31 C
Phnom Penh

នគរ​បាល​រឹប​អូស​ឈើ​សម្រាប់​សាង​សង់​ការិយា​ល័យ​មេ​បញ្ជា​ការ​កង​អនុ​សេនា​តូច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​អង្គារ នគរ​បាល​ខេត្ត​កណ្ដាល​បាន​រឹបអូស​ឈើ​មួយ​ចំនួន​ធំ​​ រួម​ទាំង​​ឈើ​គ្រញូង​​ដ៏​មាន​តម្លៃ​ជាច្រើន​ដុំផង​ដែរ ដែល​ត្រូវ​បានទាហាន​ដឹក​ដោយ​ខុស​ច្បាប់​មក​កាន់​រាជធានី​ភ្នំពេញ​​ដើម្បី​យក​មក​សាង​សង់​ការិយាល័យ​មេបញ្ជា​ការ​កង​អនុសេនាតូច​។

មេបញ្ជាការ​រូប​នេះ​បាន​​ស្នើ​ទៅ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​​កង​យោធពល​ខេមភូមិន្ទដើម្បី​សុំប្រាក់​មកបង់​​ពិន័យ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ឧត្ដម​សេនីយ៍រូប​នេះ​បាន​​បដិ​សេធមិន​ជួយ​ទេ។

​លោក ដួង តេង អធិការ​នគរ​បាល​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា លោក​ និង​មន្ត្រី​របស់​លោក​កំពុង​ដោះ​ស្រាយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​រវាង​​រថយន្ត​លុចស៊ីស ​និង​រថយន្ត​កង​យោធពល​ខេរមភូមិន្ទ​តាម​ផ្លូវ​ជាតិ​លេខ៥ ស្រាប់តែ​ពួកគេ​បាន​ឃើញ​ឈើ​នៅ​លើ​រថយន្ត​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា យើង​បាន​សួរ​អ្នក​បើក​បរ​រក​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​នេះ ប៉ុន្តែ​គាត់​បាន​ប្រាប់​យើង​ថា ឈើ​នេះ​ជា​របស់​ចៅហ្វាយនាយរបស់​​គាត់​​ គឺ​លោក​មេបញ្ជាការ​កង​អនុសេនាតូច​លេខ​៩០”។

លោក ដួង តេង បាន​មាន​ប្រសាសន៍​ថា បន្ទាប់​មក​អ្នក​បើក​បរ​បាន​ទូរស័ព្ទ​ទៅ​ ហើយ​ទាហាន​​ប្រាំមួយ​នាក់​បាន​មក​ដល់​ដោយបាន​​ស្នើ​សុំ​ដឹក​ឈើ​នេះ​ទៅ​ជាមួយ​ពួកគេ​ជំនួស​ឲ្យ​មេបញ្ជាការ​កង​អនុសេនាតូច គឺ​លោក​​ឧត្ដម​សេនីយ៍ត្រី ឈរ សុខ។

លោក​បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​យោធា​ទាំង​នេះ​បាន​មក​និយាយ​ជាមួយ​ខ្ញុំ ហើយ​បាន​សុំ​ដឹកឈើ​ឲ្យ​មេបញ្ជាការ​របស់​ខ្លួន ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​ ពីព្រោះ​ពួកគេ​មិន​មាន​លិខិត​អនុញ្ញាត​ក្នុងការ​ដឹកឈើ​នេះ​ទេ”។ លោក​បាន​បន្ថែម​ថា ឈើ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រែក​ព្នៅ ក្នុង​រាជធានីភ្នំពេញ​។

លោក អ៊ុំ ច័ន្ទរិទ្ធ នាយ​សង្កាត់​​រដ្ឋបាល​ព្រៃ​ឈើ​បាន​មាន​ប្រសាសន៍​ថា ឈើ​ទាំង​នេះ​រួម​មាន​ ឈើ​ទាល​ជា​ប្រភេទ​ឈើ​លេខ​២ ​ចំនួន​១១​ម៉ែត្រគូប ​និង​ឈើ​គ្រញូង​ជា​ប្រភេទ​ឈើ​ប្រណីត​ចំនួន​១៤​ដុំ​ទម្ងន់​ប្រហែល​​៨០​គីឡូក្រាម​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​​ស្នើ​សុំឲ្យ​អង្គភាព​យោធា​នេះ​បង់​ប្រាក់​ពិន័យ​សម្រាប់​ឈើ​នេះ”។ លោក​បាន​បន្ថែម​ថា យើង​មិន​ទាន់​​គណនា​​ចំនួន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ យើង​នឹង​យក​ឈើ​នេះ​ទុក​ជា​សម្បត្តិរដ្ឋ​ បើ​ទោះ​ជា​ពួកគេ​បង់​ប្រាក់​ពិន័យ​ក៏ដោយ ពីព្រោះ​ពួក​គេ​ដឹក​ឈើ​​ដោយ​គ្មាន​លិខិត​អនុញ្ញាត​។

ឧត្ដម​សេនីយ៍​ត្រី ឈរ​ សុខ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ឈើ​ប្រភេទ​ឈើ​ទាល​នេះ​សម្រាប់​យក​ទៅ​សាង​សង់​ការិយាល័យ​របស់​​លោក​ ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​ដឹង​ពី​ឈើ​គ្រញូង​ទេ ដោយ​អះអាង​ថា វា​ប្រាកដ​​ជា​របស់​អ្នក​បើក​បរ​រថយន្ត​។

លោក​​បាន​មាន​ប្រសាសន៍​ថា ឈើ​ប្រភេទ​ឈើ​ទាល​មួយ​ចំនួន​ត្រូវ​បាន​​ទាហាន​កាប់​​នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ក្រុម​គ្រួសារ​ទាហាន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ហើយ​ថា​ ឈើ​នៅ​សល់​ពីនោះ​ត្រូវ​បាន​ទិញ​ពី​អ្នកភូមិ​នៅ​ក្នុង​តំបន់​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ឈើ​នេះ​ជា​របស់​អង្គភាព​​ខ្ញុំ។ យើង​បាន​ដឹក​ឈើ​នេះ​ពី​ខេត្ត​ព្រះវិហារ​មក ដើម្បី​យក​មក​សាង​សង់​ការិយាល័យ​សម្រាប់​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​”។

មេ​បញ្ជាការ​កង​អនុសេនា​តូច​រូប​នេះ​​​បាន​មាន​ប្រសាសន៍​ថា ទាហាន​ដែល​បាន​កាប់​ឈើ​នៅ​លើ​ដីសម្បទាន​សង្គម​កិច្ច​នោះ​បាន​កាប់​ច្រើន​ពេក ហេតុ​ដូច្នេះ​ហើយ​យើង​សម្រេច​ឲ្យ​ដឹក​ឈើ​នេះ​មក​រាជធានី​ភ្នំពេញ ជាជាង​ទុក​ចោល​។

លោក​បាន​មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក​មិន​អាច​រក​ប្រាក់​បង់​ពិន័យ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​បាន​ទេ ហើយ​លោក​បានបញ្ជូន​សំណើ​ទៅ​លោក​ឧត្ដម​សេនីយ៍ ប៉ុល សារឿន ដើម្បី​សុំ​ប្រាក់​។

ប៉ុន្តែ​ឧត្ដម​សេនីយ៍​រូប​នេះ​បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ពាក់​ព័ន្ធ​រឿង​នេះ​​ទេ។ ឧត្ដម​សេនីយ៍ ប៉ុល សារឿន បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ ពីព្រោះ​នេះ​ជា​រឿង​ខុស​ច្បាប់​​ ដូច្នេះ​ហើយ​យើង​ទុក​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ច្បាប់”៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស