38 C
Phnom Penh

មនុស្ស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​​ជួញដូរ​​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់ កាលពី​ពីរ​ថ្ងៃ​​កន្លង​មក​នេះ​ពីបទ​បញ្ជូន​​ស្ត្រី​ខ្មែរ​យ៉ាង​តិច​ចំនួន​បួន​នាក់​ ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​មួយ​ឆ្នាំ​មុន​។

លោក កែវ ធា នាយការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​​ បាន​លើក​ឡើង​ថា ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ទាំង​បួន​នាក់​​​​ដែល​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​ចិន​​​បាន​ត្រឡប់​មក​​វិញ​ហើយ​​កាលពី​ថ្ងៃអង្គារ បន្ទាប់​ពី​នគរ​បាល​ចិន​បាន​ឃាត់​នាង​នៅ​​អាកាស​យានដ្ឋានមួយ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​អាទិត្យ​។

​លោក​​បាន​មាន​ប្រសាសន៍​ថា ​”នគរ​បាល​ចិន​បាន​ឃាត់​នាង​​នៅ​អាកាស​យាន​ដ្ឋាន​”។ លោក​បាន​គូស​បញ្ជាក់​​ថា នាង​​បាន​វង្វេង​ផ្លូវ​ ហើយ​​បាន​សុំជំនួយពី​នគរ​បាល​ចិន​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “នៅ​ពេល​នគរ​បាល​ចិន​​បាន​បញ្ជូន​នាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ជនសង្ស័យ​បាន​ដឹង​រឿង​នេះ​ ហើយ​ទាមទារ​ប្រាក់​​១០.០០០​ដុល្លារពីនាង​​ជា​ថ្លៃ​សម្រាប់​ការ​រៀបចំ​​នៅ​ក្នុង​ការ​បញ្ជូន​នាង​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​”។

លោក កែវ ធា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ជនសង្ស័យ​បាន​សារភាព​ថា ចាប់​តាំង​ពី​​ឆ្នាំ​​មុន​មក ​ពួកគេ​បាន​ជួញដូរ​ស្ត្រី​អស់​ចំនួន​បីនាក់​​រួច​ហើយ​ដើម្បី​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​”។

លោក កែវ ធា បាន​លើក​ឡើង​ទៀត​ថា គេ​មិន​ដឹង​ថាស្ត្រី​ខ្មែរ​ទាំង​បីនាក់​នេះ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​រស់​នៅ​កន្លែង​ណា​ឡើយ ហើយ​លោក​បាន​បង្វែរ​សំណួរ​បន្ថែម​ទៀត​ទៅ​លោក​ ម៉ក់ ដារ៉េន មន្ត្រី​នគរ​បាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​​ករណី​នេះ​។

លោក ម៉ក់ ដារ៉េន បាន​លើក​ឡើង​ថា ក្រោយ​ពេល​ជនសង្ស័យទាំង​បី​នេះ​ទារ​ប្រាក់​​១០.០០០​ដុល្លារ​ពី​ស្ត្រី​ដែល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​អង្គារ ស្ត្រី​រូប​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​នគរ​បាល​។

លោក​ ម៉ក់ ដារ៉េន បាន​មាន​ប្រសាសន៍​ថា “កាលពី​ព្រឹក​ថ្ងៃអង្គារ​ យើង​ទទួលបាន​ពាក្យ​បណ្ដឹង​មួយ​ពី​ស្ត្រី​​រូប​នេះ​ ដោយ​ចោទ​ប្រកាន់ជនសង្ស័យ​ថា​ បាន​ជួញដូរ​នាង​ទៅ​ប្រទេស​ចិន។ បន្ទាប់ពី​យើង​ទទួល​បាន​ពាក្យ​បណ្ដឹង​ យើង​​បាន​ចាប់​ខ្លួន​ស្ត្រី​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល​ថ្ងៃអង្គារ​ដើម្បី​សាកសួរ​ ហើយ​នៅ​ព្រឹក​នេះ​យើង​​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​បន្ថែម​ទៀត​”។

លោក​ ម៉ក់ ដារ៉េន បាន​​ប្រាប់​អត្តសញ្ញាណ​របស់​ស្ត្រី​ដែល​ត្រឡប់​ពី​ប្រទេសចិន​មក​វិញ​ថា មានឈ្មោះ ឃឿន អាំ អាយុ​២១​ឆ្នាំ អតីត​កម្មការិនី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ រីឯជន​សង្ស័យ​ទាំង​បី​​នាក់​នោះ​​​វិញ​​មាន​ឈ្មោះ​ដូច​ជា ចាន់ ឌី អាយុ​២៦​ឆ្នាំ បឿន សុលីន អាយុ​៣៣​ឆ្នាំ និង​ ជរ ឆោន អាយុ​៣៨​ឆ្នាំ។

លោក ម៉ក់ ដារ៉េន ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ជនសង្ស័យ​បាន​ឲ្យ​ប្រាក់​ទៅ​គ្រួសារ​របស់​​ ឃឿន អាំ ចំនួន​១.០០០​ដុល្លារ​ជា​ថ្នូរ​ដើម្បី​ឲ្យ​នាង​យល់​ព្រមទៅ​ប្រទេស​ចិន​។ លោក​បាន​បន្ថែមថា “នៅ​ពេល​ជនរងគ្រោះ​បាន​​ទៅ​ដល់​ប្រទេសចិន​ គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​តែ​បង់​ប្រាក់​មក​​ឲ្យ​ជនសង្ស័យ​វិញ​ចន្លោះ​ពី​៣០០ទៅ​៤០០ដុល្លារ​ សម្រាប់​សេវា​រត់ការ​ផ្សេងៗ​”។

លោក ម៉ក់ ដារ៉េន បាន​ឲ្យ​ដឹង​​ទៀត​ថា ជនសង្ស័ទាំង​បី​នាក់​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​រាជធានី។ លោក​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃស្អែក​ យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​សាលា​ដំបូង​រាជធានី​ដើម្បី​ចោទ​ប្រកាន់​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស