27 C
Phnom Penh

ក្មេង​ប្រុសជនជាតិ​ខ្មែរ​​អាយុ​៣ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្មក​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​រថយន្ត​តាក់ស៊ី​មួយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​អាយុ​៣ឆ្នាំ​ម្នាក់ គឺ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ខេត្ត​សុង​ក្លា ប្រទេស​ថៃ កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​រថយន្ត​តាក់ស៊ី​ដែល​ពួកគេ​ជិះ​បាន​ធ្លាក់​ផ្លូវ​​។

លោក មូល សា អ្នក​លក់​សំបុត្រ​នៅ​ក្រុម​ហ៊ុន​រថយន្ត​តាក់ស៊ី​ May Maih ដែល​​​​​​​មាន​សាខា​លក់​សំបុត្រ​នៅ​ផ្សារ​រុង​ឃ្លឿ​ក្នុង​ស្រុកអារញ្ញប្រាថេត ​ខេត្ត​ស្រះកែវ បាន​​ប្រាប់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​​ដែល​ជា​ជនជាតិ​ខ្មែរ​​ទាំង​នេះ​ថា មាន​ឈ្មោះ​ដូចជា ង៉ែត ខ្នេន អាយុ​៦៤ឆ្នាំ រ៉េម រី អាយុ​៤៧ឆ្នាំ រ៉ូហានី ប៊ីនទីមូសា អាយុ​១៨​ឆ្នាំ និង ភិន នីហ្សាល អាយុ​៣ឆ្នាំ។

លោក មូល សា បាន​និយាយ​ថា “អ្នក​ដែល​ស្លាប់​ទាំង​បួន​នាក់​នោះ​គឺ​សុទ្ធតែ​ពលរដ្ឋខ្មែរ​ ក្នុង​នោះ​មាន​រួម​ទាំង​ក្មេង​ប្រុស​អាយុ​៣ឆ្នាំ​ម្នាក់​ផង​ដែរ”។ លោក​បាន​បន្ថែម​ថា ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​បើកបរ​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់ និង​អ្នកដំណើរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ក៏​បាន​ស្លាប់​ផង​ដែរ បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ក្បែរ​នោះ។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នកស្រី រ៉េម ម៉ាលី អាយុ​៣៣​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​​​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​នេះ​​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ខណៈ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​។

យោង​តាម​ច្បាប់​ចម្លង​​នៃ​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​​ ជនរងគ្រោះ​ជនជាតិ​ខ្មែរ​​ទាំង​ប្រាំ​នាក់​ដែល​លោក មូល សា និយាយ​ថា ស្ថិតក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ចំនួន​១១​នាក់ ដែល​​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​មេខ្យល់​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​ពីរ​នាក់​នោះ គឺ​សុទ្ធ​តែ​មក​​ពី​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៤និង​៣០​នាទី​ទៀប​ភ្លឺ នៅ​ពេល​អ្នក​បើក​បរ​រថយន្ត​​ដេក​លក់មួយ​ភាំង​៕ ស៊ុយឈាង​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស