បុរសជនជាតិនីហ្សេរីយា៉ប្រាំបីនាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ដែលជួញដូរគ្រឿងញៀនបានពីព្រះវិហារគ្រិស្តមួយកន្លែងនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសកាលពីម្សិលមិញ បន្ទាប់ពីសាកសួររួចនៅសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំងប្រាំបួនត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីនគរបាលសហការជាមួយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនពួកគេនៅក្នុងប្រតិបត្តិការបន្លំខ្លួនដាក់អន្ទាក់មួយកាលពីសប្ដាហ៍មុន។ នគរបាលជឿថា ពួកគេបានជួញដូរគ្រឿងញៀនមេតំហ្វេតាមីនចេញពីព្រះវិហារ Mountain of Fire and Miracles Ministries Church។
ព្រះវិហារនេះទទេស្អាត និងចាក់សោចោលកាលពីម្សិលមិញ ប៉ុន្តែនៅតែមានស្លាកសញ្ញាតូចមួយចងភ្ជាប់នឹងទ្វារមុខ ដោយបង្ហាញថា វាជាសាខារបស់ព្រះវិហារគ្រិស្តដែលមានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសនីហ្សេរីយ៉ា និងដែលមានសាខានៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង នេះបើយោងតាមគេហទំព័ររបស់ព្រះវិហារនេះ។
លោក យិន បញ្ញរិទ្ធ ប្រធានស្ដីទីនៃការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលជឿថា ជនសង្ស័យទាំងនេះបានស្តុកទុកគ្រឿងញៀននៅព្រះវិហារនេះ ហើយយកវាទៅចែកចាយឲ្យអ្នកទិញក្នុងបរិមាណតិចៗ។
លោកបានមានប្រសាសន៍ថា “នៅពេលមានអ្នកកុម្ម៉ង់ទិញគ្រឿងញៀន២គីឡូពីពួកគេ ពួកគេមិនលក់ឲ្យ២គីឡូទេ គឺពួកគេយកតែ២០០ក្រាមប៉ុណ្ណោះសម្រាប់ការចែកចាយមួយលើកៗរាល់១៥នាទីម្ដងចេញពីព្រះវិហារមួយកន្លែង”។
លោកបានបន្តថា ជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួននៅទីតាំងប្រាំកន្លែងផ្សេងគ្នាក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដោយរួមទាំងនៅព្រះវិហារនេះដែលនគរបាលរកមិនឃើញគ្រឿងញៀនផងដែរ។
លោកបានបន្ថែមទៀតថា “ពួកគេបានរក្សាទុកគ្រឿងញៀននៅទីនោះ ប៉ុន្តែនៅពេលយើងទៅដល់ព្រះវិហារ ពួកគេបានបំផ្លាញគ្រឿងញៀនទាំងអស់នោះចោលដោយការចាក់ចូលក្នុងបង្គន់រួចទៅហើយ”។
លោក យិន បញ្ញរិទ្ធ បានបញ្ចេញអត្តសញ្ញាណជនសង្ស័យទាំងនេះដែលមានឈ្មោះដូចជា អិនណាមេហ្ស៊ី វីកទ័រ (Nnamezie Victor) អាយុ៣០ឆ្នាំ ហ្វ្រានស៊ីស អិនណាមឌី (Francis Nnamdi) អាយុ៣០ឆ្នាំ សាន់ដេ អិនវា៉ប៊ូអុីស៊ី (Sunday Nwabuisi) អាយុ៣១ឆ្នាំ តូនី អិមម៉ាឌូកា ជុកវូអូនយេ (Tony Mmaduka Chukwuonye) អាយុ៣៤ឆ្នាំ អូកូរុំ គីហ្ស៊ីតូ (Okorom Kizito) អាយុ៣៥ឆ្នាំ ហ្វាវើ អិនណាប៊ូអុីហ្វេ អូកូរុំ (Favour Nnabuife Okorom) អាយុ៣៦ឆ្នាំ ម៉ាឌូកា ស៊ីម៉ុន យូកានឌូ (Maduka Simon Ukandu) អាយុ៣៧ឆ្នាំ និង អុីហ្សូ៊ជុកវូ ជុកវូម៉ា (Izuchukwu Chukwuma) អាយុ៤០ឆ្នាំ និងស្ត្រីជនជាតិខ្មែរឈ្មោះ ម៉ុន វិនយុង អាយុ២៥ឆ្នាំ។
ចៅក្រមស៊ើបសួរ លាង សំណាត បានបញ្ជាក់ថា លោកបានតម្កល់ការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនពីសំណាក់ព្រះរាជអាជ្ញារង ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតអំពីករណីនេះទេ។
លោក សុខ សេង ក្រឡាបញ្ជីរបស់ចៅក្រម លាង សំណាត បានលើកឡើងថា ក្រុមនេះត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីចៅក្រមសាកសួររួច។ លោកបានលើកឡើងទៀតថា “ពួកគេ [ជនជាតិនីហ្សេរីយ៉ាទាំងប្រាំបីនាក់] បានច្រានចោលការចោទប្រកាន់ ហើយនិយាយថា គ្មានគ្រឿងញៀននៅក្នុងព្រះវិហារទេ។ ពួកគេនិយាយថា ពួកគេមិនដឹងថា ហេតុអ្វីបានជានគរបាលចាប់ខ្លួនពួកគេទេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ស្ត្រីឈ្មោះ មុ៉ុន វិនយុង បានសារភាពថា ខ្លួនពិតជាបានយកកញ្ចប់គ្រឿងញៀនទៅចែកចាយឲ្យបុរសជនជាតិនីហ្សេរីយ៉ាទាំងនេះប្រាកដមែន។ យោងតាមលោក យិន បញ្ញរិទ្ធ បានឲ្យដឹងថា ភ្នាក់ងារសម្ងាត់របស់លោកបានបន្លំខ្លួនធ្វើជាបញ្ជាទិញគ្រឿងញៀនពីស្ត្រីឈ្មោះ ម៉ុន វិនយុង ដែលមកទទួលពួកគេនៅព្រះវិហារនេះកាលពីថ្ងៃព្រហស្បតិ៍ មុនពេលប្រគល់គ្រឿងញៀន៕ សុខុម