31 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រាប់​ទាហាន​ឲ្យ​ប្រឈម​នឹង​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែង​ទៅកាន់​ទាហាន​ប្រហែល​៥០០​នាក់​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ទាហាន​ឲ្យ​ប្រឈម​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គណបក្ស​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​គណបក្ស​កាន់​អំណាច។

ដោយ​អះអាង​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​កាន់តែ​បញ្ចេញ​វោហារ​វាយ​ប្រហារ​ខ្លាំង​ឡើង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នា​ពេល​ថ្មីៗ​នៅ​វេទិកា​សាធារណៈ​ទូទាំង​ប្រទេស​នោះ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​ប្រាប់​ទាហាន​ឲ្យ​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​វាយ​ប្រហារ​ពាក្យ​សម្តី​មិន​ពិត​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ “កម្តៅ​កំពុង​តែ​កើន​ឡើង​ដោយសារ​ការ​ប្រើ​វោហារ​សាស្ត្រ ការ​ញុះញង់ ការ​បង្ក​ហេតុ និង​ការ​ប្រមូល​រឿង​អាក្រក់​ទាំងអស់​[ដោយ​គណបក្ស​សង្គ្រោះ​ជាតិ] ដើម្បី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​និយាយ​ថា មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន បាន”។

លោក​បាន​មាន​ប្រសាសន៍​ថា “ពី​ថ្ងៃ​នេះ​ទៅ​មុខ យើង​មិន​អាច​ពន្យារ​ពេល ហើយ​ពេលណា​ពួកគេ​ទៅ​កន្លែង​មួយ​ចំនួន​ដើម្បី​បញ្ចុះ​បញ្ចូល មួល​បង្កាច់​ការ​ពិត​ដើម្បី​ញុះញង់ យើង​ត្រូវ​ចាប់​ពួកគេ និង​នាំ​ពួកគេ​មក​សាកសួរ”។

លោក​បាន​បន្ថែម​ថា “តើ​ព័ត៌មាន​មក​ពីណា? ហើយ​បើ​ចង់​ប្តូរ ប្តូរ​ទៅ​អ្វី និង​ប្តូរ​ទៅ​នរណា”។

ការ​អធិប្បាយ​របស់​លោក​ឧត្តមសេនីយ៍​ ទៀ បាញ់ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ធានា​អះអាង​ជាថ្មី​នឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ឯ​វេទិកា​មួយ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ខិតខំ​ដើម្បី​បណ្តេញ​លោក ហ៊ុន សែន ចេញពី​អំណាច។

លោក សុខា បាន​ប្រាប់​អ្នក​គាំទ្រ​ជាង​១.០០០​នាក់​ថា “គោល​បំណង​របស់​យើង​គឺ​ដូច​គ្នា គឺ​ត្រូវ​ប្តូរ​មេដឹកនាំ​សព្វ​ថ្ងៃ”។

ប៉ុន្តែ លោក​ឧត្តមសេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ប្តូរ​រដ្ឋាភិបាល​ប្រាកដជា​ត្រូវ​ប៉ះ​នឹង​ការ​ខិតខំ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្កើន​ការ​គាំទ្រ​គណបក្ស​កាន់​អំណាច។ លោក​មាន​ប្រសាសន៍​ថា “ដោយ​ស្មោះ​ត្រង់​ទៅ បើទោះជា​មិនមែន​ជា​យុទ្ធនាការ​បោះ​ឆ្នោត​ក៏​ដោយ ក៏​យើង​នៅ​តែ​ប្រមូល​សំឡេង​ឆ្នោត​ឲ្យ​បាន​ច្រើន​ទើប​ការពារ​បាន”។

លោក​បាន​បន្ថែម​ថា “ពីមុន យើង​ការពារ​[រដ្ឋាភិបាល]​ដោយ​ចូល​សមរភូមិ​បញ្ចប់​សង្គ្រាម ប៉ុន្តែ​ឥឡូវ​វា​មិន​ដូច​នោះ​ទេ។ ទោះជាយ៉ាង​នេះ​ក្តី យើង​នៅតែ​ត្រូវ​មាន​ជំហរ​របស់​យើង​ច្បាស់លាស់”។ “ពួកគេ​បាន​ប្រមូល​មនុស្ស​មួយ​ចំនួន ហើយ​បាន​ចាប់​ផ្តើម​វាយប្រហារ ហើយ​វា​បាន​ចាប់​ផ្តើម​មាន​កម្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​វាយ​បក​វិញ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស