27 C
Phnom Penh

ទេស​ចរពីរនាក់​ប្តី​ប្រពន្ធ​ជន​ជាតិ​បារាំង ​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រទេះ​គោ​​ដ៏​កម្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​បាន​​និយាយ​កាល​ពី​​ម្សិល​មិញ​ថា ពីរ​នាក់​ប្ដី​ប្រពន្ធជនជាតិ​បារាំង ​ដែល​​ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់ជនបទ​ក្នុង​ខេត្ត​​កំពង់ឆ្នាំង បាន​ជួប​​គ្រោះ​ថ្នាក់​​​​ចៃ​ដន្យកាលពី​ថ្ងៃច័ន្ទ នៅ​ពេល​​រទេះគោ​ដែល​ពួក​គាត់​​ជិះ​​បាន​ក្រឡាប់​​​ធ្លាក់ចូល​ស្នាម​ភ្លោះ។

យោងតាម​លោក ហ៊ុល វាសនា អធិការ​នគរ​បាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា លោក​ ហ្គីលប៊ើត រ៉ុងឆាដ (Gilbert Ronchard) អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​​របស់គាត់​ឈ្មោះ ម៉ារី ឡូរ៉េ (Marie-Laure) អាយុ​៦០​ឆ្នាំ​ បានជួល​​រទេះគោ​​នេះ​ និង​អ្នក​បររទេះ​​ម្នាក់​ដើម្បី​ជិះ​លេង​​កាត់​ភូមិ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ពួកគាត់​កំពុង​​​ធ្វើ​ដំណើរ​ ​មាន​ក្មេងៗ​បួន​ទៅ​ប្រាំនាក់​​បាន​ព្យាយាម​​តាមពួកគាត់ ដោយ​ស្រែក​​ថា ‘ហេឡូបារាំង ហេឡូ​បារាំង​’។ នៅ​ពេល​ក្មេង​ទាំង​នោះ​រត់​តាម​ពីក្រោយពួកគាត់​​ គោ​ក៏ផ្អើល​ ហើយ​​រត់​កាន់​តែលឿន​”។

លោក​បាន​លើក​ឡើង​ទៀត​ថា ពេល​នោះ ​រទេះគោ​បាន​ក្រឡាប់​​ធ្វើ​ឲ្យ​​​ប្ដីប្រពន្ធជន​ជាតិបារាំង ខ្ទាត​ចេញ​​ពី​រទេះ​។ “ពួកគាត់​បាន​ផ្លោង​ទៅលើ​ប្រហែល​៣ម៉ែត្រ”។ លោក​មាន​​ប្រ​សាសន៍​បន្ត​ថា ប្ដីប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​​បញ្ជូន​​​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំ​ពេញ ដើម្បី​ទទួល​ការ​ព្យាបាល​របួស​ស្រាល​ ហើយ​ក៏​ត្រូវ​​​​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរ​ពេទ្យ​វិញ​​​នៅ​ល្ងាច​នោះ​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស