30.4 C
Phnom Penh

តុលា​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក ដូរ៉ូសិនកូ ជុំវិញ​វិវាទ​ជាមួយ​​លោក ប៉ូលុនស្គី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯកសារ​តុលាការ​ដែលទទួល​បាន​កាលពី​ដើម​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ប្រកាន់​លោក នីកូឡៃ ដូរ៉ូសិនកូ ​ពាណិជ្ជករ​ជនជាតិ​រុស្ស៊ី​ពី​បទ​រំលោភ​សេចក្ដី​ទុកចិត្ត ហើយ​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ចំពោះ​ការ​មិន​ប្រគល់​អាជ្ញាប័ណ្ណ​វិនិយោគ​កោះ​ចំនួន​បួន​នៅ​ក្នុង​សមុទ្រ​ខេត្ត​ព្រះសីហនុ​ទៅ​ឲ្យ​លោក សេរហ្គេ ប៉ូលុនស្គី ជា​គូ​ប្រជែង​របស់​ខ្លួន​យូរ​មក​ហើយនោះ​។

​មន្ត្រី​​​នគរ​បាល​មាន​​និយាយ​កាល​ពី​ម្សិលមិញ​ថា លោក ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ​កំពុង​លាក់​ខ្លួន​។ សេចក្ដី​សម្រេច​របស់​តុលាការ​​​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ជម្លោះ​ទាំង​ឯកជន​ និង​រដ្ឋ​រវាង​ជនជាតិ​រុស្ស៊ី​ដ៏​មាន​អំណាច​ទាំងនេះ រួម​មាន​ការ​ប្ដឹង​តបត​គ្នាក្នុង​តុលាការ​​កាលពី​ខែ​ធ្នូ ជុំវិញ​ការ​អះអាង​របស់​លោក ដូរ៉ូសិនកូ ថា លោក ប៉ូឡុន​ស្គី អាយុ​៤២​ឆ្នាំ ដែល​គេ​តាម​ចាប់​ខ្លួន​នៅ​​ក្នុង​ប្រទេស​រុស្ស៊ីពីបទ​​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​នោះ បាន​បញ្ជា​ឲ្យ​មានការ​​​វាយ​ប្រហារ​ដោយ​ហិង្សា​មក​លើ​រូប​គាត់ ដែល​បាន​បណ្ដាល​ឲ្យ​កូន​ប្រុស​របស់​គាត់​ឈ្មោះ អូសថេប បាក់​ឆ្អឹង​ថ្គាម។

សេចក្ដី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​មាន​ខ្លឹម​សារ​ថា “កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣ លោក នីកូឡៃ ដូរ៉ូសិន​កូ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ប្រគល់​អាជ្ញាប័ណ្ណ​វិនិយោគ​កោះ​១ កោះ​២ កោះ​ដំឡូង និង​កោះព្រីង ទៅ​ឲ្យ​លោក​ សេរហ្គេ យូរីវីក ប៉ូលុនស្គី ក្នុង​រយៈ​ពេល​បី​ខែ​កន្លះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ”។

សេចក្ដី​សម្រេច​​នេះ​មាន​ខ្លឹម​សារ​ថា “ប៉ុន្តែ​រហូត​មក​ទល់ពេល​​នេះ​លោក នីកូឡៃ ដូរ៉ូសិនកូ មិន​បាន​ប្រគល់​អាជ្ញា​ប័ណ្ណ​វិនិយោគ​ឡើយ​”។ សេចក្ដី​សម្រេច​ដដែល​នេះ​បន្ត​ថា លោក​ ប៉ូលុនស្គី បាន​ផ្តល់​​ប្រាក់​ឲ្យ​លោក​ ដូរ៉ូសិនកូ ​ចំនួន​១លាន​ដុល្លារ​ សម្រាប់បង់ពន្ធ​និង​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ទៀត​ក្នុង​ការ​អភិវឌ្ឍ​កោះ​ទាំង​បួន​នេះ​។

សេចក្ដី​សម្រេច​នេះ​លើក​ឡើង​ថា “សកម្មភាព​ខាង​លើ​គឺ​ជា​បទ​ល្មើស​ គឺ​បទរំលោភ​សេចក្ដី​ទុកចិត្ត” ។ ការ​ចោទ​ប្រកាន់​នេះ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៣ឆ្នាំ​។

សេចក្ដី​សម្រេច​របស់​តុលាការ​បញ្ចប់​ដោយ​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក ដូរ៉ូសិនកូ បណ្ដោះ​អាសន្ន​…​ដើម្បី​រារាំង​លោក​មិន​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ថ្មី ហើយ​​ដើម្បី​ទុក​ឲ្យ​តុលាការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត​។

លោក​ វិចិត្រ ព្រះ​រាជ​អាជ្ញារង​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿងក្តី​នេះ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​លោក ម៉ុង មុនីចរិយា ​ប្រធាន​សាលា​ដំបូង​ខេត្ត​។

លោក​ចៅក្រម​ ម៉ុង មុនីចរិយា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​សេចក្ដី​សម្រេច​កាល​ពី​​ថ្ងៃទី​២៣ ខែ​ធ្នូទេ ពីព្រោះ​ឯកសារ​តុលាការ​មួយចំនួនសុទ្ធ​តែ​​​មាន​ឈ្មោះ​លោក ដូរ៉ូសិនកូ នៅ​ក្នុង​នោះ​។ លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​មិន​ចាំទេ​។ មាន​​រឿងក្ដី​ច្រើន​ទាក់​ទង​លោក​ នីកូឡៃ ដូរ៉ូសិនកូ”។

លោក​ បែនសុន សម័យ មេធាវី​តំណាង​លោក ប៉ូលុនស្គី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ច្បាប់​ចម្លង​នៃ​សេចក្ដី​សម្រេច​នោះ​ហើយ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ខ្លឹមសារ​ឡើយ។ ទោះជាយ៉ាង​ណា លោក​បានមាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​១២​ទៅ​សាលា​ដំបូង​ខេត្តព្រះសីហនុ ទាក់​ទង​​ជម្លោះរបស់​កូនក្ដី​លោក​ជាមួយ​លោក ដូរ៉ូសិនកូ រួមទាំង​ពាក្យ​បណ្ដឹង​ជុំវិញ “បញ្ហា​ដីធ្លី​ ការ​ផ្ទេរ​ភាគហ៊ុន និង​ឯកសារ​ក្លែង​ក្លាយ​ជាដើម”។

គេ​មិន​អាច​ទាក់​ទង​លោក ដូរ៉ូសិនកូ និង​លោក ស៊ុន សំអុល មេធាវី​របស់​គាត់​​បានទេ​។ ទាំង​លោក ចេង កុសល ស្នង​ការ​​នគរ​បាល​ខេត្ត និង​លោក កុល ផល្លី ស្នង​ការ​រង​បាន​មាន​ប្រសា​សន៍​ថា តុលាការ​មិន​បាន​ទាក់​ទង​នគរ​បាល​​អំពី​រឿងក្ដី​នេះ​ទេ។

នៅពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​បាន​ដឹង​​ថា លោក ដូរ៉ូសិនកូ នៅឯណា​ទេ លោក ផល្លី បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ដឹង​ទេ។ ពួកគេ​កំពុង​លាក់​បាំង​ពី​យើង” ​ ហើយ​លោកបាន​​បដិសេធ​មិន​និយាយ​លម្អិត​ឡើយ​។

នៅ​ក្នុង​បទ​សម្ភាស​កាលពី​ដើម​ខែ​នេះ លោក​ អុីលយ៉ា រ៉ូសិនហ្វីល មន្ត្រី​ទំនាក់​ទំនង​របស់​លោក ប៉ូលុនស្គី បាន​និយាយ​ថា លោក​ជឿថា​ការ​ចោទ​ប្រកាន់ពី​បទ​រំលោភ​សេចក្ដី​ទុក​ចិត្ត​មក​លើ​លោក ដូរ៉ូសិនកូ គឺ​យុត្តិធម៌សម្រាប់​ចៅហ្វាយ​នាយ​របស់​លោក​។

លោក រ៉ូសិនហ្វីល ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​ជឿ​ថា ទំនាក់​ទំនង​រវាង​លោក ដូរ៉ូសិនកូ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ជួយ​លោក ដូរ៉ូសិនកូ ក្នុងករណីនេះ​បានទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “មិនពាក់ព័ន្ធ​រឿង​ទំនាក់ទំនង​ឡើយ។ ភាគី​មួយ​ត្រូវ​ភាគីមួយ​ទៀត​ខុស​”។

លោក ដូរ៉ូសិនកូ និង​កូន​ប្រុស​របស់​លោក​​ដែល​កាន់កាប់​អចលនទ្រព្យ​​មួយ​ចំនួន​នៅក្នុង​ក្រុង​ព្រះសីហនុ រួមទាំង​ភោជនីយដ្ឋាន​ផ្ទះ​ពស់ជាដើម​​នោះ​ មាន​សញ្ជាតិ​ខ្មែរ​​។ រូប​ថត​ដែល​​បង្ហោះ​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក អូសថេប ដូរ៉ូសិនកូ អាយុ​៣៦​ឆ្នាំ ដែលជា​អនុ​សេនីយ៍​ឯក​ក្នុង​កង​កម្លាំង​នគរ​បាល​អន្តោប្រវេសន៍​ខេត្ត​​ បង្ហាញពី​​​រូប​លោក​ឈរ​ថត​ជាមួយ​​រថយន្ត​ស្ព័រ​ ដែល​មាន​កាត​សមាជិក​​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​កាន់​កាំភ្លើងទៀត​ផង​។

កាលពី​ខែធ្នូ លោក សំអុល ជាមេធាវី​របស់​លោក​ នីកូឡៃ ដូរ៉ូសិនកូ បាន​មាន​ប្រសាសន៍​ថា កូនក្ដី​របស់​លោក​បាន​ជំរុញ​ឲ្យ​សាលា​ដំបូង​ខេត្ត​អនុវត្ត​បទបញ្ជា​​បង្គាប់​ឲ្យ​​បណ្ដេញ​លោក ប៉ូលុនស្គី ចេញពី​កោះ​ឯកជន​របស់​លោក​ គឺ​កោះ​ដែកគោល​។ លោក​ ប៉ូលុនស្គី បាន​បដិសេធ​មិន​ចេញ​​ពីកោះ​នោះ​ឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ម​ិន​ដែល​ចាត់​វិធាន​ការណាមួយ​​ឡើយ”៕ សារុន (រាយការណ៍​បន្ថែម​ដោយ វណ្ណ រើន)​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស