កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុគ្គលិកសណ្ឋាគារសូហ្វីតែល ពីរនាក់ពីបទលួចគ្រឿងអលង្ការដែលមានតម្លៃជាង២០០.០០០ដុល្លារ ចេញពីទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ទោមួយរូបនៅក្លឹបហាត់ប្រាណក្នុងសណ្ឋាគារនេះ នេះបើតាមយោងតាមមន្ត្រីបានលើកឡើង។
លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បានមានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលជានាយកទីចាត់ការការងារព្រំដែននៃក្រសួងការពារជាតិបានផ្អើលឆោឡោបាត់គ្រឿងអលង្ការនេះកាលពីថ្ងៃសុក្រ នៅពេល គ្រឿងអលង្ការទាំងនោះបានបាត់ពីទូដាក់សម្ភាររបស់លោក បន្ទាប់ពីហែលទឹកក្នុងសណ្ឋាគារដ៏ប្រណីតនៅក្នុងរាជធានីភ្នំពេញនេះ។ លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានបាត់ខ្សែកមួយខ្សែ ផ្លាកដៃមួយខ្សែ និងចិញ្ចៀនមួយវង់ ដែលមានតម្លៃសរុបជាង២០០.០០០ដុល្លារ”។
លោក កែវ សុជាតិ បានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនអ្នកទទួលភ្ញៀវម្នាក់ និងគ្រូបង្ហាត់ហែលទឹកម្នាក់ដែលបម្រើការងារនៅសណ្ឋាគារនេះ ប៉ុន្តែ លោកមិនបានបញ្ចេញឈ្មោះរបស់ពួកគេទេ។ ផ្អែកលើរបាយការណ៍របស់មន្ត្រីសើុបអង្កេត លោក កែវ សុជាតិ បានមានប្រសាសន៍ថា លោកបានចោទប្រកាន់ពួកគេកាលពីម្សិលមិញពីបទចោរកម្ម។
លោកបានលើកឡើងថា “នៅពេលខ្ញុំសាកសួរពួកគេ ពួកគេទាំងពីរបានបដិសេធថា ពួកគេមិនបានលួចគ្រឿងអលង្ការទាំងនោះទេ”។
លោក ឡឹក វណ្ណៈ នាយរងនគរបាលព្រហ្មទណ្ឌ បានមានប្រសាសន៍ថា នគរបាលរបស់លោកបានចាប់ខ្លួនជនសង្ស័យទាំងនេះ បន្ទាប់ពីមើលរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព ហើយបានពិនិត្យមើលឃើញថា គ្រូបង្ហាត់ហែលទឹកបានប្រើកូនសោមួយដែលអ្នកទទួលភ្ញៀវក្នុងសណ្ឋាគារផ្តល់ឲ្យដើម្បីបើកទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ទោ សៀក សុជាតិ និងលួចយករបស់របបមានតម្លៃរបស់លោក។
លោកបានមានប្រសាសន៍ថា “ពួកគេបានលួចគ្រឿងអលង្ការទាំងនោះ ប៉ុន្តែ រហូតមកទល់ពេលនេះ យើងមិនទាន់រកវាឃើញទេ”។ លោកបានបន្តថា ឧត្តមសេនីយ៍ទោ សៀក សុជាតិ ត្រូវបានអមការពារដោយអង្គរក្សម្នាក់ដែលបានដើរតាមលោកចូលទៅក្នុងក្លឹបហាត់ប្រាណ ប៉ុន្តែ មិនបានស្ថិតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងរក្សាទុកសម្ភារទេ។
លោក ឆាល ហេនរី ឆេវីដ (Charles Henri Chevet) នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារសូហ្វីតែល បានមានប្រសាសន៍ថា លោកក៏បានមើលរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពដែរ ហើយជឿថា បុគ្គលិករបស់លោកគ្មានកំហុសទេ។ លោកបានមានប្រសាសន៍ថា “យើងអាចមើលឃើញយ៉ាងច្បាស់ថា បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកទាំងនេះមិនដែលបានដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងរក្សាទុកសម្ភារទេ ហើយបុគ្គលិកម្នាក់ទៀតបានដើរចេញចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ និងរក្សាទុកសម្ភារ។ នៅពេលជាមួយគ្នានោះអង្គរក្សស្ថិតបាននៅក្នុងបន្ទប់រក្សាទុកសម្ភាររហូត។ វាស្ទើរតែមិនអាចទៅរួចទេដែលថា បុគ្គលិករបស់យើងមានកំហុស”។
លោកបានលើកឡើងបន្តថា សណ្ឋាគារបានប្រគល់រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពឲ្យទៅនគរបាល និងតុលាការរួចហើយ។ “ចៅក្រមមិនព្រមមើលរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពដែលយើងផ្តល់ឲ្យទេ។ ខ្ញុំគិតថា ពួកគេចាំបាច់ត្រូវតែស្វែងរកអ្នកដែលមានកំហុស អ្នកដែលត្រូវទទួលខុសត្រូវ”។
ចៅក្រមស៊ើបសួរ ម៉ុង មុនីសោភា បានមានប្រសាសន៍ថា លោកនឹងមើលវីដេអូនោះនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍ទៀតថា ជនសង្ស័យកំពុងជាប់ឃុំនៅក្រសួងមហាផ្ទៃ។ “យើងចាំបាច់ត្រូវសាកសួរពួកគេបន្ថែមទៀត និងមើលវីដេអូបានមកពីសណ្ឋាគារ”៕សុខុម