាននិយាយអំពីការរិះគន់ជំុវិញការចាប់ខ្លួនលោក សុវណ្ណារ៉ា ថា “ខ្ញុំមិនយល់។ យើងមានភ័ស្តុតាងជាក់លាក់ដើម្បីចាប់ខ្លួនពួកគេ។ អ្នកបានឃើញអ្វីដែលបានកើតឡើងលើសន្តិសុខរបស់យើងហើយ…ត្រូវទេ?”។
ក្នុងសុន្ទរកថានៅពិធីមួយដែលរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពកាលពីថ្ងៃអង្គារ ខ្លឹមសារដែលបានបង្ហោះតាមវិបសាយរបស់ក្រសួងការបរទេសអាមេរិកនោះ លោក រ៉ូស្សែល មិនបានថ្លែងចំៗអំពីការចាប់ខ្លួនជាបន្តបន្ទាប់នោះទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាចង់បានប្រព័ន្ធយុត្តិធម៌មួយមិនលម្អៀង។ លោកបានមានប្រសាសន៍ទៀតថា “ពួកគេចង់ឲ្យរដ្ឋាភិបាលខិតខំថែមទៀតដើម្បីបង្ក្រាបអំពើពុករលួយ និងបង្កើនការគោរពសិទ្ធិមនុស្ស”។ “យើងសង្ឃឹមថា អ្នកដឹកនាំកម្ពុជានឹងធ្វើការរួមគ្នាដើម្បីបង្កើនការប្រឹងប្រែងក្នុងវិស័យទាំងនេះ”៕មានិត