មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា នៅថ្ងៃពុធនេះ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នឹងរាយការណ៍ពីលទ្ធផលនៃការធ្វើជំរឿនជនបរទេសនៅទូទាំងប្រទេសដែលបានចាប់ផ្តើមដំណើរការកាលពីខែសីហា ។
លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានសុើបអង្កេត និងនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា “អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងរៀបចំកិច្ចប្រជុំដើម្បីបូកសរុប [លទ្ធផល] នៅថ្ងៃទី២១ ខែកក្កដា នៅក្រសួងមហាផ្ទៃ។ ជំរឿនប្រហែលជាបញ្ចប់នៅមុនពេលកិច្ចប្រជុំនេះចាប់ផ្តើម”។
លោកបានមានប្រសាសន៍ទៀតថា ចាប់តាំងពីជំរឿននេះចាប់ផ្តើមដំណើរការមក ជនបរទេសចំនួន១.២៩១នាក់មកពីប្រទេសចំនួន២៩ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ហើយក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញទាំងនោះមាន១.១៣៤នាក់ជាជនជាតិវៀតណាម។
មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងនៅមុននេះថា ជនជាតិឥណ្ឌា រុស្ស៊ី នីហ្សេរីយ៉ា ថៃ ហ្វីលីពីន បារាំង កូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន ក៏ត្រូវបានបណ្តេញចេញពីកម្ពុជាដែរនៅក្នុងការធ្វើជំរឿននេះ។
លោក អ៊ុក ហៃសិលា បាមានប្រសាសន៍ថា ពេលធ្វើជំរឿន លោកបានរកឃើញថា ប្រហែល៦០ភាគរយនៃជនបរទេសបានស្ថិតនៅក្នុងប្រទេសកម្ពុជាដោយប្រើទិដ្ឋាការជំនួញ ហើយគ្មានប័ណ្ណការងារ។
លោកបានលើកឡើងបន្តទៀតថា នៅថ្ងៃអនាគត ជនបរទេសណាដែលត្រូវនគរបាលរកឃើញថា នៅក្នុងប្រទេសកម្ពុជាដោយប្រើទិដ្ឋាការជំនួញ ហើយគ្មានប័ណ្ណការងារ ពួកគេនឹងត្រូវទទួលការពិន័យ ប៉ុន្តែ លោកមិនទាន់ដឹងថា តើពិន័យចំនួនប៉ុន្មានឲ្យប្រាកដនៅឡើយទេ៕សុខុម