អ្នកភូមិជនជាតិដើមភាគតិចព្នង៧នាក់ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូដែលកាន់កាប់ដោយវៀតណាមនៅក្នុងខេត្តមណ្ឌលគិរី ត្រូវសាលាដំបូងខេត្តកោះហៅមកសាកសួរបន្ទាប់ពីក្រុមហ៊ុននេះបានចោទប្រកាន់ពួកគាត់ថា បានកាន់កាប់ដីរបស់ខ្លួនដោយខុសច្បាប់នៅក្នុងស្រុកកែវ សីមា។
អ្នកភូមិជនជាតិដើមភាគតិចព្នងប្រហែល២០០គ្រួសារនៅក្នុងឃុំ ស្រែឈូក អះអាងថា ក្រុមហ៊ុនចម្ការកៅស៊ូ Binh Phuoc 1 បានរំលោភយកដីរបស់ខ្លួន ដែលពួកគាត់លើកឡើងថា ពួកគាត់បានធ្វើស្រែចម្ការច្រើនជំនាន់មកហើយ។
ប៉ុន្តែក្រុមហ៊ុននេះលើកឡើងថា ក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋាភិបាល ហើយមន្ត្រីមូលដ្ឋានលើកឡើងថា គ្រួសារទាំងនេះគឺជាអ្នកចំណូលថ្មីតែប៉ុណ្ណោះ។
អាជ្ញាធរបានបំផ្លាញផ្ទះជាច្រើនខ្នងកាលពីសប្តាហ៍ ប៉ុន្តែកសិករទាំងនោះបានត្រឡប់មកវិញ ហើយបានសង់ជម្រកស្នាក់នៅចំនួន១២នៅកន្លែងនោះ។
ដីកាកោះហៅចុះកាលបរិច្ឆេទថ្ងៃអង្គារ ហើយចុះហត្ថលេខាដោយលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងមានខ្លឹមសារថា ជនសង្ស័យទាំងនេះត្រូវតែបង្ហាញមុខនៅតុលាការនៅថ្ងៃសុក្រ ដើម្បីសាកសួរ។
លោក យ៉ាន ម៉ៅ អាយុ៣១ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ៧នាក់ដែលមានឈ្មោះក្នុងដីកាកោះហៅ បានបដិសេធការចោទប្រកាន់នោះ ប៉ុន្តែបាននិយាយថា លោកមានគម្រោងបង្ហាញខ្លួននៅតុលាការ។
លោកបាននិយាយថា “ខ្ញុំជឿថា ការចោទប្រកាន់របស់តុលាការគឺមិនយុត្តិធម៌ទេ ពីព្រោះពួកគេមិនបានចាត់វិធានការប្រឆាំងក្រុមហ៊ុនដែលកំពុងរំលោភយកដីស្រែរបស់អ្នកភូមិឡើយ ប៉ុន្តែពួកគេបែរជាចោទប្រកាន់អ្នកភូមិថា បានចាប់យកដីរបស់ក្រុមហ៊ុនទៅវិញ។ ខ្ញុំបារម្ភថា ខ្ញុំអាចត្រូវចាប់ខ្លួន ពីព្រោះតុលាការមិនឯករាជ្យឡើយ”៕សារុន