34 C
Phnom Penh

ស្ត្រី​​​ម្នាក់​​​ស្លាប់​​​ អំឡុង​​​ការ​​​វះ​​​កាត់​​​នៅ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ក្នុង​​​ក្រុង​​​ពោធិ៍​​​សាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​អាយុ​​​៣៣ឆ្នាំ​​​ម្នាក់ បាន​​​ស្លាប់​​​អំឡុង​​​ការ​​​វះកាត់​​​ដែល​​​គ្មាន​​​ជំនាញ នៅ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​​​​ក្នុង​​​ក្រុង​​​ពោធិ៍សាត់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​បិទគ្លីនិក​​​នេះ​​​​​​ម្តង​​​រួច​​​មក​​​ហើយ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ប៉ុន្តែ បាន​​​បើក​​​ឡើង​​​វិញ​​​នៅ​​​ពេល​​​អាជ្ញាធរ​​​មិន​​​បាន​​​ចាប់​​​អារម្មណ៍​​​។

លោក តាំង​​​ អេង នាយ​​​ការិយាល័យ​​​ផ្នែក​​​បច្ចេកទេស​​​ និងវិទ្យាសាស្ត្រ​​​នៃ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​បិទ​​​គ្លីនិក​​​នេះ​​​ជា​​​លើក​​​ទី​​​២​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​បាន​​​ចាប់​​​​​ផ្តើម​​​តាម​​​ស្វែង​​​រក​​​បុគ្គលិក​​​ពេទ្យ​​​ចំនួន​​​ពីរ​​​នាក់​​​ដែល​​​កំពុង​​​រត់​​​គេ​​ច​​​ខ្លួន​​​ និង​​​ដែល​​​គេ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​រូប​​​នេះ​​​បាត់​​​បង់​​​ជីវិត​​​។

លោក​​​ តាំង​​​ អេង បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​ស្ត្រី​​​រង​​​គ្រោះ សឹង ចាន់​​​ធឿន ដែល​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​ក្រគរ​​​ បាន​​​នាំ​​​ស្ត្រី​​​រង​​​គ្រោះ​​​នេះ​​​ទៅ​​​គ្លីនិក​​​មួយ​​​ក្នុង​​​សង្កាត់​​​ផ្ទះ​​​ព្រៃ​​​ក្នុង​​​ក្រុង​​​ពោធិ៍សាត់​​​ កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​វះ​​​កាត់​​​យក​​​គីស​​​ចេញ​​​ពី​​​ស្បូន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ព្រោះ​​​ពួក​​​គេ​​​សង្ស័យ​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​​​​ស្លាប់​​​ដោយ​​​​​​សារ​​​ការ​​​វះ​​​កាត់​​​​​​ដោយ​​​គ្រូ​​​ពេទ្យជន​​​ជាតិ​​​ចិន​​​”។

លោក តាំង​​​ អេង បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា បុគ្គលិក​​​ពេទ្យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ ដែល​​​សុទ្ធ​​​តែ​​​ជន​​​ជាតិ​​​ចិន​​​ដូច​​​គ្នា​​​បាន​​​ព្យាយាម​​​​​​សូក​​​ប៉ាន់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​កុំ​​​ឲ្យ​​​ប្តឹង​​​នគរ​​​បាល​​​ បន្ទាប់​​​ពី​​​ដឹង​​​ថា អ្នក​​​ជំងឺ​​​បាន​​​ស្លាប់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រូពេទ្យ​​​ជន​​​ជាតិ​​​ចិន​​​បាន​​​ព្យាយាម​​​ចរចា​​​ជា​​​មួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ប្តឹង​​​ពួក​​​គេ​​​ ប៉ុន្តែ គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​មិន​​​ព្រម​​​​​​ចរចា​​​ឡើយ​​​។ គ្លីនិក​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ ហើយ​​​បរិក្ខាពេទ្យ​​​ត្រូវ​​​បាន​​​រិប​​​អូស​​​”។

លោក វេជ្ជបណ្ឌិត​​​ ច័ន្ទ សុខា ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​បាន​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​​​​ទៀប​​​ភ្លឺ​​​កាល​​​ពី​​​ម្សិលមិញ​​​តាម​​​សំណើ​​​របស់​​​​​​នគរ​​​បាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​បង្ហាញ​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​វះ​​​កាត់​​​គ្មាន​​​ជំនាញ​​​”។ លោក​​​បាន​​​បន្ថែម​​​​​​ថា អ្នក​​​ស្រី​​​ ចាន់​​​ធឿន បាន​​​បាត់​​​បង់​​​ឈាម​​​ជា​​​ច្រើន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ជា​​​ទូទៅ​​​សម្រាប់​​​ការ​​​វះ​​​កាត់​​​បែប​​​នេះ​​​ យើង​​​ត្រូវ​​ការ​​​គ្រូពេទ្យ​​​យ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​ ប៉ុន្តែ ក្នុង​​​ករណី​​​នេះ​​​មាន​​​គ្រូពេទ្យ​​​តែ​​​ម្នាក់ ឬ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ”។

លោក​​​វេជ្ជបណ្ឌិត​​​ សុខា បាន​​​មាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​គ្រូ​​​ពេទ្យ​​​ជន​​​ជាតិ​​​ចិន​​​បាន​​​ព្យាយាម​​​​​​លាក់​​​បាំង​​​ការ​​​ធ្វេស​​​ប្រហែស​​​របស់​​​ខ្លួន​​​ ដោយ​​​ដេរ​​​ភ្ជាប់​​​មុខ​​​របួស​​​ឡើង​​​វិញ​​​ ខណៈ​​​ការ​​​វះ​​​កាត់​​​នៅ​​​មិន​​​ទាន់​​​ចប់​​​​​​រួច​​​រាល់​​​។

លោក ខូយ ឌី ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នេះ​​​​​​បិទ​​​​​​ទ្វារ​​ម្តង​​​រួច​​​មក​​​ហើយ​​​កាល​​​ពីដើម​​​ខែ​​​នេះ ប៉ុន្តែ បាន​​​បើក​​​ឡើង​​​វិញ​​​ដោយ​​​ស្ងាត់​​​ៗ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជា​​​ការ​​​ធ្វេស​​​ប្រហែស​​​របស់​​​យើង​​​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​គ្លីនិក​​​​​​​​​នេះ​​​បើក​​​ឡើង​​​វិញ​​​ ព្រោះ​​​យើង​​​គ្មាន​​​ធន​​​ធាន​​​​​​ដើម្បី​​​តាម​​​ដាន​​​”៕ស៊ុយ​​​ឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស