កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបដិសេធមិនផ្តល់ឲ្យឪពុកម្តាយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ដែលកំពុងរត់គេចខ្លួននៅឡើយនោះឲ្យនៅក្រៅឃុំឡើយជុំវិញការចោទប្រកាន់ថា លោកបានរៀបចំការសម្លាប់ពាណិជ្ជករម្នាក់កាលពីខែវិច្ឆិកា។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កាលពីថ្ងៃទី៥ ខែធ្នូពីបទ រៀបចំការសម្លាប់លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលត្រូវបានបាញ់៦គ្រាប់នៅខាងក្រៅតូបលក់ផ្លែឈើមួយនៅក្នុងរាជធានីភ្នំពេញ។
នគរបាលក៏បានចាប់ខ្លួនឪពុកម្តាយឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងប្រពន្ធរបស់គាត់គឺអ្នកស្រី កែវ សាវី ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួន។ អ្នកទាំងពីរ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី៧ ខែធ្នូ ជុំវិញការចោទប្រកាន់ពីបទមានអាវុធខុសច្បាប់។
អង្គរក្សបួននាក់ក្នុងចំណោមអង្គរក្សរបស់ឧត្តមសេនីយ៍រូបនេះ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនបណ្តោះអាសន្ន គឺពីរនាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងពីរនាក់ទៀតត្រូវបានចោទប្រកាន់ពីបទសមគំនិត តាមចោទថា បានប្រព្រឹត្តអំពើមនុស្សឃាត ជាថ្នូរនឹងផ្ទះល្វែងក្នុងម្នាក់មួយល្វែង។
លោក ឃុន លាងម៉េង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអះអាងនៅខាងក្រៅសាលាឧទ្ធរណ៍កាលពីម្សិលមិញថា លោកបានបដិសេធមិនផ្តល់ឲ្យឪពុកម្តាយរបស់គាត់នៅក្រៅឃុំ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោកចៅក្រម លាងម៉េង បានមានប្រសាសន៍ថា “យើងបានបដិសេធមិនផ្តល់ឲ្យពួកគាត់នៅក្រៅឃុំទេ”។ លោកបានលើកឡើងថា “ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ ពីព្រោះឯកឧត្តមមិនអនុញ្ញាតឲ្យខ្ញុំធ្វើអត្ថាធិប្បាយឡើយ” ដោយលោកបដិសេធមិននិយាយថា តើថ្នាក់លើរូបណាដែលប្រាប់លោកមិនឲ្យនិយាយនោះឡើយ។
លោក ស៊ី សត្យា មេធាវី ការពារប្តីប្រពន្ធទាំងពីរនេះបានមានប្រសាសន៍នៅខាងក្រៅតុលាការថា លោកខកចិត្តជាមួយសេចក្តីសម្រេចនេះណាស់។ លោកបានមានប្រសាសន៍ថា “វាមិនយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្ញុំទេ ពីព្រោះពួកគាត់មានបញ្ហាសុខភាព។ ជាពិសេស លោក ថោង ចំរើន មានជំងឺ”។
ប្តីប្រពន្ធទាំងពីរនាក់នេះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេខណៈដែលពួកគេបានចាកចេញពីសាលសវនាការកាលពីម្សិលមិញ ប៉ុន្តែលោក ចំរើន បានត្អូញត្អែរពីសម្ពាធឈាមឡើងខ្ពស់ ខណៈគាត់ចូលរួមសវនាការសុំនៅក្រៅឃុំនោះ។ លោកបាននិយាយថា “ខ្ញុំមានសម្ពាធឈាមឡើងខ្ពស់ ហើយខ្ញុំត្រូវទៅព្យាបាលរយៈពេលប្រាំពីរខែនៅមន្ទីរពេទ្យមួួយក្នុងប្រទេសវៀតណាម”។
លោក លឹម សុខារស្មី ប្រធានស្តីទីការិយាល័យនគរបាលអាំងទែប៉ូលប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា កន្លែងលាក់ខ្លួនរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលបានលាក់ខ្លួននៅថ្ងៃចាប់ខ្លួនឪពុកម្តាយរបស់លោកនោះ គេមិនទាន់ដឹងនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងកំពុងស្វែងរកគាត់ ប៉ុន្តែ យើងមិនដឹងថា គាត់នៅឯណាឡើយ។ ប៉ុន្តែ គាត់មិនអាចរត់ទៅណារួចទេ ពីព្រោះគាត់ស្ថិតក្នុងបញ្ជីនិវេទន៍ក្រហម”៕សារុន