33.3 C
Phnom Penh

យោធា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​គំរាម​​​អ្នក​​​ធ្វើ​​​ដំណើរ ឆ្លង​​​កាត់​​​ស្ពាន​​​មិន​​​ព្រម​​​បង់​​​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​មូល​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​ថា យោធា​​ម្នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​កាល​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ពី​​​បទ​​​បាញ់​​​កាំភ្លើង​​​ឡើង​​​លើ​​​ និង​​​គំរាម​​​​​​ប្រជា​​​ជន​​​ដែល​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​សម្រាប់​​​ការ​​​ឆ្លង​​​កាត់​​​ស្ពាន​​​ឈើ​​​ដែល​​​មន្ត្រី​​​យោធា​ម្នាក់​ទៀត​​​​​​បាន​​​សាង​សង់​​​​​​កាត់​​​ស្ទឹង​​​។

យោង​​​តាម​​​លោក​​​ អៀម ចាន់ថា ​​​អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​​​​បានឲ្យ​​​ដឹង​​​ថា លោក ហុក សុផាត អាយុ​​​៣៦​ឆ្នាំ ជា​​​អនុ​សេនីយ៍​ឯក​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​​​​បាន​​​ដាក់​​​កុង​​​ត្រូល​​​​​​ដើម្បី​​​យក​​​លុយ​ចំនួន​​​​​​៥.០០០រៀល​​​​​​ពី​​​យាន​យន្ត​​​មួយ​គ្រឿង​​​​​ៗដែល​​​ចង់​​​ឆ្លង​កាត់​​​ស្ពាន​នេះ​​​ដែល​​​ស្ថិត​​​ក្នុង​​​​​​ឃុំ​​​ត្រពាំង​ជោ  ស្រុក​​​​ឱរ៉ាល់។

ស្ពាន​នេះ​​​ត្រូវ​​​បាន​​​សាង​សង់​​​កាត់​​​ស្ទឹង​​​​​​កាល​ពី​​​ខែ​​​សីហា ដោយ​​​លោក មាស តារា វរសេនីយ៍​ទោនៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ ដែល​​​បាន​​​បញ្ជូន​​​លោក សុផាត ឲ្យ​​​ទៅ​​​​​​ដាក់​កុង​​​ត្រូល និង​​​យក​​​ថ្លៃ​ពី​​​អ្នក​​​ចង់​​​ឆ្លង​​​កាត់​ស្ពាន។

លោក ចាន់ថា បាន​​​មាន​​​ប្រសាសន៍​ថា ទោះ​​​ជាយ៉ាង​ណា​​​​​​តាម​​​ទម្លាប់​​​អនុសេនីយ៍​ឯក​​​រូប​នេះ​​​​​​តែង​​​តែមាន​​​កំហឹង​​​នៅពេល​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​ ហើយបាន​​​​យក​​​កាំភ្លើង​​​អាកា-៤៧​​​បាញ់​​​ឡើង​​​លើ​​​ដើម្បី​បន្លាច​ពួកគាត់។

លោក​​​បាន​មាន​​​ប្រសាសន៍​ថា “យើង​​​បាន​​​ចាប់​ខ្លួន​លោក សុផាត ​​បន្ទាប់ពី​​​​​​ប្រជាជន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹង​​​គាត់​​​ពី​​​បទ​​​បាញ់​​​បោះ​​​គំរាម​​​ និង​​​ជំរិត​​​ទារប្រាក់​​​ពី​​​ប្រជាជន នៅពេល​​​ពួកគាត់​​​មិនព្រម​​​​​​បង់​​​ប្រាក់​​​ក្នុង​ការ​​​ឆ្លងកាត់​​​ស្ពាន”។

លោក ចាន់ថា បាន​ពន្យល់ថា បើទោះ​ជា​កុង​ត្រូល​នេះ​មិន​ខុស​ច្បាប់ក៏ដោយ ក៏ទាហាន​រូបនេះ​មាន​អាកប្បកិរិយា​ហិង្សាដែរ។

លោក​​​បានមាន​​​ប្រសាសន៍​ថា “​​​យើង​​​មិនបាន​​​ចាប់​​​ខ្លួន​​​គាត់​​ ដោយ​សារ​​​យក​​​លុយ​ទេ ប៉ុន្តែ​​​យើង​​​ចោទ​​​ប្រកាន់​​​គាត់​​​​​​ពី​​​បទ​​​​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​ និង​​​បាញ់​​​គំរាម​​​ប្រ​​​ជាជន”។

យោង​​​តាម​​​​​​លោក កែវ ពិសី ស្នង​ការ​​​នគរ​បាល​​​ខេត្ត​​​​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពីរឿង​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នគរ​បាល​​​ខេត្ត​​​បាន​​​សាក​​​សួរ​​​លោក សុផាត នៅ​​​ស្នង​ការ​​​ដ្ឋាន​​​របស់​ខ្លួន​​​។

លោក វរសេនីយ៍​ទោ តារា ដែល​បាន​សាង​​​សង់​​​ស្ពាន​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​១១.៦០០ដុល្លារ​​​ក្នុងការ​​​សាង​​​សង់​​​ស្ពាន​​​នេះ ហើយ​​​ថា អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រូប​លោក​​​យក​​​ថ្លៃ​​​​​​ពី​​​អ្នក​ដំណើរ​​​ក្នុង​ការ​​​ឆ្លង​​​កាត់​​​ស្ពាន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​ទើប​​​តែ​​​ចាប់​​​ផ្តើម​​​យក​​​ប្រាក់​​​កាល​ពី​​​ខែធ្នូតែ​ប៉ុណ្ណោះ ហើយប្រមូល​​​​បាន​​​ប្រាក់​សរុប​​​ប្រហែល​​​២៥០ដុល្លារ​​​​​​នៅខែ​​​នោះ។

ដោយ​សង្កត់​​​ធ្ងន់ថា កុងត្រូលនេះ​​​មិន​​​ខុស​​​ច្បាប់នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “ខ្ញុំ​​​បាន​​​ចាត់​​​តាំង​​​​​​លោក សុផាត ឲ្យ​​​ឈរ​​ជើង​​​នៅ​​​ទីនោះ​​​ដើម្បី​​យក​លុយ​ពី​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ស្ពាន”។

លោក តារា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា “​​​ខ្ញុំមិនទាន់​​​បានទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​​​​ពី​​​អាជ្ញា​ធរ​​​ខេត្ត​​​សុំឲ្យ​​​ខ្ញុំពន្យល់​​​​​​ពី​​​ការ​​​ដាក់​​​កូន​​​ចៅ​​​របស់​​​ខ្ញុំ​​​នៅ​​​កុង​​​ត្រូល​នេះ​​​នៅ​ឡើយ​​​ទេ ប៉ុន្តែខ្ញុំ​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​លែង​​​កូន​​​ចៅ​​​របស់​ខ្ញុំ​​​ ពីព្រោះ​​​គាត់​​​មិន​​​បាន​ធ្វើ​​​អ្វី​​​ខុស​​​ទេ ពីព្រោះ​​​គាត់​​​គ្រាន់​តែ​បាញ់​​​ដោយ​​​អចេតនា​​​តែ​​​ប៉ុណ្ណោះ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស