អភិបាលខេត្តរតនគិរីបាននិយាយកាលពីថ្ងៃច័ន្ទថា លោកសង្ស័យថា អ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា១៤នាក់ដែលកំពុងលាក់ខ្លួនក្នុងព្រៃស្រុកអូរយ៉ាដាវ ត្រូវបានរត់ពន្ធឆ្លងកាត់ព្រំដែនពីប្រទេសវៀតណាមដោយក្រុមជនជាតិភាគតិចចារ៉ាយក្នុងតំបន់នោះ។
អ្នកភូមិចារ៉ាយមួយក្រុមក្នុងស្រុកនេះបាននិងកំពុងជួយជនម៉ុងតាញ៉ាឲ្យគេចពីអាជ្ញាធរ ចាប់តាំងពីក្រុមមួយមានគ្នាប្រាំនាក់បានមកដល់កាលពីថ្ងៃទី៣ខែមករា។ មនុស្សប្រាំបួននាក់ទៀតបានមកដល់កាលពីថ្ងៃសៅរ៍។
អ្នកភូមិដដែលក៏បានជួយជនម៉ុងតាញ៉ា១៣នាក់ដែលបានឆ្លងព្រំដែនកាលពីចុងខែតុលា ឲ្យទាក់ទងជាមួយតំណាងអង្គការសហប្រជាជាតិកាលពីចុងខែធ្នូ។ អង្គការសហប្រជាជាតិបន្ទាប់មកបានបញ្ជូនអ្នកទាំង១៣នាក់មកក្រុងភ្នំពេញ ដើម្បីដាក់ពាក្យសុំឋានៈជនភៀសខ្លួន។
អភិបាលខេត្តរតនគិរី លោក ថង សាវ៉ុន បានមានប្រសាសន៍ថា លោកជឿថា ក្រុមចារ៉ាយបានរត់ពន្ធជនជាតិភាគតិចម៉ុងតាញ៉ា ដែលនិយាយថា ពួកគេកំពុងរត់គេចចេញពីការធ្វើទុក្ខបុកម្នេញខាងសាសនានិងនយោបាយ ពីប្រទេសវៀតណាមឆ្លងមកប្រទេសកម្ពុជា។
លោក សាវ៉ុន បាននិយាយថា “អ្នកដែលជួយយកអាសារជនចារ៉ាយវៀតណាមត្រូវតែទទួលខុសត្រូវចំពោះការប្រមូលមនុស្សទាំងនោះ និងការលាក់ពួកគេក្នុងខេត្តរតនគិរី។ យើងនឹងប្តឹងអ្នកទាំងនោះទៅតុលាការពីបទលាក់មនុស្សដោយខុសច្បាប់”។ លោកក៏បានអះអាងដែរថា ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមិនមែនជាជនម៉ុងតាញ៉ាពិតប្រាកដទេ។
លោកបាននិយាយថា “ខ្ញុំសូមប្រាប់ថា គ្មានជនម៉ុងតាញ៉ាកំពុងលាក់ខ្លួនក្នុងខេត្តរតនគិរីទេ ប៉ុន្តែមានប្រជាជនចារ៉ាយមួយចំនួនមកពីវៀតណាមកំពុងលាក់ខ្លួនពិតមែន”។
ចារ៉ាយជាជនអន្តោគ្រាមដែលច្រើនតែរស់នៅក្នុងតំបន់ខ្ពង់រាបវៀតណាម ពួកគេ រួមជាមួយកុលសម្ព័ន្ធប្រហែល៣០ បង្កើតជាក្រុមម៉ុងតាញ៉ា។
អ្នកភូមិចារ៉ាយម្នាក់ដែលកំពុងជួយក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងដែលបានសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹកពីអាជ្ញាធរ បាននិយាយថា លោកមិនបាននាំជនម៉ុងតាញ៉ាមកពីប្រទេសវៀតណាមទេ។ លោកបាននិយាយបន្ថែមថា “ពួកគេបានមកដោយខ្លួនឯង”។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) គួរកំណត់ថាតើជនម៉ុងតាញ៉ា១៤នាក់ថ្មីជាអ្នកស្វែងសុំសិទ្ធិជ្រកកោនស្របច្បាប់ឬយ៉ាងណា ប៉ុន្តែមិនបាននិយាយ ថាតើឬ ពេលណាអង្គការសហប្រជាជាតិនឹងទទួលបានការអនុញ្ញាតទៅជួបពួកគេនោះទេ។
លោកឧត្តមសេនីយ៍ សុភ័គ បានបន្ថែមថា ប្រសិនបើក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានគេរកឃើញថាជាជនអន្តោប្រវេសន៍ខុសច្បាប់ នរណាក៏ដោយដែលលាក់ពួកគេនឹងត្រូវមានទោស។
លោកបាននិយាយថា “យោងតាមច្បាប់អន្តោប្រវេសន៍ ប្រសិនបើអ្នកទាំងនោះចង់លាក់ជនអន្តោប្រវេសន៍ខុសច្បាប់ ពួកគេនឹងប្រឈមនឹងច្បាប់នៃប្រទេសកម្ពុជា”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់ បានឲ្យដឹងតាមរយៈអីុម៉េលថា ការិយាល័យរបស់លោកស្រីទទួលខុសត្រូវខាងការពារជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនប៉ុណ្ណោះ ហើយមិនអាចជួយអ្នកភូមិចារ៉ាយបានទេ។
លោកស្រី តាន បានមានប្រសាសន៍ថា “គួរឲ្យស្តាយណាស់ប្រសិនបើអ្នកដែលជួយជនស្វែងរកសិទ្ធិជ្រកកោនត្រូវទទួលរងទណ្ឌកម្មដោយសារអំពើមនុស្សធម៌នោះ”៕មានិត