នៅថ្ងៃនេះកាលពី៣០ឆ្នាំមុន លោក ហ៊ុន សែន ដែលពេលនោះមានអាយុ៣៣ឆ្នាំ ទទួលការតែងតាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីដោយសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានក្លាយជាប្រមុខរដ្ឋាភិបាលវ័យក្មេងបំផុតលើពិភពលោក។

ចំពោះអតីតមេបញ្ជាការកងវរសេនាធំខ្មែរក្រហមរូបនេះ ដែលបានភៀសខ្លួនទៅប្រទេសវៀតណាមនៅខែមិថុនាឆ្នាំ១៩៧៧ ចំពេលមានការកម្ចាត់ក្រុមមិនស្មោះត្រង់នឹង ប៉ុល ពត ពេលនោះហើយដែលជាការចាប់ផ្តើមនៃយុគសម័យមួយ ដែលលោកបានឆ្លងកាត់ចលាចលស្ទើរឥតឈប់ឈរដើម្បីលើកខ្លួនឯងធ្វើជាមេដឹកនាំគ្មានគូប្រៀបនៃប្រទេសកម្ពុជា។
ឥឡូវនេះ ជាមេដឹកនាំកាន់តំណែងយូរជាងគេទី៦លើពិភពលោក គឺនៅបន្ទាប់ពីលោក រ៉ូប៊ឺត មូហ្គាបេ នៃប្រទេសហ្ស៊ីមបាបវេបន្តិច លោក ហ៊ុន សែន បានបង្វែរ ឬជម្នះរាល់បញ្ហាប្រឈមធំៗចំពោះការដឹកនាំរបស់លោកក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។
ការកើនឡើងនៃក្រុមចលនាតស៊ូដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អន្តរកាលដែលចាត់ចែងដោយអង្គការសហប្រជាជាតិឈានទៅរកលទ្ធិប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងការយាងត្រឡប់នៃគូប្រជែងដ៏មានប្រជាប្រិយដូចជា សម្តេចឪ នរោត្តម សីហនុ គ្រាន់តែជាការប្រែប្រួលដំណើរការមួយលើកៗ ដែលបង្អាក់ការឡើងកាន់តំណែងរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
ជនកុម្មុយនិស្តវ័យក្មេងកើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅខែសីហាឆ្នាំ១៩៥២ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានចូលរួមកម្លាំងក្នុងព្រៃម៉ាគីខ្មែរក្រហមនៅឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេច សីហនុ នៅពេលនោះ ដែលសភាជាតិបានបណ្តេញព្រះអង្គចេញពីមុខតំណែងជាប្រមុខរដ្ឋនៅឆ្នាំនោះ ហើយជំនួសវិញដោយលោក លន់ នល់។
ដោយបាត់បង់ភ្នែកឆ្វេងរបស់លោកនៅក្នុងសមរភូមិនាខែមេសាឆ្នាំ១៩៧៥ ដើម្បីដណ្តើមកាន់កាប់ក្រុងភ្នំពេញ ដែលនាំមកនូវជ័យជម្នះឲ្យខ្មែរក្រហមនោះ លោក ហ៊ុន សែន បានឡើងតំណែងជាបន្តបន្ទាប់នៅតំបន់បូព៌ា មុនពេលរត់ភៀសខ្លួនពីវិសុទ្ធិកម្មកម្មាភិបាលតំបន់ ដែលកើតឡើងជួនពេលជាមួយនឹងមានការវាយប្រហារកាន់តែខ្លាំងដោយខ្មែរក្រហម ឆ្លងចូលព្រំដែនប្រទេសវៀតណាម។
នៅពេលដែលប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការឈ្លានពានប្រទេសកម្ពុជា និងបានផ្តួលរំលំរបប ប៉ុល ពត នៅខែមករាឆ្នាំ១៩៧៩នោះ លោក ហ៊ុន សែន ដែលនៅពេលនោះមានអាយុ២៩ឆ្នាំ បានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរបបដែលលើកបន្តុបដោយប្រទេសវៀតណាម ហើយដឹកនាំដោយ លោក ហេង សំរិន ដែលផ្តល់ភាពសមហេតុសមផលដល់ការគ្រប់គ្រងរបស់ខ្លួន លើបរាជ័យនៃ”របបប្រល័យពូជសាសន៍”របស់ ប៉ុល ពត។
លោក ជែក បេកឺត អ្នកឆ្លើយឆ្លងព័ត៌មាននៅកម្ពុជារបស់កាសែតបាងកក ប៉ុស្តិ៍ បានសរសេរ បួនថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បានទទួលការតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ខែមករាឆ្នាំ១៩៨៥ថា “យើងប្រហែលនឹងមិនដែលដឹង ថាតើបទបញ្ជាប្រល័យពូជសាសន៍ដ៏ឃោរឃៅដែលសំដៅលើប្រជាជនខ្មែរ ធ្វើឲ្យលោក ហ៊ុន សែន មិនសប្បាយចិត្តប៉ុន្មាននោះទេ”។
អ្នកឆ្លើយឆ្លងព័ត៌មានរូបនេះបានសរសេរថា “ប៉ុន្តែមានមន្ទិលសង្ស័យតិចតួចដែលថា តាមពិតទៅ លោក ហ៊ុន សែន មានអារម្មណ៍រសាប់រសល់នឹងអាកប្បកិរិយាប្រឆាំងវៀតណាមយ៉ាងខ្លាំងពីសំណាក់សមាជិកធំៗបំផុតនៃកម្ពុជាប្រជាធិបតេយ្យ”។
លោក បេកឺត បានសន្និដ្ឋានថា “លោក ហ៊ុន សែន នៅក្មេង តែឆ្លាត រៀនសូត្រឆាប់ចេះ និងធ្វើដំណើរបានច្រើន។ ប្រភពមួយចំនួនអះអាងថា លោកត្រូវប្រទេសវៀតណាមទុកចិត្តជាងលោក ហេង សំរិន ដែលមិនអាចជួបជនបរទេសតែម្នាក់ឯងបានផងនោះ”។
សម្ពន្ធភាពជិតស្និទ្ធរបស់លោក ហ៊ុន សែន ជាមួយប្រទេសវៀតណាម ដែលលោកបានក្លាយជាអ្នកនិយាយភាសាវៀតណាមរអិល ហើយមកទល់សព្វថ្ងៃនេះ ការពារយ៉ាងខ្លាំងក្លានូវការកាន់កាប់ប្រទេសកម្ពុជារយៈពេលមួយទសវត្សរ៍ដោយប្រទេសវៀតណាមនោះ នឹងក្លាយជាបន្ទាត់សំខាន់ពុះចែកក្រុមអ្នកគាំទ្រនិងសត្រូវរបស់លោក។
លោក ឆាំង សុង រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងរបប លន់ នល់ ដែលបានភៀសខ្លួនទៅអាមេរិក ពេលខ្មែរក្រហមបានជ័យជម្នះនៅឆ្នាំ១៩៧៥ បាននិយាយថា “ហ៊ុន សែន បានឡើងកាន់អំណាចក្នុងពេលវៀតណាមកាន់កាប់ប្រទេសកម្ពុជា ប៉ុន្តែខ្ញុំគិតថា វាអយុត្តិធម៌ណាស់ និងជាការមាក់ងាយ ចំពោះការហៅ ហ៊ុន សែន ថា ‘អាយ៉ងវៀតណាម'”។
លោក ឆាំង សុង ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមអតីតមន្ត្រី លន់ នល់ មួយចំនួនតូចដែលគាំទ្រលោក ហ៊ុន សែន ដោយមើលឃើញថា គាត់ជាកម្លាំងការពារប្រឆាំងការវិលត្រឡប់នៃរបប ប៉ុល ពត បើទោះជារបបនោះប្រកាន់តាមលទ្ធិកុម្មុយនិស្តក៏ដោយ។
លោក ឆាំង សុង ដែលនៅទសវត្សរ៍ឆ្នាំ១៩៩០បានបម្រើការជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន នោះបាននិយាយថា “ក្នុងពេលវៀតណាមកាន់កាប់ [លោក ហ៊ុន សែន] ក៏ត្រូវប្រជែងជាមួយជនជាតិខ្មែរផ្សេងទៀតដើម្បីកាន់អំណាចដែរ”។
លោកបាននិយាយថា “ក្រៅពីនេះ ខ្ញុំមិនចងចាំមេដឹកនាំខ្មែរណាផ្សេងទៀតដែលមិនមែនជា’អាយ៉ង’របស់អំណាចបរទេស ដូចពាក្យគេប្រើនេះទេ”។
លោក សុង បាននិយាយថា “ពលរដ្ឋខ្មែរត្រូវដឹងថា ដំណោះស្រាយអចិន្ត្រៃយ៍ពិតប្រាកដចាំបាច់ត្រូវស្វែងរកឲ្យបានរវាងប្រជាជនខ្មែរនិងប្រជាជនវៀតណាម។ នៅទីបញ្ចប់ ពួកគេត្រូវរួមរស់នឹងគ្នាដោយសន្តិវិធី”។
កំណែទម្រង់តាមស្ថានការណ៍ពិត
នៅខាងក្នុងបក្សកុម្មុយនិស្ត ពោលគឺប្រឆាំងភាគីមួយដែលគេដឹងថាដឹកនាំដោយលោក ហេង សំរិន និងលោក ជា ស៊ីម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលត្រួតត្រាប៉ូលិសនោះ លោក ហ៊ុន សែន បានចាប់ផ្តើមបង្កើតឈ្មោះមួយជាអ្នកកំណែទម្រង់តាមស្ថានការណ៍ជាក់ស្តែង។
រយៈពេលពីរបីខែ បន្ទាប់ពីរបបរបស់លោក ហ៊ុន សែន បានបោះបង់របបកុម្មុយនិស្តនៅខែមេសាឆ្នាំ១៩៨៩ និងបានប្តូរឈ្មោះទៅជារដ្ឋកម្ពុជាវិញនោះ ដែលទំនងជាប្រឆាំងនឹងការតវ៉ារបស់លោក ជា ស៊ីម កាសែត ញូយ៉ក ថែមស៍ ចេញផ្សាយសេចក្តីរាយការណ៍មួយមានចំណងជើងថា “ក្នុងក្រុងភ្នំពេញ ‘អាយ៉ង’របស់វៀតណាម កំពុងស្វែងរកសំឡេងរបស់ខ្លួន”។
កាសែត ញូយ៉ក ថែមស៍ បានកត់សម្គាល់ថា “ចំពោះយុវជននៅប្រទេសកម្ពុជា ដែលគ្មានអនុស្សាវរីយ៍នឹងស្តេច សីហនុ នោះ លោក ហ៊ុន សែន តំណាងសម័យថ្មី។ ពេលត្រឡប់ពីក្រុងប៉ារីសនៅខែនេះ លោកបានឈានជើងចុះពីយន្តហោះក្នុងសម្លៀកបំពាក់អាវធំឡេវពីរជួរ។ លោកចូលចិត្តបារីនាំចូល និងពាក់វ៉ែនតាដែលអាចជួយបាំងសម្លាកអំបែកគ្រាប់ដែលបានធ្វើឲ្យលោកពិការភ្នែកឆ្វេងកាលពីឆ្នាំ១៩៧៥។
“លោក ហ៊ុន សែន ឆ្លៀតយកប្រយោជន៍ពីការទាស់គំនិតគ្នារបស់លោកជាមួយព្រះអង្គ នៅពេលជំរុញព្រះអង្គជាសាធារណៈឲ្យយាងត្រឡប់មកស្រុកវិញ។ ទន្ទឹមនឹងពេលនោះ លោកពន្យល់យ៉ាងវាងវៃអំពីការខកខានរបស់ព្រះអង្គមិនបានយាងមក ដោយនិយាយថា ព្រះអង្គនៅជាសម្ពន្ធមិត្តនឹងខ្មែរក្រហម ពោលគឺជាទំនាក់ទំនងមួយដែលប្រជាជនខ្មែរសឹងតែទាំងអស់ព្រួយបារម្ភ។”
យោងតាមសៀវភៅរបស់លោក អីុវ៉ាន ហ្គតមែន “កម្ពុជា: ក្រោយពីរបបខ្មែរក្រហម” ដែលផ្អែកលើកំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ១៩៨០បានឲ្យដឹងថា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ លោកនាយករដ្ឋមន្ត្រីរូបនេះបានបញ្ចុះបញ្ចូលសមមិត្តកុម្មុយនិស្តរបស់លោកយ៉ាងប្រសប់ឲ្យទទួលយកសេដ្ឋកិច្ចទីផ្សារសេរី។
លោក ហ៊ុន សែន ត្រូវគេដកស្រង់សម្តីនិយាយក្នុងកិច្ចប្រជុំខែមិថុនាឆ្នាំ១៩៨៨ថា “គ្មានអ្នកណាជាគ្រូសង្គមនិយមរបស់អ្នកណាទេ ពីព្រោះ[សង្គមនិយមកម្ពុជា]បានអនុវត្តលទ្ធិសង្គមនិយមរយៈពេល២០ឆ្នាំរួចហើយ ហើយពួកគេចាប់ផ្តើមបោះបង់ចោលនិងរំលាយចោល និងកំពុងចាប់ផ្តើមជាថ្មី។ ពួកគេយល់ស្របថា ពួកគេខុសទាំងស្រុង”។
នៅពីក្រោយកំណែទម្រង់និយមឲ្យតែបាននេះទៀតសោត លោក ហ៊ុន សែន ដែលបានចរចាអំពីការវិលត្រឡប់មកវិញនៃលទ្ធិប្រជាធិបតេយ្យពហុបក្សនៅកម្ពុជាជាមួយ សម្តេច សីហនុ នៅតែជាមនុស្សរបស់បក្សកុម្មុយនិស្តដែលជារបប លោកបានឡើងកាន់អំណាច ពោលគឺប្តូរផ្តាច់នឹងបក្សនេះ ព្រោះជាកន្លែងសម្រាប់ប្រើអំណាចរបស់លោក។
យោងតាមលោក ហ្គតមែន ឲ្យដឹងថា ថ្លែងនៅក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនាខែមិថុនាឆ្នាំ១៩៨៩ លោក ហ៊ុន សែន បានលើកឡើងនូវមូលហេតុស្របតាមសភាពការណ៍ដើម្បីធ្វើឯកជនភាវូបនីយកម្ម(ចំពោះសម្ពន្ធមិត្តដែលទុកចិត្ត) នូវរោងចក្រ ដែលរដ្ឋាភិបាលរបស់លោកបានខិតខំយ៉ាងខ្លាំងដើម្បីកសាង បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រសិនបើមានដំណោះស្រាយនយោបាយ យើងចង់ឲ្យរោងចក្ររដ្ឋទាំងអស់ក្លាយជារោងចក្រឯកជន។ ប្រសិនបើយើងទុករោងចក្រទាំងនោះនៅជារបស់រដ្ឋ យើងនឹងប្រឈមបញ្ហាច្រើន ពេលណាក្រុមត្រីភាគី [នៅក្នុងចលនាតស៊ូរបស់ស្តេច សីហនុ] ចូលមក ហើយចំណាយលុយដែលជារបស់រោងចក្ររបស់យើង ដែលបានដំណើរការរយៈពេល១០ឆ្នាំមកហើយ”។

ការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ
លោក ហ៊ុន សែន និង សម្តេច សីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ហើយលទ្ធិប្រជាធិបតេយ្យពហុបក្សបានវិលមកប្រទេសកម្ពុជាវិញ ដោយអតីតក្រុមតស៊ូរបស់ព្រះអង្គត្រឡប់ចូលក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។
នៅពេលចេញលទ្ធផលនៃការបោះឆ្នោតនៅខែមិថុនាឆ្នាំ១៩៩៣ គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ឈ្នះបាន៥១អាសនៈ ធៀបនឹង៥៨អាសនៈរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយបុត្រារបស់សម្តេច សីហនុ គឺព្រះអង្គ នរោត្តម រណឫទ្ធិ ដែលយុទ្ធនាការរបស់ព្រះអង្គពឹងផ្អែកយ៉ាងខ្លាំងលើប្រជាប្រិយភាពមិនសាបសូន្យរបស់ព្រះបិតារបស់ព្រះអង្គ។
ដោយត្រូវការពីរភាគបីនៃអាសនៈ១២០ដើម្បីបង្កើតរដ្ឋាភិបាលនោះ លោក ហ៊ុន សែន ទទួលបានតំណែងជា”នាយករដ្ឋមន្ត្រីទី២” ដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា”នាយករដ្ឋមន្ត្រីទី១”។
ការពាក់ព័ន្ធក្នុងអំណាចជាបន្តរបស់លោក ហ៊ុន សែន ដែលគាំទ្រដោយភាពលើសលប់នៃប្រព័ន្ធរដ្ឋក្នុងរបបចាស់ និងប្រាក់កាសដែលហូរចូលប្រទេសកម្ពុជានោះ បានធ្វើឲ្យលោកមានជំហរខ្លាំងជាងមុនពេលលោកប្រគល់ការគ្រប់គ្រងរដ្ឋទៅទៀត។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅ “ការពឹងផ្អែកជំនួយនៅកម្ពុជា” បាននិយាយថា “ក្នុងនាមជាអ្នកនៅរស់រានមានជីវិតម្នាក់ គាត់អាចសម្របបាន។ គាត់មិនមែនជាអ្នកកាន់លទ្ធិណាមួយខ្ជាប់ខ្ជួននោះទេ”។ លោកបានបន្ថែមថា អំបោះជាប់ជំពាក់គ្នា ការបន្តកាន់តំណែងរហូតមករយៈពេល៣០ឆ្នាំរបស់លោក ហ៊ុន សែន គឺជាសេចក្តីស្មោះត្រង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក។
លោកបាននិយាយថា “គាត់បានស្រវាយកមូលធននិយមដោយដៃទាំងពីរចំហ ហើយបានដើរតាមទ្រឹស្តីរបស់លោក តេង ស៊ីវភីង [អ្នកកែទម្រង់កម្មុយនិស្តចិន] គឺ ការមានបានប្រកបដោយកិត្តិគុណ។ លក្ខណនៃការដឹកនាំរបស់គាត់គឺប្រជានិយមជាមួយនឹងភាសាដែលមហាជនអាចទទួលយកបាន ប៉ុន្តែគាត់ក៏ប្រើកណ្តាប់ដៃដែកក្នុងករណីខ្លះដែរ”។
តាមពិត រយៈពេលបីទសវត្សរ៍របស់លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីមានការកត់សម្គាល់ដោយឆន្ទៈក្នុងការសង្កេតមើលក្រុមប្រឆាំងរីកលូតលាស់ដោយអំណត់ មុនពេលបញ្ចេញកណ្តាប់ដៃបញ្ចប់ភ្លាមៗនោះ។
ប្រហែលជាឧទាហរណ៍ដ៏លេចធ្លោជាងគេ គឺការវាយប្រយុទ្ធប្រដាប់អាវុធនៅខែកក្កដាឆ្នាំ១៩៩៧ក្នុងក្រុងភ្នំពេញ រវាងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន និងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានឈានដល់ការដកព្រះអង្គចេញពីតំណែង ប្រហែលមួយឆ្នាំ បន្ទាប់ពីមេដឹកនាំទាំងពីរបានចាប់ផ្តើមតតាំងគ្នាទាក់ទិននឹងកិច្ចព្រមព្រៀងចែកអំណាចរបស់ពួកគេ។
ដោយព្រះអង្គម្ចាស់គង់និរទេសនៅប្រទេសបារាំង សមាជិកសភាហ៊្វុនស៊ិនប៉ិចជនជាតិខ្មែរសញ្ជាតិអូស្ត្រាលី គឺលោក អុឹង ហួត បានឡើងជំនួសព្រះអង្គជានាយករដ្ឋមន្ត្រីទី១។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការដកសម្តេចក្រុមព្រះចេញពីតំណែង គឺមិនមែនរដ្ឋប្រហារទេ ហើយបន្ទោសសម្តេចក្រុមព្រះព្រះអង្គឯង ដោយសារការនាំក្រុមខ្មែរក្រហមដែលនៅសេសសល់ចូលក្រុងភ្នំពេញ។
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិនៅខែសីហាឆ្នាំ១៩៩៧ បានបញ្ជាក់អំពីការសម្លាប់មានលក្ខណៈនយោបាយនូវអ្នកប្រឆាំងនឹងលោក ហ៊ុន សែន ចំនួន៤១នាក់ ក្នុងនោះមានលោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានគេសម្លាប់នៅខាងក្នុងក្រសួងរបស់លោកតែម្តង។
ក្នុងឯកសារប៊ីប៊ីស៊ីខែវិចិ្ឆិកាឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានសើចចំអកនឹងរបាយការណ៍បង្ហាញកំហុសរបស់អង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា “ប្រហែលជាមានមនុស្សមិនច្រើនជាង៥០នាក់ទេក្នុងប្រទេសកម្ពុជាដែលបានអានរបាយការណ៍នេះ។ មានមនុស្ស១១លាននាក់ឯណោះក្នុងប្រទេសកម្ពុជា។ ពួកគេមិនយល់ ថារបាយការណ៍សិទ្ធិមនុស្សនេះនិយាយពីអ្វីទេ”។ “អ្វីដែលអង្គការសហប្រជាជាតិនិយាយ មិនធ្វើឲ្យខ្ញុំខ្វល់ទេ។ បញ្ហាគឺប្រជាជនរបស់ខ្ញុំ និងថាតើពួកគេគាំទ្រខ្ញុំឬអត់”។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងក្រុងភ្នំពេញបានរាយការណ៍អំពីការសម្លាប់ទាក់ទិននឹងនយោបាយ១៦នាក់បន្ថែមទៀតក្នុងរយៈពេលពីរខែ មុនពេលការបោះឆ្នោតជាតិនាខែកក្កដាឆ្នាំ១៩៩៨ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះ គឺធ្វើឲ្យអំណាចរបស់លោក ហ៊ុន សែន ស្របច្បាប់ ហើយអាចឲ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីតែម្នាក់ឯងក្នុងប្រទេសកម្ពុជា។
លោក ប៉ែន សុវណ្ណ ដែលបានធ្វើជានាយករដ្ឋមន្ត្រីដំបូងគេមួយរយៈពេលខ្លីក្នុងរបបដែលបានជំនួសរបបខ្មែរក្រហម មុនពេលត្រូវបានគេដកគាត់ចេញពីតំណែងនិងដាក់ពន្ធនាគារនៅប្រទេសវៀតណាមអស់រយៈពេលមួយទសវត្សរ៍នោះបានមានប្រសាសន៍ថា “កេរដំណែលរបស់គាត់គឺគ្មានអ្វី ក្រៅតែពីភាពផ្តាច់ការ។ ការដឹកនាំរបស់គាត់គឺ គំរាមកំហែង ប្លន់ និងសម្លាប់អ្នកផ្សេង ដើម្បីត្រាយផ្លូវឲ្យគាត់បានស្ថិតក្នុងអំណាច”។
លោក ប៉ែន សុវណ្ណ ដែលឥឡូវនេះជាតំណាងរាស្ត្របក្សប្រឆាំងមួយរូបបានមានប្រសាសន៍ថា “ពីមួយឆ្នាំទៅមួយឆ្នាំ តាំងតែក្រោយពីឆ្នាំ១៩៩៧និងក្នុងទសវត្សរ៍ឆ្នាំ២០០០នេះ ខ្ញុំមិនដែលបានឃើញការអភិវឌ្ឍណាមួយក្រោមការដឹកនាំរបស់គាត់ទេ ក្រៅតែពីទឹកភ្នែកបង្ហូរដោយអ្នកក្រដែលបានបាត់បង់ដីធ្លី និងទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះ”។
ការស្តារឡើងវិញនៃភាពមានប្រៀប
នៅពេលត្រូវបានសួរក្នុងឆ្នាំ១៩៩៨ថា តើអ្វីទៅដែលអង្គការសហប្រជាជាតិបានបន្សល់ទុកសម្រាប់ប្រទេសកម្ពុជាប្រាំឆ្នាំមុន លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អេដស៍”។
បន្ទាប់ពីការបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រីមានប្រៀបឡើងវិញ ដោយសារតែក្រុមប្រឆាំងនឹងអតីតគណបក្សកុម្មុយនីស្តរបស់លោកបានបែកខ្ញែកគ្នា។
គណបក្សថ្មីរបស់លោក សម រង្ស៊ី អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណបក្សហ្វុ៊នសិុនបិុច របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បូកបញ្ចូលគ្នាទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋចំនួន២,២៥លានសំឡេងទល់នឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងគាំទ្រចំនួន ២,០៣លានសំឡេងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៨ ប៉ុន្តែសំឡេងឆ្នោតរបស់គណបក្សទាំងពីរនេះត្រូវបានបែងចែកដាច់ពីគ្នា។
លោក ដេវីដ រ៉ូបឺត (David Roberts) បានសរសេរនៅក្នុងសៀវភៅរបស់លោកដែលបោះពុម្ពនៅឆ្នាំ២០០១ និងដែលមានចំណងជើងថា ‘អន្តរកាលនយោបាយនៅក្នុងប្រទេសកម្ពុជា’ នោះថា “លោក ហ៊ុន សែន មិនបានប្រើវិធីសាស្ត្របំបែកនិងគ្រប់គ្រងទេ គឺគណបក្សប្រឆាំងបានធ្វើដូច្នេះដោយខ្លួនឯង”។
លោកបានគូសបញ្ជាក់បន្តថា “បើនិយាយអំពីលទ្ធផលនៃការបោះឆ្នោតវិញ ប្រសិនបើ លោក សម រង្ស៊ី និងព្រះអង្គម្ចាស់ រណឫទ្ធិ រួបរួមគ្នា ពួកគាត់នឹងទទួលបានសំឡេងគាំទ្រភាគច្រើន ហើយលទ្ធផលវិញនឹងខុសគ្នាឆ្ងាយ”។
ការបែកបាក់គ្នានេះបានជួយឲ្យលោក ហ៊ុន សែន អាចក្តោបក្តាប់អំណាចបាន១៥ឆ្នាំបន្តទៀត ពោលគឺមកដល់ពេលសព្វថ្ងៃ ដោយសារក្រុមប្រឆាំងនឹងការកាន់អំណាចរបស់លោកមានឱកាសតិចតួចក្នុងការទទួលបានជ័យជម្នះ។
លោក សម រង្ស៊ី បានមានប្រសាសន៍អំឡុងកិច្ចសម្ភាសមួយក្នុងសប្តាហ៍នេះថា “បញ្ហារបស់គណបក្សប្រឆាំងដែលដើរតាមលទ្ធិប្រជាធិបតេយ្យគឺនៅត្រង់ថា រហូតមកទល់ពេលនេះ យើងនៅតែខ្សោយ ហើយបែកបាក់គ្នា។ វាមិនមែនដោយសារតែលោក ហ៊ុន សែន ខ្លាំងនោះទេ ប៉ុន្តែ គឺដោយសារតែគូប្រជែងរបស់គាត់ខ្សោយ”។
លោក ញឹក ប៊ុនឆៃ អតីតឧត្តមសេនីយ៍យោធាមួយរូបដែលដឹកនាំកងកម្លាំងរបស់គណបក្សហ្វុ៊នសិុនបិុច ដែលមានព្រះអង្គម្ចាស់ រណឫទ្ធិ ជាប្រធាននៅក្នុងការប្រយុទ្ធប្រដាប់អាវុធកាលពីខែកក្កដាឆ្នាំ១៩៩៧ បានមានប្រសាសន៍ថា “ចំណុចសំខាន់នោះគឺនៅត្រង់ថា មានគណបក្សនយោបាយច្រើនពេក”។ លោក ញឹក ប៊ុនឆៃ ដែលសព្វថ្ងៃជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា “គណបក្សប្រជាធិបតេយ្យទាំងនោះមិនបានរួបរួមគ្នាទេ ជាហេតុធ្វើឲ្យចំនួនសំឡេងឆ្នោតរបស់ខ្លួនធ្លាក់ចុះ ហើយបានបែកសំឡេង។ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាមានគ្រឹះដ៏រឹងមាំ និងមិនដែលបែកបាក់គ្នា ហេតុដូច្នេះហើយទើប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះអាសនៈភាគច្រើនស្ទើរតែគ្រប់ការបោះឆ្នោតទាំងអស់”។
តាមពិតទៅលោក ហ៊ុន សែន បានឈ្នះអាសនៈ៩០ក្នុងចំណោមអាសនៈសភាសរុប១២៣នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៨ គឺដោយសារតែគណបក្សហ្វុ៊នសិុនបិុចបានបែកបាក់គ្នា ហើយបានបន្តធ្វើជាដៃគូចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា និងដោយសារមានការប្រកួតប្រជែងគ្នារវាងគណបក្សរបស់លោក សម រង្ស៊ី និងគណបក្សប្រឆាំងផ្សេងៗទៀត។
ដោយសារស្ទើរតែគ្មានឧបសគ្គរារាំងការកាន់អំណាចរបស់លោក និងដោយសារតែព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅរស់នៅក្នុងប្រទេសបារាំងអស់រយៈពេលយ៉ាងយូរអំឡុងទសវត្សរ៍ឆ្នាំ២០០០នោះ លោក ហ៊ុន សែន ទទួលបានអំណាចដ៏លើសលុបជាថ្មីដែលគ្មាននរណាអាចធ្វើអ្វីកើត។
ជារឿយៗ សន្យាចម្លែកៗនោះ លោក ហ៊ុន សែន បានចាប់ផ្តើមដើរតួជាអ្នកកំណែទម្រង់សាជាថ្មីម្តងទៀតដោយនៅពេលមួយបានសន្យាថា នឹងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាតាមរយៈការបញ្ឈប់ការកាប់ឈើខុសច្បាប់នៅក្នុងដីសម្បទានដែលផ្តល់ដោយរដ្ឋ។
លោក ហ៊ុន សែន បានព្រមានដល់អ្នកដែលទទួលបានសិទ្ធិកាន់កាប់ដីសម្បទានកាលពីខែធ្នូឆ្នាំ២០០១ថា “ប្រសិនបើអ្នកឯងហ៊ាន[រំលោភបទបញ្ជា] ហើយប្រសិនបើខ្ញុំមិនដកយកព្រៃសម្បទានរបស់អ្នកឯង និងបិទរោងចក្ររបស់អ្នកឯងទេនោះ ខ្ញុំនឹងកាត់ក្បាលរបស់ខ្ញុំ”។
សម្រាប់មនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដូចជាលោក ស៊ិក ប៊ុនហុក សមាជិកសភាជាដើម សុទ្ធតែយល់ឃើញថា សមត្ថភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរក្សាអំណាចបានដូច្នេះ គឺដោយសារតែលោកពូកែនិយាយមានលក្ខណៈសាមញ្ញ និងដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ លោក ប៊ុនហុក បានមានប្រសាសន៍ថា “គាត់អាចធ្វើជានាយករដ្ឋមន្ត្រីបានជាច្រើនឆ្នាំដូច្នេះ ព្រោះគាត់ទទួលបានការគាំទ្រខ្លាំងពីសាធារណជន ព្រោះថាគាត់កើតចេញពីគ្រួសារកសិករក្រីក្រ។ ហេតុដូច្នេះហើយគាត់យល់អំពីជីវិតរបស់អ្នកក្រ និងការលំបាក និងសុខទុក្ខរបស់អ្នកភូមិ។ គាត់គឺជាមេដឹកនាំតែមួយគត់ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ។ គាត់បានប្រមូលអ្នកចេះដឹង និងឆ្លាតវៃមកធ្វើការជាមួយគាត់”។
លោកបានមានប្រសាសន៍បន្ថែមថា “គាត់បានកសាង [ប្រទេសកម្ពុជា] ពីបាតដៃទទេ និងជួយស្តារជីវភាពរស់នៅរបស់ពលរដ្ឋឡើងវិញ ហើយបានផ្តល់ឲ្យពលរដ្ឋទាំងស្មារតី ទាំងសម្ភារ ដូចការអភិវឌ្ឍសព្វថ្ងៃនេះ។ និយាយឲ្យត្រង់ទៅគាត់មិនមែនជាអ្នកចាប់ឆាប់បាននោះទេ ប៉ុន្តែ ការចងចាំរបស់គាត់ខ្លាំង។ ប្រហែលមកពីគាត់បានបាត់បង់ភ្នែកម្ខាងដោយសារប្រយោជន៍ជាតិ។ ហេតុដូច្នេះគាត់ទទួលបាននូវចំណុចខ្លាំងជាងដែលអ្នកដទៃគ្មាន”។
គណបក្សប្រឆាំងកើនប្រជាប្រិយភាព
ជាការប្រកួតប្រជែងដ៏ខ្លាំងជាលើកដំបូងចំពោះការក្ដោបក្ដាប់អំណាចរបស់លោក ហ៊ុន សែន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំងចំនួនពីរ មួយឆ្នាំមុនការបោះឆ្នោតឆ្នាំ២០១៣ ទទួលបានអាសនៈយ៉ាងច្រើន ដោយខ្វះតែប្រាំពីរអាសនៈតែប៉ុណ្ណោះនឹងឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំមុន។
ការធ្វើបាតុកម្មតាមផ្លូវជាបន្តបន្ទាប់ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងដែលបានទទួលរងការបង្ក្រាបដ៏ហិង្សា និងការធ្វើកំណែទម្រង់ការបោះឆ្នោតមិនដែលធ្លាប់មានពីមុនមក ដែលព្រមព្រៀងដោយនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការតវ៉ាទាំងនោះ បានបង្ហាញឲ្យឃើញឥទ្ធិពលដែលគណបក្សសង្គ្រោះជាតិទទួលបាន។
លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា “ខ្ញុំគិតថា នៅពេលនេះលោក ហ៊ុន សែន លែងទទួលបានការគាំទ្រទៀតហើយ”។ លោកបានបន្ថែមថា លោកជឿជាក់ថា លោក ហ៊ុន សែន ប្រាកដជានឹងដឹងអំពីស្ថានភាពទន់ខ្សោយក្នុងពេលសព្វថ្ងៃរបស់ខ្លួន។
លោកបានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះភាគីទាំងពីរសុទ្ធតែមានឆន្ទៈចរចាគ្នាដើម្បីដោះស្រាយបញ្ហា។ ដំណោះស្រាយទី១ គឺការធ្វើកំណែទម្រង់ដោយចាប់ផ្តើមពីការធ្វើកំណែទម្រង់ការបោះឆ្នោតដែលយើងបានព្រមព្រៀងគ្នា។ ឥឡូវនេះប្រទេសកំពុងដើរក្នុងទិសដៅត្រូវហើយ”។
ប៉ុន្តែ មិនមែនជាលើកទី១ទេក្នុងរយៈពេលបីទសវត្សរ៍នៃការកាន់អំណាចរបស់លោក ដែលលោកនាយករដ្ឋមន្ត្រី ទំនងជាងាកចេញពីភាពផ្តាច់ការរបស់លោក ហើយប្រឈមនឹងក្រុមប្រឆាំងដ៏ខ្លាំងក្លា តែក្រោយមកលោកបានកម្ទេចចោល ក្នុងពេលដែលក្រុមប្រឆាំងនោះចុះទន់ខ្សោយ។
លោក ខាល ថាយ័រ (Carl Thayer) អ្នកជំនាញប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាយោធាការពារជាតិអូស្ត្រាលីនៅក្នុងទីក្រុងកង់បេរ៉ា បានលើកឡើងថា កាយវិការទន់ភ្លន់របស់លោក ហ៊ុន សែន ចំពោះលោក សម រង្ស៊ី ចាប់តាំងពី “វប្បធម៌ពិភាក្សាគ្នា”ថ្មីត្រូវបានប្រកាសកាលពីឆ្នាំមុនមក គឺជាវិធីសាស្ត្រដ៏សាមញ្ញរបស់លោក ហ៊ុន សែន ដែលធ្លាប់ប្រើពីមុនៗមក។
លោក ថាយ័រ បានមានប្រសាសន៍ថា “ទោះបីជាទំព័រចុងក្រោយនៅក្នុងមុខតំណែងជាយូរឆ្នាំមកហើយ មិនទាន់ត្រូវបានកត់ត្រាក៏ដោយ ក៏លោក ហ៊ុន សែន នៅតែបង្ហាញអំពីជំនាញនៃអ្នកមានល្បិចកលនយោបាយដើម្បីបញ្ចុះបញ្ចូលគណបក្សប្រឆាំង”។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន នៅតែមានភាពខ្សោយដែរ។ លោកបានមានប្រសាសន៍បន្ថែមថា “ស្ថិរភាពនយោបាយដែលមានជាច្រើនមកនេះ និងកំណើនសេដ្ឋកិច្ច ព្រមទាំងការលេចឡើងនៃយុវជនជំនាន់ក្រោយ ដែលយល់ដឹងពីបច្ចេកវិទ្យាច្រើន គឺជាកត្តាដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់មូដ្ឋាននៃបណ្ដាញបក្ខពួកនិយមរបស់លោក ហ៊ុន សែន។ ហើយឥឡូវនេះវាគឺជាពេលសម្រាប់លោក ហ៊ុន សែន ដែលគេស្គាល់ថាជាបុរសដ៏វៃឆ្លាតត្រូវពិចារណាថា ត្រូវធ្វើយ៉ាងដូចម្តេចដើម្បីរៀបចំអន្តរកាលចេញពីអំណាចប្រកបដោយសេចក្តីថ្លៃថ្នូរ”។
ប៉ុន្តែ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) អ្នកសរសេរប្រវត្តិសាស្ត្រខ្មែរដ៏ល្បីឈ្មោះបានលើកឡើងថា លោកជឿជាក់ថា លោកនាយករដ្ឋមន្ត្រីនឹងមិនព្រមចុះចាញ់ចំពោះឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិឡើយ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ខ្ញុំគិតថា គាត់ដឹងយ៉ាងច្បាស់ថា គាត់អាចចរចាបាន។ វាច្បាស់ណាស់ថា ជាការប្រឈមមួយដ៏ធំ ប៉ុន្តែ គាត់មានអំណាចខ្លាំង (មានហិរញ្ញវត្ថុ និងមានអ្នកគាំទ្រក្រៅប្រទេស) ដែលគណបក្សប្រឆាំងមានតិចតូច”។ លោកបានលើកឡើងបន្ថែមទៀតថា “នៅពេលលោកចូលនិវត្ត (ខ្ញុំសង្ស័យ ថាមិនមានការអនុវត្តតាមការចាញ់ឆ្នោតទេ) កម្ពុជានឹងជាការឆ្លុះបញ្ចាំងនូវគោលនយោបាយដែលលោកបានបង្កើតឡើងនិងអនុវត្ត”។
ដោយមិនដែលជួបការលំបាកខ្លាំងចាប់តាំងពីគ្រប់គ្រងអំណាចអស់រយៈពេលបីទសវត្សរ៍មកនេះ ឥឡូវនេះលោក ហ៊ុន សែន កំពុងប្រឈមនឹងបរិយាកាសមួយដែលធ្វើឲ្យលោកមិនអាចពឹងផ្អែកលើប្រជាប្រិយភាពដែលទទួលបានពីការផ្តួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ទៀតឡើយ ហើយការប្រើកម្លាំងបង្ក្រាបផ្នែកនយោបាយកាន់តែខ្លាំង គឺធ្វើឲ្យរបបនេះកាន់តែធ្លាក់ដុនដាប។
លោក រា៉អ៊ូល ម៉ាកជិនណា (Raoul Marc Jennar) អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរមួួយរូបផងដែរនោះ បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិគឺជាការគំរាមកំហែងមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនរៀនបទពិសោធនពីលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣ទេនោះ”។
លោក ជិនណា បានមានប្រសាសន៍បន្ថែមថា “បរិបទនយោបាយឥឡូវនេះគឺវាមិនដូចមុនទេ ។ អ្នកជំនាន់ថ្មីកំពុងរង់ចាំការផ្លាស់ប្តូរ ពលរដ្ឋព្រួយបារម្ភពីអនាគតជាងអតីតកាល។ ការធ្វើអ្វីៗដូចពេលសព្វថ្ងៃមិនមែនជាជម្រើសល្អនោះទេ”។
ដោយឡែកលោក អៀ សុផល អ្នកនិពន្ធសៀវភៅ “ការពឹងផ្អែកជំនួយនៅកម្ពុជា” វិញបានលើកឡើងថា លោក ហ៊ុន សែន នៅតែអាចធ្វើជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់អាយុធ្វើលែងកើត។
លោកបានមានប្រសាសន៍ទាក់ទិននឹងលោកនាយករដ្ឋមន្ត្រីថា “ខ្ញុំគិតថា គាត់ប្រហែលជាយល់ សូម្បីតែនៅក្នុងរបបសង្គមនិយមក៏ដោយ តែទីបំផុតគឺគ្មានរបបនេះឡើយ។ ហើយបើនិយាយទាក់ទិននឹងរដ្ឋាភិបាលវិញ គឺគាត់គ្មានមិត្ត ឬសត្រូវជាប់លាប់ឡើយ គឺគាត់គិតតែពីផលប្រយោជន៍ប៉ុណ្ណោះ មានន័យថា គាត់អាចនៅតែមានអំណាច និងនៅតែមានអ្នកស្មោះស្ម័គ្រ ប៉ុន្តែ ដូចអ្វីដែលព្រះពុទ្ធបានទូន្មានមកថា វដ្តទុក្ខគ្មាននរណាម្នាក់អាចគេចផុតបានឡើយ នោះគឺ ចាស់ ឈឺ និង ស្លាប់”៕ មានិត និង ស៊ុយឈាង