គណបក្សសង្គ្រោះជាតិមានគម្រោងបញ្ចាំងខ្សែភាពយន្តឯកសារដែលត្រូវបានហាមឃាត់ដែលមានចំណងជើងថា “នរណាសម្លាប់ ជា វិជ្ជា?” នៅសប្តាហ៍នេះដើម្បីរំឭកខួបលើកទី១១នៃការសម្លាប់មេដឹកនាំសហជីពសេរីកម្មករនៅមុខតូបកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីម្សិលមិញថា ខ្សែភាពយន្តដែលថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំសហជីពរូបនេះនោះ នឹងត្រូវបញ្ចាំងនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញនៅម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលកាលពីឆ្នាំមុនបានព្រមានថា អ្នកដែលបានបញ្ចាំងខ្សែភាពយន្តនេះជាសាធារណៈនឹងប្រឈមមុខការនិរទេស ឬការចាប់ខ្លួននោះ បានមានប្រសាសន៍កាលពី ម្សិលមិញថា លោកជឿថា ការបញ្ចាំងខ្សែភាពយន្តនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនឹងត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងបាន ពីព្រោះកន្លែងនោះជាកន្លែងឯកជន។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ប៉ុន្តែ ប្រសិនបើបញ្ចាំងជាសាធារណៈ នឹងមិនត្រូវបានអនុញ្ញាតទេ ពីព្រោះខ្សែភាពយន្តនេះត្រូវបានរដ្ឋាភិបាលហាមឃាត់”។
លោកបានបន្ថែមថា ខ្ញុំសោកស្តាយណាស់ដែលគណបក្សប្រឆាំងព្យាយាមបង្ហាញអ្វី ដែលបង្កឲ្យមានការឈឺចាប់ វាយប្រហាររដ្ឋាភិបាល តាមរយៈការបញ្ចាំងខ្សែភាពយន្តនេះដែលបំផ្លើស និងជ្រៀតជ្រែកកិច្ចការតុលាការ”។
កាលពីខែមករាឆ្នាំមុន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលុបចោលគម្រោងបញ្ចាំងខ្សែភាពយន្តនេះ បន្ទាប់ពីមានការគំរាមកំហែងពីរដ្ឋាភិបាលថា អ្នករៀបចំដែលជាជនជាតិខ្មែរនឹងត្រូវចាប់ខ្លួន ហើយអ្នករៀបចំជាជនបរទេសនឹងត្រូវនិរទេស។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅពេលនោះថា “ប្រសិនបើអ្នកបំពានបម្រាមនេះ យើងនឹងចាត់វិធានការ។ ប្រសិនបើអ្នកជាជនជាតិខ្មែរ យើងចាប់អ្នកដាក់គុក”។
សហជីពសេរីកម្មករដែលបច្ចុប្បន្នដឹកនាំដោយលោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា ក៏បានជួបប្រជុំជាមួយសាលារាជធានីកាលពីម្សិលមិញ ហើយទទួលបានការអនុញ្ញាតឲ្យជួបជុំគ្នានៅរូបសំណាកមេដឹកនាំសហជីពរូបនេះដែលត្រូវបានបាញ់សម្លាប់នៅជិតវិមានឯករាជ្យ នៅព្រឹកថ្ងៃព្រហស្បតិ៍។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចូលរួមពិធីនោះ។
លោក សេង ហាក់ មន្ត្រីសហជីពសេរីកម្មករម្នាក់បានមានប្រសាសន៍ថា សាលារាជធានីបានអះអាងថា ការជួបជុំគ្នានេះមិនត្រូវប្រើដើម្បីផលប្រយោជន៍នយោបាយនោះឡើយ។
លោកបានមានប្រសាសន៍ថា “មន្ត្រីសាលារាជធានីបានណែនាំពួកយើងថា ពួកគេនឹងមិនអនុញ្ញាតឲ្យឥស្សរជននយោបាយណាម្នាក់ដែលមានគម្រោងចូលរួមក្នុងពិធីនោះប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ឬព្រះមហាក្សត្រឡើយ បើមិនដូច្នេះទេ យើង ជាអ្នករៀបចំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា គោលបំណងនៃការជួបជុំគ្នានេះ គឺដើម្បីគោរពដល់លោក ជា វិជ្ជា ដូច្នេះហើយ យើងចង់ឲ្យមនុស្សគ្រប់គ្នារួមទាំងឥស្សរជននយោបាយផងរៀបចំពិធីនេះដើម្បីគោរពដល់អ្នកដែលបានស្លាប់ទៅ”៕សារុន

