38 C
Phnom Penh

កម្មករ​ពីរនាក់​ស្លាប់​ដោយ​ថ្ម​ភ្នំបាក់​សង្កត់​នៅ​ការដ្ឋាន​យក​ថ្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កម្មករ​ពីរ​នាក់​បាន​ស្លាប់​​កាលពី​ថ្ងៃពុធ​នៅ​ការដ្ឋាន​យក​ថ្ម​មួយក​ន្លែង​​​ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង។

លោក ទឹម ចន្ធី អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា កម្មករ​ទាំង​ពីរ​នាក់​នេះ​នៅ​​ក្នុង​កាប៊ីន​ត្រាក់ទ័រ​​ ដែល​កំពុង​​ជីក​យក​ថ្ម​ពី​ចំហៀង​ភ្នំ​ ស្ថិត​ក្នុង​ឃុំពង្រ ស្រាប់​តែ​គ្រឿង​ចក្រ​នោះ​ត្រូវ​ដីបាក់សង្កត់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក។

លោក​បាន​មាន​ប្រសាសន៍​ថា “ជនរង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ថ្ម​ភ្នំ​បាក់​សង្កត​់​លើ​​ពួក​គេ​។ ថ្ម​ទាំង​នោះ​ធ្លាក់​ពី​កម្ពស់​ប្រហែល​៨​ម៉ែត្រ។ វា​ធ្ងន់​ខ្លាំង​ណាស់​”។ ​លោក ចន្ធី បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ គឺ​ឈ្មោះ សៅ ប៊ុននឿន អាយុ​៣៣​ឆ្នាំ​ និង​​ឈ្មោះ ថុន ប៉ែន អាយុ​២៥​ឆ្នាំ។

លោក​ សាញ់ ប៊ុនធឿន នាយប៉ុស្តិ៍​​ឃុំ​បាន​មាន​ប្រសាសន៍​ថា លោក ឡុច ចាន់ណារិទ្ធ អ្្នក​គ្រប់​គ្រង​ការដ្ឋាន​យក​ថ្ម​ភ្នំ​ថ្លុក​ត្របែក បាន​ទៅ​សួរ​សុខទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​បាន​ផ្ដល់​ប្រាក់​សំណង​ដល់ពួកគាត់​​​។

ក្រុម​គ្រួសារ​របស់​ សៅ ប៊ុននឿន ទទួល​បាន​ប្រាក់​​សំណង​៣.៥០០​ដុល្លារ​​ ហើយ​ក្រុម​គ្រួសារ​ ថុន ប៉ែន ទទួល​បាន​ប្រាក់​សំណង​៣.០០០​ដុល្លារ​​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​សោក​ស្ដាយ​ណាស់ ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​លើ​ពួកគេ​​។ វា​​ការ​ករណី​នៃ​ការ​ជីក​យក​ថ្ម​មិន​ត្រឹមត្រូវ​តាម​​បច្ចេកទេស​។ អ្នក​បើកបរ​នោះ​ទើប​​រៀន​ពី​​របៀប​បើក​ត្រាក់​ទ័រ​ប៉ុណ្ណោះ​ ដែល​បង្រៀន​ដោយ​ឈ្មោះ ប៊ុននឿន ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស