28 C
Phnom Penh

របាយការណ៍​និយាយ​ថា​អំពើ​ពុក​រលួយ​និង​ទារុណកម្ម​នៅ​តែ​មាន​ច្រើន​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា អ្នកទោស​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា​បន្ត​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ ស្ថានភាព​រស់នៅ​កខ្វក់​ស្មោកគ្រោក និង​បញ្ហា​ពុក​រលួយ​ថែម​ទៀត។

របាយការណ៍ “សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា” ផ្អែក​លើ​បទ​សម្ភាស​ជាច្រើន​ជាមួយ​អ្នក​ទោស អតីត​អ្នក​ទោស សាច់ញាតិ​របស់​ពួកគេ និង​បុគ្គលិក​នៅ​ពន្ធនាគារ​១៨​កន្លែង​ក្នុង​ឆ្នាំ​កន្លង​មក។ របាយការណ៍​នេះ​ហៅ​ប្រព័ន្ធ​តុលាការ​និង​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​ថា​ជា​”រចនា​សម្ព័ន្ធ​នយោបាយ​ពុក​រលួយ​កើត​ឡើង​ដោយ​គ្រួសារ​និយម”​ដែល​រួមគ្នា​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រព្រឹត្ត​ព្រៃផ្សៃ​លើ​អ្នក​ទោស។ មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ហៅ​លទ្ធផល​រក​ឃើញ​នេះ​ថា​ជាការ​”បំផ្លើស”។

របាយការណ៍​នេះ​និយាយ​ថា “អ្នក​ខ្លះ​ត្រូវ​គេ​បោក​ក្បាល​នឹង​ជញ្ជាំង។ វត្ថុ​ដែល​ប្រើ​ក្នុង​ពេល​វាយ​ធ្វើ​បាប​រួម​មាន​កាំភ្លើង ដំបង សរសៃ​ដែក ដំបងឆក់ អាយកូម ខ្នោះ ច្រវាក់ ខ្សែពួរ ខ្សែភ្លើង ដុំឥដ្ឋ និង​ខ្សែក្រវាត់”។ របាយការណ៍​បាន​បន្ថែម​ថា ការ​ធ្វើ​ទារុណកម្ម​ត្រូវ​គេ​ប្រើ​ដើម្បី​ឲ្យ​សារភាព ហើយ​មាន​ការ​ឆក់​នឹង​ខ្សែ​ភ្លើង​និង​ញី​ភ្លើង​បារី​ផងដែរ។

របាយការណ៍​ក៏​បាន​លើកឡើង​នូវ​លំដាប់​អ្នក​ទោស​យ៉ាង​ច្បាស់​នៅ​ខាង​ក្នុង​ពន្ធនាគារ ដែល​តាម​លំដាប់​នេះ “របស់​ប្រើប្រាស់​ជា​មូលដ្ឋាន​និង​សិទ្ធិ​បុគ្គល​មាន​តាម​តម្លៃ​ទិញ​ដូរ”។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា “អ្នក​ទោស​ក្រីក្រ​បំផុត​និង​អ្នក​ដែល​គ្មាន​គ្រួសារ ឬ​អ្នក​ដែល​គ្រួសារ​និង​មិត្តភក្តិ​របស់​ពួកគេ​មិន​អាច​មក​សួរ​សុខទុក្ខ​ពួកគេ​បាន​នោះ ជា​ធម្មតា ស្ថិត​នៅ​លំដាប់​បាត​នៃ​អ្នក​ទោស។ ពួកគេ​ដេក​ផ្ទាល់​លើ​កម្រាល​គុក​ឥដ្ឋ​ ច្រើនតែ​នៅ​ជិត​បង្គន់ ហើយ​រស់​នៅ​ដោយ​អាហារ​និង​ទឹក​ពន្ធនាគារ​បន្តិច​បន្តួច​ដែល​គេ​លៃ​ទុក​ឲ្យ។ ពួកគេ​មួយ​ចំនួន​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​បន្ទប់គុក​ក្តៅ​និង​គ្មានខ្យល់​គ្រប់គ្រាន់”។

របាយការណ៍​បន្ត​ទៀត​ថា ម្យ៉ាង​វិញ​ទៀត អ្នកទោស​ដែល​មាន​ប្រាក់​ច្រើន​និង​ខ្នង​ក្រាស់​អាច​មាន​ស្រា គ្រឿងញៀន ស្រី​ពេស្យា និង “បន្ទប់ VIP”។

អគ្គិសនី ថ្នាំពេទ្យ និង​ការ​ឈប់​សម្រាក​ត្រូវ​គេ​ផ្តល់​ឲ្យ​តែអ្នក​ដែល​​អាច​មាន​ប្រាក់​បង់​ប៉ុណ្ណោះ។ របាយការណ៍​បន្តទៀត​ថា អ្នក​ផ្តល់​បទ​សម្ភាស​ម្នាក់​ដែល​ប្រាប់​ថា​ឈ្មោះ រដ្ឋា អះអាង​ថា នាង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​បន្ទប់​ទេ​ គឺ​នៅ​ក្នុង​បន្ទប់​គុក​រហូតដល់​ថ្ងៃ​ទី​១០ ដែល​ជា​ថ្ងៃ​ដែល​នាង​បាន​សូក​ប្រាក់​៥០​ដុល្លារ​ទៅ​អ្នក​យាម​ម្នាក់។

យោងតាម​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា មាន​មនុស្ស​១៥.១៨២​នាក់​ជាប់​ក្នុង​ពន្ធនាគារ​កម្ពុជា​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​កញ្ញា គឺ​១៧៩​ភាគរយ​នៃ​សមត្ថភាព​ផ្លូវការ​ដែល​អាច​ផ្ទុក​បាន​ត្រឹមតែ​៨.៥០០​នាក់​ប៉ុណ្ណោះ។ យោងតាម​តួលេខ​ដែល​ប្រមូល​ដោយ​អង្គការ​អន្តរជាតិ​សិក្សា​អំពី​ពន្ធនាគារ​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​បាន​ឲ្យ​ដឹង​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ក្លាយជា​ពន្ធនាគារ​ចង្អៀត​បំផុត​ទី២៩​លើ​ពិភព​លោក។

តួលេខ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា អ្នក​ទោស​៦៣​ភាគរយ​កំពុង​រង់ចាំ​ការ​ជំនុំ​ជម្រះ ហើយ​ក្នុង​ករណី​ជា​ច្រើន​ត្រូវ​គេ​ដាក់​ពន្ធនាគារ​លើសពី​៦​ខែ ​ជា​រយៈ​ពេល​អតិបរមា​ដែល​ជន​ជាប់​ចោទ​ត្រូវ​គេ​ឃុំ​ខ្លួន។

លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា ការ​រក​ឃើញ​ក្នុង​របាយការណ៍​នេះ​គឺ “បំផ្លើស” ក្នុង​បំណង​ដើម្បី​ទទួល​បាន​មូលនិធិ​ពី​ប្រទេស​ផ្តល់​ជំនួយ។

លោក​បាន​មាន​ប្រសាសន៍​ថា “របាយការណ៍​របស់​អង្គការ​នេះ​គឺ​ដូច​តែ​រាល់​ឆ្នាំ​ក្នុង​ន័យ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ការ​ធ្វើ​ទារុណកម្ម អំពើ​ពុករលួយ និង​ស្ថានភាព​រស់នៅ​អាក្រក់​ក្នុង​ពន្ធនាគារ។ គេ​ធ្វើ​អ៊ីចឹង​ដើម្បី​បំពេញ​ចិត្ត​ម្ចាស់​លុយ​ដើម្បី​បាន​លុយ”។

លោក​ ប៊ុនសន មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ថា គ្រប់​ពន្ធនាគារ​និង​មណ្ឌល​កែប្រែ​នៅ​ទូទាំង​ប្រទេស​បាន​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ចង្អៀត​ណែន ប៉ុន្តែ​លក្ខខណ្ឌ​របស់​យើង​មិន​អាក្រក់​ដូច​ដែល​បាន​រាយការណ៍​ដោយ​អង្គការ​លីកាដូ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បដិសេធ​ដាច់ខាត​ថា​មិន​មាន​បញ្ហា​អំពើ​ពុក​រលួយ​ដូច​ដែល​បាន​ចោទ​ក្នុង​របាយការណ៍​នេះ​ទេ។វា​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន ហើយ​ខ្ញុំ​ក៏​បដិសេធ​ការ​ចោទ​ដោយ​អ្នក​ទោស​អំពី​ការ​ធ្វើ​ទារុណកម្ម​ដែរ”។

លោក ប៊ុនសន បាន​មាន​ប្រសាសន​៍ថា បញ្ហា​ចង្អៀត​ពេក​នឹង​ត្រូវ​ដោះស្រាយ​បាន​ ពេលណា​ការ​សង់​ពន្ធនាគារ​នៅ​ខេត្ត​ប៉ៃលិន កំពត ឧត្តរមានជ័យ សៀមរាប និងបាត់ដំបង​រួចស្រេច​ហើយ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស