យោងតាមសេចក្តីប្រកាសមួយចេញកាលពីម្សិលមិញដោយអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កម្មករដែលមានប្រាក់ខែទាបនឹងអាចរកប្រាក់ចំណូលបានដល់២០០ដុល្លារក្នុងមួយខែ មុនពេលប្រាក់ខែរបស់ពួកគេត្រូវបានកាត់ពន្ធយ៉ាងតិច៥ភាគរយ ប៉ុន្តែ ឥឡូវនេះពួកគេនឹងមិនជាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែនោះទេ ព្រោះថារដ្ឋាភិបាលបានដំឡើងការមិនយកពន្ធចំនួន៧៥ដុល្លារបន្ថែមទៀតពីលើអត្រាប្រាក់ខែ១២៥ដុល្លារ ដែលពីមុនត្រូវជាប់ពន្ធ។
យោងតាមសេចក្តីប្រកាសនេះ មានតែកម្មករ ឬបុគ្គលិកដែលទទួលបានប្រាក់ខែលើសពី៨០០.០០០រៀល ឬប្រហែល [២០០ដុល្លារ] ប៉ុណ្ណោះនឹងត្រូវយកពន្ធប្រាក់ខែដោយចាប់ផ្តើមពីខែនេះទៅ។
លោក សុខ ដារ៉ាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការកែប្រែការយកពន្ធប្រាក់ខែពីកម្មករដែលទទួលបានប្រាក់ខែទាបនេះគឺមានគោលបំណងបង្កើតឲ្យមានគម្រោងប្រាក់ឈ្នួលសមរម្យមួយ ដើម្បីជួយអ្នកដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ខណៈការចំណាយប្រចាំថ្ងៃមានការកើនឡើង។
លោក ដារ៉ាវុធ បានមានប្រសាសន៍ថា “យើងចង់ជួយកម្មករដែលមានប្រាក់ខែទាបទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីឆ្លើយតបទៅនឹងការចំណាយប្រចាំថ្ងៃ ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងចង់កាត់បន្ថយគម្លាតប្រាក់ចំណូលរវាងអ្នកមានប្រាក់ខែខ្ពស់ និងអ្នកមានប្រាក់ខែទាប ដើម្បីបង្កើនចំនួនពលរដ្ឋដែលទទួលបានប្រាក់ខែមធ្យមនៅក្នុងសង្គម”។
របាយការណ៍មួយចេញកាលពីខែមេសា ដោយសាកលវិទ្យាល័យ Deloittle University Press បានលើកឡើងថា ឱនភាពថវិកានៅតែមិនធ្លាក់ចុះរបស់ប្រទេសកម្ពុជា គឺដោយសារតែចំណូលពន្ធទាបដែលកាលពីឆ្នាំ២០១៣មានត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) ។
លោក ជេម រ៉ូបឺត (James Robert) អ្នកផ្តល់ប្រឹក្សាស្តីអំពីពន្ធដារនៅក្រុមហ៊ុន Sciaroni & Associates) បានលើកឡើងថា រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងដើម្បីប្រមូលប្រាក់ចំណូលពន្ធឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាបានរឹតបន្តឹងលើនីតិវិធីគយជាដើម ហើយសេចក្តីសម្រេចជួយសម្រាលពន្ធដល់អ្នកដែលទទួលបានប្រាក់ខែទាប គឺជា “ចំណាត់ការប្រថុយប្រថាន”។
លោកបានលើកឡើងតាមរយៈអីុម៉េលកាលពីម្សិលមិញថា “ដោយសារតែការបង្កើនសកម្មភាពនេះ ខ្ញុំមើលឃើញថា នៅក្នុងរយៈពេលត្រឹមតែបីឆ្នាំចុងក្រោយនេះ ការប្រមូលប្រាក់ចំណូលពន្ធប្រចាំឆ្នាំមានការកើនឡើងពី៦៥០លានដុល្លារ ដល់ប្រមាណ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ”។
លោក ឃ្លីន អូខុនណេល (Clint O’Connel) ជាដៃគូមួយរូបនៅក្រុមហ៊ុនផ្តល់ប្រឹក្សាច្បាប់ និងពន្ធដារឈ្មោះថា VDB Loi បានលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលគឺមានន័យថា រដ្ឋនឹងទទួលបានប្រាក់ចំណូលតិច។
ទោះជាយ៉ាងណា លោក អូខុនណេល បានមានប្រសាសន៍ថា បើនិយាយពីរឿងនយោបាយវិញ វាជាចំណាត់ការដ៏ល្អ នៅពេលរដ្ឋាភិបាលបានកែប្រែការយកពន្ធប្រាក់ខែចំពេលដែលពលរដ្ឋជាច្រើននៅកម្ពុជាទទួលបានប្រាក់ខែតិចជាង២០០០ដុល្លារក្នុងមួយខែ រួមទាំងកម្មករភាគច្រើនក្នុងចំណោមកម្មករប្រមាណ៦០០.០០០នាក់ ក្នុងវិស័យកាត់ដេរដែលពួកគេភាគច្រើននឹងទទួលបានការដំឡើងប្រាក់ខែពី១០០ដុល្លារ ដល់១២៨ដុល្លារនៅក្នុងខែនេះផងដែរ។
លោកបានមានប្រសាសន៍ថា “កម្មករកាត់ដេរដែលទទួលបានប្រាក់ខែទាបនឹងផ្ទុះកំហឹង ប្រសិនបើនៅពេលពួកគេទទួលបានប្រាក់ខែលើសពី១២៥ដុល្លារ នឹងចាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែនោះ”។លោកបានមានប្រសាសន៍បន្ថែមថា “វាគឺជាចំណាត់ការមួយដើម្បីធានាថា រាល់ការដំឡើងប្រាក់ខែណាមួយ ដូចជាការដំឡើងលើប្រាក់ខែគោលជាដើមនោះនឹងមិនត្រូវបានយកពន្ធប្រាក់ខែ”។
ប៉ុន្តែ លោក ឆាយ សុវណ្ណា ប្រធានសាខាពន្ធដារនៅក្នុងខណ្ឌដង្កោបានលើកឡើងថា ការកែប្រែ ការយកពន្ធប្រាក់ខែនេះ វាប៉ះពាល់ដល់ប្រាក់ចំណូលរដ្ឋ “តិចតូចណាស់” ព្រោះថាកម្មករដែលមានប្រាក់ខែទាបជួយចូលរួមចំណែកបានតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងប្រមូលពន្ធ៕ស៊ុយឈាង