35 C
Phnom Penh

អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ជនជាតិ​ភាគតិច​​​ប្រាំបួន​នាក់​​ទៀត​​ដែល​មក​ដល់​ខេត្ត​រតនគិរី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​សប្ដាហ៍​បន្ទាប់ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រាំនាក់ បាន​ឆ្លង​កាត់​ព្រំដែន​​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​រាយការណ៍​អំពី​ការ​មក​ដល់​​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​ក្មេងៗ​បីនាក់​ផង គឺ​​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ជួយ​សង្គ្រោះ​​ជា​បន្ទាន់​។

អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ចំនួន​ពីរ​នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​​​ឲ្យ​ដឹង​ថា ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​​បាន​មក​ដល់​​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ស្រុក​អណ្ដូង​មាស។ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាគឺ​ជាក្រុមជនជាតិ​ភាគ​តិច​ដែល​មក​ពី​​តំបន់​ខ្ពង់រាប​​ភាគកណ្ដាល​នៃ​ប្រទេស​វៀតណាម​។

លោកស្រី វ៉ានហៀ លី (Wan-Hea Lee) ប្រធាន​​ប្រចាំ​ប្រទេស​នៅ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​កាលពី​ម្សិលមិញ​ថា ការិយាល័យ​របស់​លោកស្រី​​កំពុង​តែ​​ពិភាក្សា​​អំពី​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ជាមួយ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ប៉ុន្តែ​លោកស្រី​មិន​បាន​​និយាយ​ថា តើ​អង្គការ​សហប្រជា​ជាតិ​​​​នឹង​មាន​បំណង​ចូល​ទៅជួប​ពួកគេ​ឬក៏អត់​ឡើយ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” OHCHR កំពុង​ព្រួយបារម្ភ​អំពី​សេចក្ដី​រាយការណ៍​ក្នុង​ពេលថ្មីៗ​នេះដែល​ថា ​មាន​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ថ្មី​បាន​ឆ្លង​កាត់​ព្រំដែន​មក​ ក្នុង​នោះ​រួម​មានទាំង​ក្មេងៗ​ផង ដោយ​​ត្រូវ​​បន្ថែម​​ចូល​ក្នុង​ស្ថានភាព​​ដែល​ត្រូវ​ជួយសង្គ្រោះជា​​​បន្ទាន់​។ វាគួរ​តែ​មាន​ការ​​​ផ្ដល់​ឱកាស​​ដល់ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ ដើម្បី​បង្ហាញ​​ថា តើ​ពួកគេ​​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ឬយ៉ាង​ណា”។

គេ​មិន​អាច​ទាក់​ទង​​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បានឡើយ​។

នគរ​បាល​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​ជាទី​ដែល​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​ប្រាំ​នាក់​​​​បាន​ឆ្លង​កាត់​ព្រំដែន​មក​កាលពី​ដើម​ខែ​នេះ​​ ហើយ​​បច្ចុប្បន្ន​កំពុង​តែ​លាក់​ខ្លួន​នោះ​​​បាន​ចាប់​ផ្ដើម​​ចូល​ឆែកឆេរ​​ផ្ទះ​របស់​អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ពីមួយ​ទៅ​មួយ​កាលពី​ថ្ងៃទី​៩ ខែ​មករា ដើម្បី​ស្វែង​រក​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ដោយ​គំរាម​​​ថានឹង​ចាប់​ខ្លួន​អ្នក​ណា​ដែល​ហ៊ាន​លាក់​បំពួន​ពួកគេផង​ដែរ​។

អ្នកភូមិជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​បាន​និយាយ​ថា ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត​នេះ​បាន​អះអាង​ថា ពួកគេ​គេច​ខ្លួន​ចេញពី​ការ​ផ្ដន្ទាទោស​ពាក់​ព័ន្ធ​នឹង​សាសនា និង​រឿង​នយោបាយនៅ​ក្នុង​ប្រទេស​វៀតណាម​។

អ្នកភូមិ​រូប​នេះ​បាន​និយាយ​​ដោយ​សំដៅ​ទៅ​លើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​១៣​នាក់ ដែល​គាត់​ជួយ​លាក់​បំពួន​នៅ​ក្នុង​ខេត្ត​រតនគិរី​​កាលពី​ខែ​តុលាថា ” យើង​បាន​សួរ​អ្នក​ទាំង​នោះ​ថា ហេតុ​អ្វី​បានជា​ពួកគេ​គេច​ពី​ប្រទេស​វៀតណាម​មក ហើយ​ពួកគេ​បាន​ប្រាប់​យើង​ដូច​ហេតុ​ផល​​ដែល​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ចំនួន​១៣​នាក់​មុន​បាន​ប្រាប់​យើង​ដែរ​”។ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​នោះ ត្រូវ​បាន​​​អង្គការ​​សហប្រជាជាតិ​បញ្ជូន​មក​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ខែ​តុលា​នោះ​មក ហើយ​ឥឡូវ​ពួកគេ​កំពុង​ដាក់ពាក្យ​​សុំ​សិទ្ធិ​​ជ្រក​កោន​។

អ្នកភូមិ​រូប​នេះ​បាន​និយាយ​ទៀត​ថា “ឥឡូវ​នេះ ​ក្រុម​នេះ​កំពុង​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ ប៉ុន្តែ​យើង​មាន​ផែន​ការ​ប្ដូរ​ទីតាំង​របស់ពួកគេ ព្រោះ​យើង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​រក​ឃើញ​ ហើយ​ចាប់​ខ្លួន​ពួកគេ​”។

អ្នកភូមិជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ម្នាក់​ទៀត​ដែល​រស់​នៅ​ក្នុង​ស្រុក​អណ្ដូង​មាស​បាន​លើក​ឡើង​ថា គាត់​បាន​និយាយ​ជាមួយ​ក្រុមជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​នោះ បន្ទាប់ពី​ជួប​ពួកគេ​​ខណៈ​កំពុង​​ប្រមូលផល​ដំឡូងមី​កាលពី​រសៀល​ថ្ងៃសៅរ៍។

គាត់​បាន​និយាយ​ថា ” ពួកគេ​បាន​ប្រាប់​ខ្ញុំថា ពួកគេ​បាន​គេច​ពី​ប្រទេស​វៀតណាម​មក ព្រោះ​ពួកគេ​ត្រូវ​អាជ្ញាធរ​វៀតណាម​គំរាម​កំហែង”។ គាត់​បាន​បន្ថែម​ទៀត​ថា ក្រុម​នេះ​​មាន​បុរស​ប្រាំនាក់ និង​ស្ត្រី​ម្នាក់​ក៏ដូច​ជា​កូនស្រី​ចំនួន​ពី​រ​នាក់ និង​កូន​ប្រុស​អាយុ​៩ខែ​ម្នាក់​របស់​ស្ត្រី​រូប​នេះ​ផង​ដែរ​។

លោក​ ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​​ និង​លោក​ ភិន សុវណ្ណ អធិការ​នគរ​បាល​ស្រុក​អណ្ដូង​មាស​បាន​លើក​ឡើង​ថា ពួកគេ​គាត់​មិន​បាន​ដឹង​ថា​​មាន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត​បាន​​ឆ្លង​កាត់ព្រំដែន​មក​ឡើយ​៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស