29.3 C
Phnom Penh

ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្លន់​មាស​នៅ​ផ្សារមួយ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​ និង​អាជីវករ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ចោរ​ប្លន់​ប្រដាប់​អាវុធ​បី​នាក់​បាន​ប្លន់​តូប​លក់​គ្រឿង​អលង្ការ​មួយ​នៅ​ផ្សារ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរ​មានជ័យ​ កាលពី​រសៀល​ថ្ងៃ​ពុធ ដោយ​បាញ់​កាំភ្លើង​​បណ្ដាល​ឲ្យ​ជាង​មាស​បី​នាក់​រង​រប​ួស​ធ្ងន់​ ដែល​បាន​ព្យាយាម​ធ្វើ​អន្តរាគមន៍​។

លោក វង្ស ភក្ត្រ មេឃុំ​អន្លង់វែង​បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​បី​នាក់​នេះ​បាន​ចូល​ក្នុង​ផ្សារ​ធំ ក្នុង​ស្រុក​អន្លង់​វែង​នៅ​ម៉ោង​ប្រហែល​៤​និង​៤០​នាទី​រសៀល ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​ពីរ​ដើម និង​កំាភ្លើង​ខ្លី​មួយ​ដើម​លាក់​ក្នុង​ការុង បន្ទាប់​មក​បាន​ដើរ​ទៅ​កាន់​ប្លុក​លក់​គ្រឿង​អលង្ការ​។

លោក​ វង្ស ភក្ត្រ បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​បាន​លាក់​កាំភ្លើង​ក្នុង​ការុង​គ្រប​ចំបើង​ពី​លើ ដើម្បី​កុំ​ឲ្យ​មនុស្ស​ក្នុង​ផ្សារ​មើល​ឃើញ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​នៅ​ពេល​ពួកគេ​មក​ដល់​តូប​លក់គ្រឿង​អលង្ការ។ នៅ​ពេល​មនុស្ស​ម្នា​បាន​ប្រវាយ​ប្រតប់​ជាមួយ​ពួកគេ ខ្មាន់​កាំភ្លើងទាំងនេះ​​បាន​ដក​កាំ​ភ្លើង​​បាញ់​បណ្ដាល​ឲ្យ​បុរស​បី​នាក់​រង​របួស​ធ្ងន់​​”។

លោក​បាន​បន្ថែម​ថា ក្រុម​ចោរ​ទាំង​នោះ​យក​បាន​ប្លាទីន​ប្រហែល​៧០​តម្លឹង​ពី​អាជីវករ​ម្នាក់​មុន​ពេល​គេច​ខ្លួន​តាម​ម៉ូតូ​របស់​អ្នក​សមគំនិត​បី​នាក់​។

យោង​តាម​លោក វង្ស ភក្ត្រ បាន​មាន​ប្រសាសន៍​ថា ជាង​មាស​បី​នាក់​ដែល​ធ្វើ​មាស​នៅ​ក្បែរ​តូប​លក់​គ្រឿង​អលង្ការទាំង​នោះ​ឈ្មោះ ឡាន គឹមឆេង អាយុ​៣៦​ឆ្នាំ ហាក់ ហ៊ី អាយុ​៣៦​ឆ្នាំ និង​ រស់ សុភា អាយុ​៣៦​ឆ្នាំ​ដែរ​ ត្រូវ​បាន​ក្រុម​ចោរ​ប្លន់​បាញ់​ឲ្យ​របួស​ ហើយ​ត្រូវ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការ​វះកាត់​។ លោក​បាន​មាន​ប្រសាសន៍​ថា ” អ្នក​ទាំងបី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​កាលពី​ម្សិល​មិញ។

លោក លឹម វណ្ណា ជា​ម្ចាស់​តូប​លក់គ្រឿង​អលង្ការ​ដែល​ត្រូវ​ចោរ​ប្លន់​នោះ​បាន​និយាយ​ថា លោកបាន​​បាត់​បង់​ប្លាទីន​គិត​ជាទ​ឹក​ប្រាក់​៣០.០០០ដុល្លារ។ លោក​បាន​និយាយ​ថា “ពួកគេ​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​ប្រពន្ធ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា ពួកគេ​នឹង​បាញ់​នរណាដែល​ហា៊ន​ចូល​មក​”។

លោក​ វង្ស តាន់ នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​​៣០​នាក់​កំពុង​​ស្វែង​រក​ក្រុម​ចោរ​ប្លន់​ទាំង​នេះ​នៅក្នុង​ព្រៃចម្ងាយ​​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ផ្សារ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស