33 C
Phnom Penh

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សាកសួរ​អតីត​សាមណេរ​​​អាយុ​១៨​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ចាក់​សម្លាប់​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឲ្យ​សុគត​នៅ​វត្ត​សាមគ្គីរង្សី កាលពី​ថ្ងៃ​ច័ន្ទ​។

អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ធ្វើ​គតព្រះតេជគុណ ​ថាច់ ខាន់ ព្រះជន្ម​៣៧​ព្រះវស្សា ​គ្រូសូត្រ​ឆ្វេង​នៅ​វត្ត​នេះ​ នឹង​កាំបិត​ចិត​បន្លែ​អំឡុង​ពេល​ឈ្លោះ​គ្នា​នៅ​​វត្ត​​ក្នុង​ខណ្ឌ​មានជ័យ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

ព្រះរាជអាជ្ញា​រង​ ជា មេ៉ត បាន​មាន​​ប្រសាសន៍​ថា “យើង​បាន​សាកសួរ​​ជន​នេះ​ហើយ​​ ប៉ុន្តែ​យើង​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ។ យើង​នឹង​បន្ត​សាកសួរ​ជននេះ​នៅ​ថ្ងៃ​ស្អែក ហើយ​បន្ទាប់​មក​នឹង​បញ្ជូនជន​នេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​” មុនពេល​លោក​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​។

ទោះជាយ៉ាង​ណា លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ​បាន​​លើក​ឡើង​​ផ្ទុយ​ពី​​លោក ជា ម៉េត ដោយ​​មាន​ប្រសាសន៍​​ថា ព្រះរាជអាជ្ញារង​រួប​នេះ​​​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​រួច​ហើយ​។ លោក​បាន​លើក​ឡើង​ថា ” ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះរាជអាជ្ញារង ដែល​បាន​បញ្ចប់​ការ​សាកសួរ និង​ចោទ​ប្រកាន់ជន​នេះ​ពីបទ​​មនុស្ស​ឃាត​ដោយ​ចេតនា”។

លោក​ ជឹម ស៊ីថា អធិការ​រង​នគរ​បាល​​ខណ្ឌមានជ័យ ​​ដែល​កំពុង​ឃុំខ្លួន​អតីត​សាមណេរ ចាន់ សុភ័ក្ត្រ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា អតីត​សាមណេរ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​​កាលពី​ម្សិលមិញ។ លោក​មាន​ប្រសាសន៍​ថា “ព្រះរាជអាជ្ញា​បាន​បញ្ចប់​ការ​សាកសួរ ហើយ​បាន​ចោទ​ប្រកាន់​ជននេះ​”។។

កាលពី​ថ្ងៃ​ច័ន្ទ ទាំង​ព្រះចៅអធិការ និង​គ្រូសូត្រ​ស្ដាំ​នៅ​វត្ត​សាមគ្គីរង្សី ដែល​មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើនអង្គ​ ដែល​សកម្ម​​ខាង​នយោបាយ​ រួម​ទាំង​ព្រះតេជគុណ ថាច់ ខាន់ ផង​ បាន​​មាន​សង្ឃដីកា​ថា អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​មាន​ចរិត​ស្លូត​បូត។ ព្រះតេជ​គុណ​​ទាំងពីរ​បាន​លើក​ឡើង​ថា ព្រះអង្គជឿ​ថា ​អតីត​សាមណេរ​នេះ​ត្រូវ​បាន​ភាគី​ទី៣​​​​​ញុះញង់​ឲ្យ​ធ្វើ​គត​ភិក្ខុ​រងគ្រោះ​ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​លេស​បិទ​វត្ត​នេះ​ចោល​​។ កាលពី​ម្សិលមិញ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពី​ករណី​នេះ​​កាលពី​ម្សិលមិញ ហើយ​ក៏​បាន​លើក​ឡើង​ដែរ​ថា ទង្វើ​របស់​អតីត​សាមណេរ ចាន់ សុភ័ក្ត្រ គឺ​ជា​​ផែន​ការ​​រៀបចំ​ទុក​ជាមុន​​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “សមាគម​សុំ​​ថ្លែង​អំណរ​គុណ ដែល​អាជ្ញាធរ​បាន​​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នេះ​​កើត​ឡើង [ប៉ុន្តែ​] បន្ទាប់​ពី​​សមាគម​​របស់​យើង​​​អង្កេតតាម​ដាន​​​ និង​សិក្សា​ពីករណី​នេះ ​យើង​រក​ឃើញ​ថា មាន​​ការ​សម​គំនិត​ ហើយ​ប្រាកដ​ជាមាន​មេខ្លោង​នៅ​ពីក្រោយ​ឃាត​កម្ម​នេះ​”។

ទោះ​ជាយ៉ាង​ណា លោក ជឹម ស៊ីថា ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ជឿថា មិន​ជាប់​ពាក់​ព័ន្ធ​ភាគីទី៣​ទេ ហើយ​ថា ​អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នេះ​ “ដោយ​សារ​តែ​​​អ្នក​ទាំងពីរ​ [ព្រះសង្ឃ] ឈ្លោះ​គ្នា​ជា​ញឹក​ញាប់​”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស