39.4 C
Phnom Penh

នគរ​បាល​​ឆែក​ឆេរ​រក​ឃើញ​អាវុធ​​បន្ថែម​ទៀត​នៅ​ក្នុង​​ផ្ទះ​របស់​លោក ថោង សារ៉ាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ នគរ​បាល​រាជធានី​ និង​មន្ត្រី​តុលាការ​​បាន​ចូល​ទៅ​ឆែកឆេរ​ក្នុង​គេហដ្ឋាន​ចំនួន​បី​ទៀត​របស់​គ្រួសារ​​ឧត្ដម​សេនីយ៍ទោ​ ថោង សារ៉ាត់​ អតីត​មន្ត្រី​នៅ​ក្រសួង​​ការ​ពារ​ជាតិ​​ដែល​កំពុង​រត់គេច​ខ្លួន​ ដោយ​​រឹបអូស​បាន​កំាភ្លើង​អាកា​៤៧​ចំនួន​បី​ដើម នៅ​ក្នុង​គេហដ្ឋាន​មួយ​ក្នុង​ចំណោម​គេហដ្ឋាន​ទាំង​បី​នេះ​ មួយ​ថ្ងៃ​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បដិសេធ​​សំណើ​សុំនៅ​ក្រៅឃុំ​របស់​​ឪពុក​ម្ដាយ​​ឧត្ដម​សេនីយ៍​ទោ​រូប​នេះ​។​

​ការ​រឹបអូស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាង​១ខែ​ បន្ទាប់ពីការ​ឆ្មក់​ចូល​ស្រដៀង​គ្នា​នេះ​ទៅ​ក្នុង​ភូមិគ្រឹះ​ផ្សេង​​ៗ​ទៀត​​របស់​លោក ថោង សារ៉ាត់ ​អតីត​នាយ​រង​ខុទ្ទការល័យ​​​នៅ​​ក្រសួង​ការ​ពារ​ជាតិ​ ដែល​​នគរ​បាល​បាន​លើក​ឡើង​ថា បាន​ជួយ​ខ្លួន​​ឲ្យ​​រក​ឃើញ​ភ័ស្តុ​តាង​ដែល​ដាក់​បន្ទុក​លើ​អតីត​ឧត្ដម​សេនីយ៍ទោរូប​នេះ​ នៅ​ក្នុង​ការ​ធ្វើ​ឃាត​លោក អុឹង ម៉េងជឺ ប្រធាន​​ក្រុម​ហ៊ុន Shimmex កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា។

លោក ថោង ចំរើន និង​អ្នកស្រី កែវ សាវី ដែល​ជា​​ឪពុក​ម្ដាយ​របស់លោក ថោង សារ៉ាត់ ​​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រក្សា​អាវុធ​ដោយ​ខុស​ច្បាប់ ហើយ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​ពួកគាត់​កាលពី​ថ្ងៃ​អង្គារ។

លោក ព្រំ សារឿន នាយរង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​​​​នៅ​ក្រសួង​មហាផ្ទៃ​ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា នគរ​បាល​រាជធានី និង​មន្ត្រី​តុលាការ​​បាន​ចុះ​ទៅ​ឆែកឆេរ​​គេហដ្ឋាន​​ចំនួន​បី​របស់​គ្រួសារ​លោក ថោង សារ៉ាត់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិនបាន​រកឃើញ​អ្វី​ទេ​នៅ​ក្នុង​ផ្ទះ​ទី១។ ក្រោយ​អាហារ​ថ្ងៃ​ត្រង់​រួច យើង​បាន​បន្ត​ចុះ​ឆែកឆេរ​នៅ​ផ្ទះ​ចំនួន​ពីរ​ផ្សេង​ទៀត និង​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក​ ថោង សារ៉ាត់ ហើយ​នគរ​បាល​រឹបអូស​បាន​កាំភ្លើង​អាកា​៤៧​ចំនួន​បី​ដើម កំាភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​កាំភ្លើង​ប្រហែល​១៤គ្រាប់”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស